(កូរ៉េខាងត្បូង)៖ ព័ត៌មានអំពីការមានផ្ទៃពោះរបស់ HyunA បានផ្សព្វផ្សាយលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទោះជាយ៉ាងណាក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះបានបដិសេធ។

HyunA ដែលបានប្រកាសត្រៀមរៀបការជាមួយតារាចម្រៀង Yong Jun Hyung ថ្មីៗនេះព័ត៌មានអំពីការពពោះរបស់តារាចម្រៀងស្រីរូបនេះបានសាយភាយពេញបណ្ដាញសង្គម។ នៅថ្ងៃទី២៩ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងរបស់ HyunA ឈ្មោះ At Area បានប្រាប់ Star News ថា «ពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះរបស់ HyunA គឺគ្មានមូលដ្ឋានទាំងស្រុង។ យើងសង្ឃឹមថាព័ត៌មានមិនពិតបែបនេះមិនបន្តរីករាលដាលផ្សព្វផ្សាយទៀតឡើយ»។
ពាក្យចចាមអារ៉ាមនេះបានកើតឡើងដោយសារក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ HyunA លែងសូវបញ្ចេញក្បាច់រាំ ជាពិសេស តារាចម្រៀងស្រីរូបនេះបានសម្តែងនៅឆាក Summer Night Race ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដានាងបានសម្តែងបទចម្រៀងដូចជា Bubble Pop, I’m Not Cool និង RED ។

ទោះជាយ៉ាងណាក៏ដោយ HyunA បានបង្ហាញអាកប្បកិរិយាខុសប្លែកពីគេ ដោយនិយាយថា មានភាពស្ងប់ស្ងាត់ និងសុភាពជាងមុន។ តារាចម្រៀងស្រីរូបនេះបានពុំសូវមានចលនា និងកាត់បន្ថយក្បាច់រាំពិបាកៗច្រើន។
HyunA ត្រៀមរៀបការជាមួយ Yong Jun Hyung ក្រោយទាក់ទងគ្នាជាសាធារណៈរយៈពេល ៦ ខែ។ ពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះបានធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា នៅ Samcheonggak ក្នុងទីក្រុងសេអ៊ូល៕

ចែករំលែកព័តមាននេះ