ពិតជាស្រស់ស្អាតណាស់ ស្ត្រីម្នាក់ផលិតសូត្រ និងកន្សែងសូត្រ បន្តវេនពីដូនតា ខណៈទឹកដៃ នៅតែស្រស់ស្អាត មានគុណភាព ប្រកបដោយសិល្បៈរស់រវើក មានការគាំទ្រច្រើនពីសំណាក់បងប្អូនអ្នកប្រើប្រាស់ ។
ជាការពិត ការស្រលាញ់កេរ្តិ៍ដំណែលខ្មែរ និងចង់ជួយលើកកម្ពស់ឲ្យស្ត្រីមេផ្ទះ មានការងារធ្វើ ដោយអាចរកប្រាកចំណូលបាន ស្ត្រីរូបនេះតស៊ូប្រកបមុខរបរតម្បាញសូត្រ តជំនាន់ពីម្ដាយ រហូតបើករបរជាលក្ខណៈគ្រួសារពីរកន្លែង ក្រោយមុខរបរតម្បាញសូត្រខ្មែរ ដោយដៃផ្ទាល់ពីបុរាណនេះមានការប្រើប្រាស់ និងការគាំទ្រផលិតផលខ្មែរដែលផលិតចេញពីសរសៃរសូត្រធម្មជាតិ សត្វដង្កូវនាងនោះ ។

ជាមួយគ្នា ដើម្បីបាននូវសរសៃរសូត្រ មកតម្បាញជាក្រណាត់ ហូលផាមួង ក្រមា កាបូប ភួយ និងកន្សែងសូត្រពីដានដោយយកស្លឹកឈើស្រស់ៗមកផលិត ជារូបរាងរចនាម៉ូត យ៉ាងល្អប្រណិត ។
គួរជម្រាបដែរថា ក្រណាត់ហូល កន្សែងសូត្រខ្មែរ ត្រូវបានគេពេញនិយមប្រើ និងឲ្យតម្លៃខ្ពស់បំផុត ដោយត្រូវការប្រើក្នុងកម្មវិធីមង្គលការ ពិធីផ្សេងៗ ដោយជាផលិតមានគុណភាពល្អ និងប្រណិតភាព ។
តាមរយ:បទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព អ្នកស្រី ម៉ន សារឿតជាអ្នកតម្បាញ លើកឡើងថា ការប្រកបរបរនេះតជំនាន់ពីយូរលង់ណាស់មកហើយ ដោយមកដល់បច្ចុប្បន្ននេះជាង១០ឆ្នាំ ដែលអ្នកស្រីបន្តវេនពីម្ដាយរហូតមក ។ អ្នកស្រី សារឿត បន្តថា ការផលិតសូត្រខ្មែរនេះ គឺមានការបូករួមផ្សំពីវត្ថុធាតុដើមដែលយើងអាចយកមកពីធម្មជាតិបានដែលមាននៅជុំវិញខ្លួនយើងដោយប្រើឧបករណ៍ខ្មែរពីបុរាណ សរសៃរអំបោះពីក្របាស សរសៃរសូត្រមាស បានមកពីដង្កូវនាង ប្រើល័ក្ខពីធម្មជាតិ ល័ក្ខបានមកពីល័ក្ខជុំកន្លង់ ស្លឹកចេក ស្លឹកឆ័ត្រ ព្រហូត យកស្លឹកឈើស្រស់មកពីដានពីលើក្រណាត់ហូល រួចយកទៅច្នៃរចនាម៉ូតក្បាច់ខ្មែរ ជាកន្សែងសូត្រស្លឹកឈើ ម៉ូតកាបូប ផ្សេងៗ ។

ស្ត្រីតម្បាញ សារឿត បន្តថា ដើម្បីបាននូវរូបរាងស្រស់ស្អាតចេញធម្មជាតិ ការផលិតនេះ គឺមានជាដំណាក់កាលនីមួយៗ ដោយសូត្រត្រូវយកទៅជ្រលក់ពណ៌ តាមតម្រូវការពណ៌នីមួយៗ ហើយយកមកតម្បាញចេញជាក្រមា ឬហូល មានសម្រស់ល្អប្រណិត គួរឲ្យទាក់ទាញ ។ អ្នកស្រីនិយាយថា ការផលិត ឬតម្បាញនេះ មានផលលំបាក ដោយយើងត្រូវប្រើពេលវេលាយូរ ព្រោះការធ្វើឡើងដោយដៃផ្ទាល់ មានភាពផ្ចិតផ្ចង់ និងចម្រាញ់យកវត្ថុធាតុដើម ពីធម្មជាតិសុទ្ធឆ្លងកាត់មានច្រើនដំណាក់កាលទម្រាំបានជាផលិតផលសម្រេច ។
អ្នកស្រី សារឿត បន្តថា ការបង្កើតនូវមុខរបរមួយនេះដោយហេតុថា គ្រួសារកើតក្នុងត្រកូលអ្នកតម្បាញ និងការចិញ្ចឹមនាង ផលិតសរសៃសូត្រ ជាផលិតផលខ្មែរបុរាណ ដែលមានតាំងសម័យកាលយូរណាស់មកហើយ ហើយវាក៏ជាកេរ្តិ៍ដំណែលខ្មែរ បន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ ។

មួយវិញទៀតនោះ អ្នកស្រីថា គោលបំណងដែលខ្លួនបង្កើតមុខរបរមួយនេះ ដោយការមើលឃើញ គឺចង់ជួយលើកកម្ពស់ស្ត្រីជួយឲ្យស្ត្រីមេផ្ទះគ្រប់រូប មានការងារធ្វើ អាចរកប្រាក់ចំណូលបានដោយខ្លួនឯង ដូចជា ស្ត្រីមេម៉ាយ អ្នកអត់មានចំណេះដឹង អត់មានការងារធ្វើ មិនមានជំនាញជាក់លាក់ ដោយមិនបាច់ធ្វើចំណាក់ស្រុកទៅឆ្ងាយពីគ្រួសារ ឆ្ងាយកូនៗឡើយ ។ ចំពោះមុខរបរតម្បាញសូត្រនេះ អ្នកស្រី សារឿតថា ស្ត្រីចូលរួមធ្វើកិច្ចការងារតម្បាញនេះ នៅខេត្តបន្ទាយមានជ័យ មាន១០០គ្រួសារ នៅខេត្តសៀមរាប២៥គ្រួសារ។
បើងាកមកប្រាក់ចំណូលវិញ អាចរកបានក្នុង១ខែចន្លោះ ២០០ដុល្លាទៅ៣០០ដុល្លាទៅតាមប្រភេទការងារជាក់ស្តែង ។ ចំពោះការផលិតហូលពីដាន កន្សែងសូត្រដែលមានរចនាម៉ូតរូបរាងស្អាតល្អប្រណិតនោះ គឺជាការផលិតនៅខេត្តសៀមរាប ដោយយើងយកស្លឹកឈើស្រស់ៗពីធម្មជាតិ មកពីដានពីលើកន្សែងសូត្រពីធម្មជាតិ និងផ្សំឡើង ដោយវត្ថុធាតុដើមដោយការប្រើជាមួយពណ៌ល័ក្ខពីធម្មជាតិ ។

គួរបញ្ជាក់ដែរថា នេះជាផលិតផលខ្មែរដែលមានភាពស្រស់ស្អាតជួយលើកកម្ពស់វប្បធម៌ជាតិខ្មែរថែមទាំងមានគុណភាពល្អ សម្រាប់អ្នកប្រើប្រាស់ និងមានភាពថ្លៃថ្នូរ ។ ក្នុងនោះដែរ អ្នកស្រីសារឿតសំណូមពរឲ្យបងប្អូនយើងចូលរួមលើកស្ទួយក្នុងកិច្ចការការងារមួយនេះ និងគាំទ្រទៅលើរបរតម្បាញ ដើម្បីមានភាពរីកចម្រើន ក៏ដូចជា លើកកម្ពស់វប្បធម៌ជាតិខ្មែរជាពិសេសយើងលើកកម្ពស់ និងឲ្យតម្លៃលើស្ត្រីមេផ្ទះឲ្យគាត់មានការងារធ្វើច្បាស់លាស់ ៕ដោយឡុង សំនៀង




ចែករំលែកព័តមាននេះ