រាជធានីភ្នំពេញ ៖ តារាកំប្លែង លោកឈុំ ប៊ុនឈឿន ហៅនាយចេក បានចេញមុខបញ្ជាក់អះអាងថា ជីវិតរបស់លោកបច្ចុប្បន្ននេះ ពិតជាជួបការលំបាកពិតប្រាកដមែន ដោយមិនមែនជាការសម្តែង ដើម្បីទទួលការចាប់អារម្មណ៍ដូចការលើកឡើងពីមហាជនមួយចំនួនតាមបណ្តាញសង្គមនោះឡើយ ។

ការលើកឡើងខាងលើពីតារាកំប្លែងរូបនេះ គឺជាការឆ្លើយតបទៅកាន់មហាជនមួយចំនួន ដែលបាននាំគ្នារិះគន់មកលើរូបលោក ក្រោយមានការបង្ហោះរូបភាពវីដេអូខ្លីមួយបង្ហាញសកម្មភាពរបស់លោកកំពុងអង្គុយសំលៀងកាំបិត ជាមួយនឹងទឹកមុខដ៏ស្រងូតស្រងាត់គួរឲ្យអាណិត ។

តាមរយៈរូបភាពវីដេអូដែលបានឆ្លុះបញ្ចាំងពីភាពលំបាករបស់នាយ ចេក នាពេលនេះ ទន្ទឹមនឹងទទួលការអាណិតអាសូរពីមហាជនជាច្រើននោះ ក៏មានមហាជនខ្លះបានចាត់ទុកថា សកម្មភាពរបស់លោកនាពេលនេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ពោលមិនមែនជាការពិតនោះឡើយ ។

យ៉ាងណា ជុំវិញការយល់ឃើញខាងលើនេះ នាយ ចេក ក៏បានចេញមុខបញ្ជាក់ថា ជីវិតរបស់លោកនាពេលនេះ ពិតជាជួបការលំបាកប្រាកដមែន ដោយនៅក្នុងនោះអ្នកដែលបានមកឃើញទិដ្ឋភាពជាក់ស្តែងរបស់លោក គឺបានដឹងច្បាស់ពីស្ថានភាពរបស់លោក ដោយលោកមិនមែនសម្តែងនោះឡើយ ។

នាយចេក បានលើកតាមរយៈសារបង្ហោះលើបណ្តាញសង្គមថា ខ្ញុំបាទតាចេកសូមថ្លែងអំណរអគុណដល់បងប្អូនកូនក្មួយដែលមានចិត្តសប្បរសធម៌បានជួយដល់ខ្ញុំបាទតាមរយៈABA និងតាមលេខទូរស័ព្ទ បងប្អូនខ្លះក៏បានអញ្ជើញមកសួរសុខទុក្ខដល់ផ្ទះក៏គាត់បានដឹងថា ជីវិតពិតរបស់ខ្ញុំក្នុងពេលនេះ ខ្ញុំជួបការលំយ៉ាងណាហើយពីជីវិតពិតមិនមែនសម្ដែងដូចមតិដែលបាននិយាយទេ ។

ដោយពាក់ព័ន្ធទៅនឹងស្ថានភាពជីវិតបច្ចុប្បន្ននេះដែរ តាមរយៈបទសម្ភាសន៍នាយចេក បានលើកឡើងថា ក្នុងវ័យ៧០ឆ្នាំ បច្ចុប្បន្ន ក្រៅពីជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ លោកក៏កំពុងញីញាំជាប្រចាំដោយជំងឺលើសឈាម និងឈឺសន្លាក់ ប៉ុន្តែជំងឺទាំងនេះក៏មិនបានធ្វើឲ្យរាងកាយរបស់លោកទ្រុឌទ្រោមខ្លាំងនោះដែរ ។

លោកបន្តថា ក្រោយពេលដែលបានចេញពីមន្ទីរពេទ្យ ក្រោយធ្លាក់ខ្លួនឈឺមួយរយៈមក លោកក៏បាត់បង់ការសម្តែងកំប្លែងនេះតែម្តង ដោយលោកមិនដឹងមូលហេតុ ហើយរហូតមកទល់នាពេលនេះលោកខកខានមិនបានសម្តែងប្រហែលជា១០ឆ្នាំមកហើយ ។

លោកបញ្ជាក់ថា រហូតមកទល់នាពេលនេះ គឺមិនមានមូលហេតុណាមួយដែលធ្វើឲ្យលោកឈប់ពីសិល្បះនោះឡើយ ប៉ុន្តែវាហាក់ដូចជាបន្តស្ងាត់ឈឹងមិនមានខាងហៅលោកសម្តែងទៀតឡើយ។

នាយ ចេក បានលើកឡើងបន្ថែមថា សព្វថ្ងៃសម្រាប់អាជីពសិល្បះគឺមានតែខាងវង់ល្ខោនប៉ុណ្ណោះដែលបានគេហៅឲ្យចូលរួមសម្តែងបានតិចតួច ពោលក្នុងមួយខែបានត្រឹមតែ២ទ៣រោងប៉ុណ្ណោះ គឺមិនមានច្រើននោះឡើយ ។

លោកបន្តថា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីសិល្បៈនោះគឺលោកមានតែតូបតូចមួយសម្រាប់លក់អីវ៉ាន់ចាប់ហ៊ួយប៉ុណ្ណោះ ហើយដីលក់នេះក៏ជាដីចំណីផ្លូវគេចេញចូលដែរ ប៉ុន្តែដោយសារការអាណិតអាសូរទើបគេឲ្យលោកដាក់ម៉ាគ្រែសម្រាប់លក់ប៉ុណ្ណោះ ។
លោកបន្ថែមថា ដើម្បីបានប្រាក់ ពេលខ្លះលោកក៏ទៅលាងចានឲ្យគេក្នុងពិធីមង្គលការ ឬបុណ្យទានផ្សេងៗ ហើយលោកក៏ឆ្លៀតពេលដាក់ទឹក ឬក៍សំលៀងកំបិតឲ្យគេក៏មានដែរ ដោយមិនមានការខ្មាស់អៀននោះឡើយ នៅក្នុងការរកប្រាក់នាពេលនេះ ។

ទោះជាយ៉ាងណា បើតាមនាយ ចេក ក្នុងជីវិតចុងក្រោយនាពេលនេះ លោកសុំដល់អ្នកសិល្បៈល្បីៗនានាជួយឲ្យលោកបានសម្តែងណាមួយ ព្រោះមួយជីវិតនេះលោកបានលះបង់ស្ទើរពេញមួយជីវិតក្នុងសិល្បៈនេះ ហើយប្រសិនបើលោកស្លាប់ក៏ក្នុងនាមជាអ្នកសិល្បៈម្នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ