ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលុយយ័នរបស់ចិននឹងអាចដណ្តើមឥទ្ធិពលលុយដុល្លារនៅកម្ពុជាឬទេ?

2 ថ្ងៃ មុន

ចរាចរណ៍​ប្រាក់​យ័ន​ចិន​កាន់តែ​មាន​ជា​បណ្តើរ​ៗ​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ចិន​ជា​ច្រើន​មក​បណ្តាក់ទុន​ក្នុងស្រុក ចំណែក​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា ក៏​កាន់តែ​មើលឃើញ​ច្រើន​ឡើង​ៗ ។ និន្នាការ​នេះ នាំ​អោយ​មានការ​ចោទសួរ​ថា តើ​លុយ​ដុល្លារ​នឹង​ថយឥទ្ធិពល ហើយ​លុយ​យ័ន​ចិន​នឹង​ដណ្តើម​ឥទ្ធិពល​នេះ​នៅ​កម្ពុជា​ឬ​យ៉ាងណា ?…

ចរាចរណ៍​ប្រាក់​យ័ន​ចិន​កាន់តែ​មាន​ជា​បណ្តើរ​ៗ​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ចិន​ជា​ច្រើន​មក​បណ្តាក់ទុន​ក្នុងស្រុក ចំណែក​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា ក៏​កាន់តែ​មើលឃើញ​ច្រើន​ឡើង​ៗ ។ និន្នាការ​នេះ នាំ​អោយ​មានការ​ចោទសួរ​ថា តើ​លុយ​ដុល្លារ​នឹង​ថយឥទ្ធិពល ហើយ​លុយ​យ័ន​ចិន​នឹង​ដណ្តើម​ឥទ្ធិពល​នេះ​នៅ​កម្ពុជា​ឬ​យ៉ាងណា ?

លោក ហុង វណ្ណៈ អ្នកវិភាគ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ជា​គោលការណ៍​នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ចិន មាន​ន័យ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ទទួលស្គាល់​ការ​ទូរ​ទាត់​ប្រាក់​រូបិយ​វត្ថុ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ចរន្ត​ពាណិជ្ជកម្ម ក៏​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​អនុញ្ញាត​អោយប្រាក់​យ័ន​ធ្វើ​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នោះ​ទេ មាន​ន័យ​ថា នៅ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​យើង​អាច​ធ្វើការ​ទូរ​ទាត់ ។ ទី​២ យើង​អាច​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ក្នុង​ការ​ផ្ទេរ​ដូចដែល​យើង​បានដឹង​ហើយ ដែល​ធនាគារជាតិ​បាន​ដាក់​អោយ​ប្រើ​» ។

លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែម​ថា បើ​ប្រៀបធៀប​រវាង​ដុល្លារ និង​យ័ន​នៅ​កម្ពុជា ប្រជាពលរដ្ឋ​នៅ​តែ​មាន​ទំនុកចិត្ត​ខ្លាំង​ទៅ​លើ​ប្រាក់​ដុល្លារ​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម និង​អត្រា​ប្តូរ​ប្រាក់ នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។ កិច្ចការ​ទាំងនេះ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ ដែល​ប្រាក់​យ័ន នៅ​តែ​មិន​ទាន់​អាច​ជំនួស​ប្រាក់​ដុល្លារ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​ថា នៅ​ពេល​នេះ​វា​អាច​ប៉ះពាល់​ដល់​ចរន្ត​ការ​ទូទាត់ ពាណិជ្ជកម្ម និង​ជំរុញ​ស្ថានភាព​អភិវឌ្ឍ​កម្ពុជា ជា​ពិសេស​ខ្លាច​ប៉ះពាល់​ដល់​ប្រាក់​រៀល​ដោយសារ​តែ​បច្ចុប្បន្ន​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​មួយ​ហើយ បើ​ធៀប​នឹង​ប្រាក់​យ័ន​ទៀត​វា​អាច​នឹង​ប្រឈម​បន្ថែម ។

កញ្ញា ណាត់ តា​យ៉ា ជា​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ពលរដ្ឋ​ចិន​កំពុង​តែ​មាន​វត្ត​មាននៅ​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា ។ ពួក​គេ​មួយ​ចំនួន​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ចំណែក​ធំ ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដូច​ជា ជា​ម្ចាស់​រោង​ច្រក ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​ធំ​ៗ​នៅ​កម្ពុជា ។

ជា​រួម ភាគច្រើន​នៃ​ពួក​គេ​មាន​ឥទ្ធិពល​ពិសេស​នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា ដែល​ជា​សហគ្រាស​ផ្តល់​ប្រាក់​កម្ចី សហគ្រាស​ប្ដូរ​ប្រាក់ ស្ថាប័នហិរញ្ញវត្ថុ​ខ្នាត​តូច និង​សហគ្រាស​ពាក់ព័ន្ធ​ដទៃ​ទៀត ។ កញ្ញា ណាត់ តា​យ៉ា បានអោយ​ដឹង​ថា «​ខ្ញុំ​គិត​ថា ជា​បរិបទ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ សេដ្ឋកិច្ច​យើង ព្រោះ​ពី​មុន​យើង​ធ្លាប់តែ​ឃើញ​ប្រាក់​ដុល្លារ ។ វា​ក៏​ជា​ការ​គាំទ្រ​សេដ្ឋកិច្ច​មួយ​របស់​យើង ។ ពេល​មុន​យើង​អាច​នឹង​ឃើញ​ថា របស់​នេះ​ប៉ុន្មាន​ដុល្លារ​ៗ ហើយ​ប្រសិនបើ​មាន​ប្រាក់​យ័ន​នោះ វា​នឹង​ប្រែប្រួល​ក្នុងស្រុក​យើង ទីផ្សារ​របស់​យើង សេដ្ឋកិច្ច​របស់​យើង​» ។

បើ​តាម​កញ្ញា ណាត់​តា​យ៉ា ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន គោលនយោបាយ​ទីផ្សារសេរី​របស់​កម្ពុជា និង​គោលការណ៍​ប្រជាធិបតេយ្យ គេ​បាន​សង្កេត​ឃើញ​ថា សហគមន៍​ជនជាតិភាគតិច​ចិន ជនជាតិ​ចិន​កាត់​ខ្មែរ និង​អន្តោប្រវេសន៍​ចិន មិន​គ្រាន់តែ​បាន​រស់នៅ​យ៉ាង​សុខសាន្ត​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​បាន​ចងក្រង​គ្នា​ជា​សមាគម បង្កើត​សាលារៀន​ភាសា​ចិន ព្រះ​វិហារ​ចិន ភោជនីយដ្ឋាន​ចិន វិទ្យុផ្សាយសំឡេង​ជា​ភាសា​ចិន និង​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត កំពុង​រកស៊ី​នៅ​ស្រុក​ខ្មែរ ដូច​ជា ក្រុមហ៊ុន​វិនិយោគ​ខាង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ រោងចក្រ​កាត់​ស្បែកជើង សហគ្រាស​សំណង់​ស្ពាន​ថ្នល់ វា​រី​អគ្គិសនី និង​ការ​រុករក​រ៉ែ ជាដើម ។

ចំណែក កញ្ញា ហុង ណៃ​ហួរ ជា​និស្សិត​ជំនាញ​សេដ្ឋកិច្ច​បានអោយ​ដឹង​ដែរ​ថា ឥទ្ធិពល​របស់​ចិន នៅ​កម្ពុជា ពិតជា​មាន​លក្ខណៈ​លេចធ្លោ​គួរ​ឱ្យ​កត់សម្គាល់​ទាំង​វិស័យ​ភាពយន្ត​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ទាំង​ផ្ទៃក្នុង​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ដោយសារ​តែ​ចិន​ជា​មិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​ផង ចិន​អ្នក​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា​ធំ​ជាងគេ​បំផុត​ផង ហើយ​ទុន​វិនិយោគ​របស់​វិស័យ​ឯកជន​ចិន​នៅ​កម្ពុជា​ក៏​ច្រើន​ជាងគេ​ដែរ ។

កញ្ញា ហុង ណៃ​ហួរ បាន​បន្ត​ថា «​រវាង​ប្រាក់​ដុល្លារ និង​យ័ន សម័យ​ឥឡូវ​គេ​អោយ​តម្លៃ​ប្រាក់​ដុល្លារ​ខ្លាំង​ជាង ។ សេដ្ឋកិច្ច​ឥឡូវ​ក៏​ទាក់ទង​ប្រាក់​ដុល្លារ​ដែរ ។ តែ​ខ្ញុំ​សុំ​អោយ​ព្យាយាម​ចាយប្រាក់​រៀល​ច្រើន​ជាង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ