ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នដាច់ផ្ងារ ! នាយករដ្ឋមន្ត្រីអាចក្លែងកាយក្តាប់សភាពការណ៍ផ្ទាល់

1 ខែ មុន
  • ភ្នំពេញ

នាយក​រដ្ឋមន្ត្រី​លេង​មួយ​ក្បាច់ អាជ្ញាធរ​ខេត្តសៀមរាប និង​អ្នក​ពាក់ព័ន្ធ​សឹង​ដាច់​ផ្ងារ ប៉ុន្តែ​សំណាង​ដោយសារ​តែ​របាយការណ៍ និង​ព័ត៌មាន​ពិតប្រាកដ ដែល​បាន​ទទួល​មក​បង្ហាញ​ថា មាន​ភាព​ប្រហាក់ប្រហែល​គ្នា ។ នៅ​មុន​ពេល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សារមន្ទីរ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី…

0:00
0:00

នាយក​រដ្ឋមន្ត្រី​លេង​មួយ​ក្បាច់ អាជ្ញាធរ​ខេត្តសៀមរាប និង​អ្នក​ពាក់ព័ន្ធ​សឹង​ដាច់​ផ្ងារ ប៉ុន្តែ​សំណាង​ដោយសារ​តែ​របាយការណ៍ និង​ព័ត៌មាន​ពិតប្រាកដ ដែល​បាន​ទទួល​មក​បង្ហាញ​ថា មាន​ភាព​ប្រហាក់ប្រហែល​គ្នា ។

នៅ​មុន​ពេល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សារមន្ទីរ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌ ស្ថិត​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ក្លែង​កាយ ពាក់​ម៉ាស់ និង​ស្លៀកពាក់​ធម្មតា ជា​ប្រជាពលរដ្ឋ​សាមញ្ញ ហើយ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​នៅ ផាប់ ស្ទ្រី​ត ដែល​ជា​កន្លែង​រាត្រី​ចម្រុះ​ពណ៌ សម្រាប់​អ្នក​ទេសចរណ៍ នៅ​ខេត្តសៀមរាប ដើម្បី​ក្តាប់​សភាពការណ៍​ពិតប្រាកដ​អំពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត ។

នៅ​ក្នុង​ពិធី​នោះ​លោក​បាន​បង្ហើប​ថា ក្រោយ​ពី​ចុះ​ស្តាប់​សភាពការណ៍ គឺ​ឃើញ​ថា ព័ត៌មាន​ដែល​បាន​ទទួល​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​របាយការណ៍​ពី​ខេត្តសៀមរាប ពី​ក្រសួងទេសចរណ៍ គឺ​ឃើញ​ថា មាន​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា ហើយ​ក៏​មិន​បាន​ព្រមាន​មន្ត្រី​ក្រោម​ឱវាទ​ណា​ម្នាក់​ឡើយ ប៉ុន្តែ​បាន​បង្ហើប​ថា ទៅ​ថ្ងៃ​មុខ​សម្តេច​អាច​នឹង​ប្រែកាយ​បែប​នេះ​បន្ថែម​ទៀត ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​ក៏​បាន​បង្ហើប​អំពី​បែបបទ​នៃ​ការ​ធ្វើការ​មួយ​ចំនួន​ដែល​បាន​កំពុង​ធ្វើ និង​បន្ត​ធ្វើ​បន្ថែម​ទៀត ។ សម្តេច​បាន​សង្កត់ធ្ងន់​ថា មុន​នឹង​ស​ម្រេ​ចិត្ត​ចាត់វិធានការ​ណ៍ ឬ​ដោះស្រាយ​ករណី​ណាមួយ គឺ​សម្តេច​ផ្អែក​នៅ​លើ​មូលដ្ឋាន​របាយការណ៍ បន្ទាប់​មក​សម្តេច​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ​នៅ​ក្នុង​ក្រុមការងារ​ផ្ទាល់​ចុះ​អង្កេត​បន្ថែម ហើយ​ផ្ទៀងផ្ទាត់ ។

បន្ថែម​ពី​នេះ សម្តេច​ក៏​អាច​នឹង​ប្រែកាយ​ចុះ​មក​ពិនិត្យ​ស្ថានភាព​ពិត ដូចដែល​សម្តេច​បាន​ធ្វើ​កាលពី​រាត្រី​ថ្ងៃ​ទី​១៧ នៅ​ផាប់​ស្ទ្រី​ត​នេះ​ដែរ ។ សម្តេច​ធិ​បតី​បាន​បន្ថែម​ថា នៅ​ឆ្នាំ​ទី​មួយ​នៃ​អាណត្តិ​នេះ សម្តេច​អាច​នឹង​ពាក់​ក្រវាត់ក និង​ស្លៀក​សម្លៀក​បំពាក់​ផ្លូវការ​ច្រើន​ជាង​ធម្មតា ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ទី​២ ទៅ​សូម​ត្រៀម ជា​ពិសេស​មន្ត្រី និង​រដ្ឋមន្ត្រី ដែល​កំពុង​តែ​អនុវត្ត​គម្រោង​កម្មវិធី​អាទិភាព​នានា​ដែល​រាជ​ដ្ឋា​ភិ​បាល​បាន​ដាក់​ចេញ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា « ខ្ញុំ​បាន​ចុះហត្ថលេខា​ទម្លាក់​ថវិកា​ច្រើន​ណាស់ ដើម្បី​អនុវត្ត​គម្រោង​អាទិភាព​នានា ដូច្នេះ​ខ្ញុំ​មាន​សិទ្ធិ​នឹង​ចុះ​ស្វែងរក​ការ​ពិត និង​ចង់​ដឹង​ថា តើ​គម្រោង​ដែល​ដាក់​ចេញ​វា​មាន​ប្រសិទ្ធភាព​យ៉ាងណា​» ។ សម្តេច​ធិ​បតី​បាន​បង្ហើប​ទៀត​ថា គម្រោង​អាទិភាព​នានា​មាន​ដូច​ជា​អប់រំ និង​សុខាភិបាល ហើយ​សម្តេច​អាច​នឹង​ចុះ​ទៅ​មើល​ទារកដ្ឋាន​ឫ​ក៏​មណ្ឌល​សុខភាព ហើយ​អត់អោយ​នរណា​ដឹង​ទេ ខណៈ​ដែល​រដ្ឋមន្ត្រី​សា​ម៉ី​ក្រសួង អាច​ដឹង​មុន​១០​នាទី ហើយ​ហៅ​ឡើង​ឡាន​ទៅ​មើល​ជាមួយ​គ្នា ។

ផ្អែក​តាម​ប្រសាសន៍​បែប​នេះ មន្ត្រី​ដែល​ទទួល​បន្ទុក​អនុវត្ត​រាល់​គម្រោង​អាទិភាព​នានា ដែល​មាននៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៧ ដែល​បាន​ដាក់​ចេញ សូម​ត្រៀម​ទុក​អោយ​ហើយ ខណៈ​ដែល​ពលរដ្ឋ​ក៏​ត្រូវ​តែ​ត្រៀមចាំ​មើល​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល នៅ​ក្នុង​ករណី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង ប៉ុន្តែ​កន្លង​មក រាជរដ្ឋាភិបាល​ធ្លាប់​បាន​លេង​ធម៌​ក្តៅ​ខ្លះ​រឿង​គ្រឿង​ញៀ​.​ន និង មន្ត្រី​អសកម្ម​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ