ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចណាស់ដែលដឹងពីឧបករណ៍កីឡាវាយខែលរបស់ជនជាតិដើមភាគតិចគួយ

5 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សិល្បៈគុនខែល គឺជាប្រភេទកីឡាតែមួយមុខគត់ដែលជនជាតិដើមភាគតិចកួយ

ខេត្តស្ទឹងត្រែង ៖ សិល្បៈគុនខែល គឺជាប្រភេទកីឡាតែមួយមុខគត់ដែលជនជាតិដើមភាគតិចកួយថែរក្សានិងអភិរក្សតាំងពីអតីតកាលរហូតមកទល់បច្ចុប្បន្ន ហើយសិល្បៈគុនវាយខែលមួយនេះជាកីឡាអត្តសញ្ញាណដំណែលដូនតារបស់ជនជាតិដើមភាគតិចគួយដែលបានបង្ហាត់បង្រៀនដល់កូនចៅតជំនាន់មកទល់បច្ចុប្បន្នផងដែរ។

លោក កៅ ជួន ជាចាស់ព្រឹទ្ធាចារ្យនៃជនជាតិដើមភាគតិចគួយម្នាក់នៅស្រុកថាឡាបរិវ៉ាត់ បានលើកឡើងថា សិល្បៈគុនវាយខែល គឺជាកីឡាសិល្បៈអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចគួយដែលបានបន្សល់ទុកពីជំនាន់ដូនតា តែកុំបានកំណត់ច្បាស់លាស់ថាកីឡាសិល្បៈវាយខែលនេះ បានបង្កបង្កើតនៅក្នុងទសវត្សរ៍ណា ឆ្នាំណានោះឡើយ ។

លោកបានរៀបរាប់អំពីប្រវត្តសិល្បៈវាយខែលរបស់ជនជាតិដើមភាគតិច កួយ ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងថា៖ជនជាតិដើមភាគតិចកួយ តែងតែប្រារព្វធ្វើឡើងនៅពេលមានកម្មវិធីបុណ្យផ្សេងៗក្នុងមូលដ្ឋានរបស់ពួកគាត់ដូចជា បុណ្យចូលឆ្នាំ ឬ បុណ្យផ្កាប្រាក់ ក្នុងភូមិនីមួយៗដែលត្រូវដង្ហែពីទីជិតឆ្ងាយដើម្បីមកជូបជុំនៅទីតាំងតែមួយដោយមានការណាត់ជាស្រេច។

នៅពេលដង្ហែមកជួបជុំគ្នា ពួកគេត្រូវ រៀបចំចាប់ផ្តើមប្រារព្វកិច្ចនៃពិធីដើម្បី បញ្ចេញអនុភាពរៀងខ្លួនបង្ហាញពីរកម្លាំងអនុភាពលើក្បាច់គុនវាយ សាកកម្លាំង របស់ក្រុមភូមិ នីមួយៗ ជាមុនទើបឲ្យជូបជុំ រួមគ្នា ។

លោកបន្ថែមថា សិល្បៈនេះ ពួកគាត់តែងតែឲ្យកូនចៅរៀនតៗគ្នាដើម្បីការពារភូមិក្នុងសម័យមុន សម្រាប់ការពារពីក្រុមចោរ ហើយកាលសម័យនោះមិនមានប្រើប្រាស់រំពាត់ទេ គឺប្រើដាវរឺប្រើដំបង​ឈើ សម្រាប់ការពារខ្លួន រហូតបច្ចុប្បន្ន ការសម្តែងសិល្បៈវាយខែលនេះបានប្រែពីការប្រើដាវរឺដំបងមកជាការប្រើរំពាត់វាយកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ជាមួយកីឡាសិល្បៈគុនខែលបែបប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចគួយដែលមានតែមួយគត់ក្នុងអំបូរជនជាតិដើមភាគតិចជាច្រើនទៀត ពួកគេបានផ្ដួចផ្ដើមគំនិតស្វែងរកវត្ថុធាតុដើមដែលដុះចេញពីធម្មជាតិ ដើម្បីចងក្រងបង្កើតជាឧបករណ៍ វាយ ការពារអមដោយចង្វាក់បទភ្លេង។

គ្រឿងឧបករណ៍សម្ភារចំណុះអោយកីឡាគុនខែល មានដូចជា ខែល មានសណ្ឋានរាងដូចឈ្នាង តែរាងខ្លុបបន្តិចប្រើដើម្បីជារបាំងការពាមុខភ្នែក ។ដើម្បីបានជាខែលគេត្រូវយក ដើមរកី មកជាចិតបិទជាសរសៃវែងៗ ធ្វើជាឆ្អឹង ហើយក្រងឡើងធ្វើដូចជាឈ្នាង បន្ទាប់មក គេយកស្លឹកខ្ជែង រឺហៅម្យ៉ាងទៀតស្លឹកទ្រាំងទៅត្រាំទឹកអោយស្វិតទើបយកទៅចងហុំព័ទ្ធដោយប្រើនិងសរសែខ្សែផ្ដៅ ។

ចំណែក រំពាត់ ធ្វើអំពីផ្ដៅមករុំត្របាញ់ផ្គុំគ្មាជាមួយនិងវល្លិ៍អន្ទុង ចងផ្គុំរឹតអោយតឹងដោយខ្សែផ្ដៅហើយយកទៅត្រាំទឹកការពារបាក់រឺដាច់នៅពេលវាយគ្នា ។ សម្រាប់ឧបករណ៍ភ្លេងមាន រួមមានស្គរ ចំនួនពីរសម្រាប់ប្រគុំពេលសំដែងស្គរ គឺគេយកដើមខ្នុរព្រៃ សមស្របដើម្បីលុងអោយប្រហោង និងដុតស្បែកគោ យកដាស់បន្តឹង និងវាយដោយឈើ ។ ដើម្បីបានជាសម្លេងដ៏ស្រៀវស្រូចក្នុងការប្រគុំបទភ្លេង គេ ជ្រើសរើស យកស្លឹក រំដួល ស្លឹកធ្នុង ស្លឹកក្រលាញ់ រឺស្លឹកជន្លុះ ផ្លុំដោយផ្ទាល់មាត់បញ្ចេញសម្លេងជាបទបន្ទរជាមួយស្គរ ច្រៀង ជាភាសារកួយ ។

សម្រាប់កីឡាករវាយគុនខែល គឺមានរបៀបក្នុងពេលវាយ១ដង មានគ្នាបីនាក់ ម្នាក់ជាអាជ្ញាកណ្ដាលនិងពីរនាក់ទៀតជាកីឡាករ កាន់រពាត់ ពាក់ខែល វាយគ្នាទៅវិញទៅមកដោយមិនញញ៉ើតដៃតាមបច្ចេកទេសវាយទៅដងខ្លួនរឺជើងដៃ ។ កីឡាវាយគុនខែលទាំងអស់មុនចូលប្រកួតពួកគាត់តែងតែពិសារប្រទាលការពារ ដូចជាប្រទាលគីងគក់ ប្រទាលត្រោកសាញជាមួយនិងស្រាស រឺទំពារប្រទាលនិងស្រាសស្ដោះលើដងខ្លួនដៃជើង និងប្រើមន្តគារថាបន្ថែម ។

ការប្រើប្រទាលរឺមន្តគារថាខាងលើនេះគឺការពារមិនឲ្យបែកសាច់និងការពារមិនឲ្យឈឺក្រោយបញ្ចប់ការប្រកួត។ សិល្បៈគុនខែលនេះ គឺកើតចេញពីជនជាតិដើមភាគតិចកូយ ប្រពៃណីវប្បធម៌នេះនៅមានរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ