ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU ទះកំផ្លៀ.ងឡានអគ្គិសនីចិនជាមួយពន្ធថ្មី តើនរណាជាអ្នកឈ្នះ និងចាញ់?

3 ថ្ងៃ មុន

បរទេស ៖ សហភាពអឺរ៉ុប ឬ EU បានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលជាចាត់

បរទេស ៖ សហភាពអឺរ៉ុប ឬ EU បានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលជាចាត់វិធានការថ្មី ដើម្បីការពារឧស្សាហកម្មរបស់ប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ពិភពលោក។

យោងតាមប្រភពពីសារព័ត៌មាន BBC កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានរាយការណ៍ថា ពន្ធនាំចូលថ្មីលើរថយន្តអគ្គិសនីរបស់ចិនមានចាប់ពី ១៧.៤% រហូតដល់ ៣៧.៦% ដែលលើសពីចំនួនពន្ធ ១០% ដែលត្រូវបានដាក់រួចហើយសម្រាប់រថយន្តអគ្គិសនីទាំងអស់ ដែលនាំចូលពីប្រទេសចិន។ ចំណាត់វិធានការនេះ អាចបង្កើនតម្លៃរថយន្តអគ្គិសនីចិននៅទូទាំងសហភាពអឺរ៉ុប ដោយធ្វើឱ្យពួកគេមិនអាចលក់ក្នុងតម្លៃសមរម្យដល់អ្នកប្រើប្រាស់អឺរ៉ុប។ ចំណាត់ការនេះ ក៏ជាការវាយប្រហារដ៏ធំមួយលើរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលកំពុងតែស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ។

សហភាពអឺរ៉ុប គឺជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេស​ចិន ហើយប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ កំពុងពឹងផ្អែកលើផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីជួយស្តារសេដ្ឋកិច្ចខ្លួន ក្រោយជំងឺរាតត្បាតកូវីដ-១៩។ មន្ត្រីសហភាពអឺរ៉ុបថ្លែងថា ការកើនឡើងការនាំចូលរថយន្តអគ្គិសនីរបស់ចិន ត្រូវបានជំរុញដោយការឧបត្ថម្ភធនមិនយុត្តិធម៌របស់រដ្ឋាភិបាល ដែលអនុញ្ញាតឱ្យរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ត្រូវបានលក់ក្នុងតម្លៃទាបជាងផលិតផលដែលផលិតនៅសហភាពអឺរ៉ុប។

ប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ ម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលទីក្រុងប៉េកាំងកំពុងឧបត្ថម្ភធនលើការផលិតលើសពីនេះ ដើម្បីវាយលុកទីផ្សារលោកខាងលិចជាមួយនឹងការនាំចូលក្នុងតម្លៃថោក។ ការដំឡើងពន្ធថ្មី ត្រូវបានប្រកាសចូលជាធរមាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះផ្ទាល់តែម្តង ប៉ុន្តែបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបណ្តោះអាសន្ន ដោយសារតែការស៊ើបអង្កេតលើការគាំទ្ររបស់រដ្ឋាភិបាលចិន ចំពោះបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅតែបន្ត ដែលមានន័យថា ការដាក់ពន្ធថ្មី ទំនងជាមិនត្រូវបានអនុវត្តរហូតដល់ចុងឆ្នាំនេះ។ ដូច្នេះតើអ្នកណាជាអ្នកឈ្នះ និងអ្នកចាញ់ដ៏មានសក្តានុពល នៅក្នុងជម្លោះពាណិជ្ជកម្មនេះ?

មិនមែនត្រឹមតែក្រុមហ៊ុនចិនប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរនេះ ប៉ុន្តែបណ្តាក្រុមហ៊ុនលោកខាងលិច ដែលផលិតរថយន្តនៅក្នុងប្រទេសចិន ក៏ស្ថិតក្រោមការត្រួតពិនិត្យដោយសហភាពអឺរ៉ុបផងដែរ។ តាមរយៈការដាក់ពន្ធថ្មី សហភាពអឺរ៉ុបបានអះអាងថា ខ្លួនកំពុងព្យាយាមកែតម្រូវនូវអ្វីដែលមើលឃើញថា គឺជាការបង្ខូចទីផ្សារទ្រង់ទ្រាយធំ។ ចំណាត់ការរបស់សហភាពអឺរ៉ុប ហាក់ដូចជានៅមានភាពស្រពេចស្រពិល បើធៀបទៅនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ សម្រាប់ការដំឡើងពន្ធលើរថយន្តអគ្គិសនីចិនរហូតដល់ ១០០% ប៉ុន្តែអ្នកជំនាញមើលឃើញថា ផលវិបាកអាចមានច្រើនជាងនេះ។

រថយន្តអគ្គិសនីចិន គឺជាការមើលឃើញដ៏កម្រមួយនៅលើដងផ្លូវនៅសហរដ្ឋអាមេរិក ប៉ុន្តែជាទូទៅមានច្រើននៅសហភាពអឺរ៉ុប។ ចំនួនរថយន្តអគ្គិសនីចិន ដែលបានលក់នៅទូទាំងសហភាពអឺរ៉ុបបានកើនឡើងពីត្រឹមតែ ០.៤% ក្នុងឆ្នាំ ២០១៩ រហូតដល់ជិត ៨% កាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីក្រុមហ៊ុនដឹកជញ្ជូន និងបរិស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែល​ហ្ស៊ិក។

រដ្ឋាភិបាលចិនបានដាក់ការភ្នាល់ដ៏ធំសម្បើមលើរថយន្តអគ្គិសនី។ ជាក់ស្តែង យោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានបង្ហាញថា ចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ ជំនួយរបស់រដ្ឋចិនជាង ២៣០ពាន់លានដុល្លារ ត្រូវបានបញ្ចូលទៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។ ហើយជាលទ្ធផល ឧស្សាហកម្មរថយន្តអគ្គិសនីចិន បច្ចុប្បន្នបានឈានមុខគេលើពិភពលោក។

ទីភ្នាក់ងារថាមពលអន្តរជាតិបានអះអាងថា ប្រទេសចិនមានចំនួនច្រើនជាង ៦០% នៃការលក់រថយន្តអគ្គិសនីថ្មីរបស់ពិភពលោក កាលពីឆ្នាំមុន។ ខណៈរថយន្តអគ្គិសនីភាគច្រើន ដែលផលិតនៅក្នុងប្រទេសចិន ត្រូវបានលក់ក្នុងស្រុក ទីផ្សារក្រៅប្រទេស និងជាពិសេសនៅអឺរ៉ុប កាន់តែមានសារៈសំខាន់។

យ៉ាងណាមិញ លោក Gregor Sebastian អ្នកវិភាគជាន់ខ្ពស់របស់ Rhodium ដែលជាក្រុមហ៊ុនវិភាគ និងស្រាវជ្រាវឯករាជ្យលើគោលនយោបាយរបស់ប្រទេសចិន បានលើកឡើងថា ការនាំចេញ គឺជាផ្នែកដែលរកប្រាក់ចំណេញ។ ពន្ធគយរបស់សហភាពអឺរ៉ុប នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន ដោយសារតែការនាំចេញទាំងនេះជួយស្ដារការខាតបង់ពីសង្គ្រាមតម្លៃក្នុងស្រុករបស់ប្រទេសចិន។

ទន្ទឹមនឹងនេះផងដែរ ចិន ដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ ពិភពលោក កំពុងតែតស៊ូដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ និងវិបត្តិអចលនទ្រព្យ ដែលកំពុងអូសបន្លាយមកទល់ពេលបច្ចុប្បន្ន។

ដោយឡែក លោកស្រី Alicia Garcia-Herrero ប្រធានសេដ្ឋវិទូប្រចាំអាស៊ីប៉ាស៊ីហ្វិក នៅធនាគារវិនិយោគ Natixis បានលើកឡើងថា ដោយប្រឈមមុខនឹងការប្រើប្រាស់ក្នុងស្រុក និងកម្រិត​វិនិយោគទាប ប្រទេសចិនកំពុងព្យាយាមស្វែងរកផ្លូវចេញពីការធ្លាក់ចុះនេះ។ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងដាក់ការភ្នាល់ដ៏ធំមួយផ្សេងទៀតលើរថយន្តអគ្គិសនី ដោយធ្វើឱ្យឧស្សាហកម្មនេះ ក្លាយជាកត្តាជំរុញកំណើនថ្មីទាំងបី ដែលជាផែនការរបស់រដ្ឋាភិបាលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ដែលពឹងផ្អែកលើការនាំចេញអាគុយ និងថាមពលកកើតឡើងវិញផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត ដែលដាក់ពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងៗទៀតនោះ អ្នកជំនាញមើលទៅឃើញថា ប្រៀបដូចជាល្បែងចុងក្រោយរបស់ប្រទេសចិន ដែលអាចធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយនឹងដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយចំនួនរបស់ខ្លួន៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ