រាជធានីភ្នំពេញ ៖ ក្នុងនាមជាតារាសម្តែង និងនាថការីមួយរូប អ្នកនាង នី មុន្នីនាថ បានលើកឡើងពីគន្លឹះសំខាន់ៗមួយចំនួន ដែលអាចជួយល្ខោនទាំង៣ មានដូចជាល្ខោនបាសាក់, ល្ខោនយីកេ និងល្ខោននិយាយ ឱ្យការគាំទ្រជានិរន្ត និងមានទីផ្សារឡើងវិញផង ខណៈដែលទម្រង់សិល្បៈបុរាណទាំង៣នេះ កំពុងការថមថយនូវការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ។

តារាស្រីរូបនេះបានលើកឡើងថា ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍន៍បូករួមជាមួយនឹងបច្ចេកវិទ្យាបង្កើតឡើងជារៀងរាល់ថ្ងៃ ក៏ដូចជាការបូកបញ្ចូលនូវសិល្បៈជាច្រើនទម្រង់ សិល្បៈជំនាន់ដើមរបស់យើង បានជួបនូវភាពខ្វះខាតទាំងការគាំទ្រ និងសិល្បៈជំនាន់ក្រោយបន្តនូវទម្រង់ដើមរបស់យើងថែមទៀត ។
នី មុន្នីនាថ បានបន្ថែមថា សិល្បៈល្ខោនយីកេ ល្ខោនបាសាក់ និងល្ខោននិយាយ សិល្បៈទម្រង់ណាក៏ដោយចង់ឈានទៅរកភាពល្បីល្បាញ គឺត្រូវមានការគាំទ្រពីបងប្អូននៅក្នុងប្រទេសជាចម្បង បូករួមការថែរក្សាពីលោកគ្រូ អ្នកគ្រូ និងបងប្អូនសិល្បៈដែលមានគំនិតច្នៃប្រឌិតថ្មី ។

នាងបញ្ជាក់ថា តែពេលនេះ ល្ខោនទម្រង់ទាំង៣ដែលជាទម្រង់ដើមរបស់យើង កំពុងតែមានភាពថយចុះពីការគាំទ្រពីបងប្អូន និងសិស្សផ្នែកល្ខោនទាំងបី ដើម្បីបន្តទៅថ្ងៃអនាគត ។
យ៉ាងណា ក្នុងនាមនាងជាអតីតសិស្សាសាលាវិចិត្រសិល្បៈ នាងសំណូមពរឲ្យបងប្អូនចូលរួមចំណែកជាផ្នែកធំមួយជួយទីផ្សារល្ខោនទាំងបី តាមរយៈការបញ្ចូលសិល្បៈល្ខោនទាំងបីនេះចូលទៅក្នុងពិធីមង្គលការ និងពិធីបុណ្យបែបសាសនាណាមួយ តាមរបស់បងប្អូន ឬតាមទីវត្តអារាម
នានា ។

នាងថា មូលហេតុព្រោះតែល្ខោនទាំងបីគ្មានទីផ្សារ ទើបធ្វើឲ្យល្ខោនទាំងបីគ្មានការគាំទ្រ និងគ្មានភាពល្បីល្បាញ ដែលនេះជាផ្នែកដ៏ធំមួយដែលនាំឲ្យមានការខ្វះខាតសិស្សទៅសិក្សាលើផ្នែកសិល្បះទាំងអស់នេះ ។
យ៉ាងណា បើតាម នី មុន្នីនាថ ក្នុងនាម នាងជាតារាសម្តែងមួយរូបនាងសូមសំណូមពរដល់បងប្អូនទាំងក្នុង និងក្រៅប្រទេសមេត្តាចូលរួមគាំទ្រ និងជួយបូកបញ្ចូលនូវទម្រង់ល្ខោនទាំងបីខាងលើនេះទៅក្នុងការសួរសំនួរជាប្រចាំថ្ងៃ ដើម្បីឲ្យកូនចៅយើងមានការងឿងឆ្ងល់ថា តើអ្វីទៅជា ល្ខោន
បាសាក់ ល្ខោនយីកេរ ល្ខោននិយាយ ក៏ដូចជាការបូកបញ្ចូលនូវទម្រង់ល្ខោនទាំងបីចូលទៅក្នុងពិធី ឬការកំសាន្តដែលមានការរៀបចំឆាក ដើម្បីជួយឲ្យសិល្បះទាំងបីនេះរីកសុះសាយជាថ្មីម្តង
ទៀត ។

ជាការកត់សម្កាល់ មួយរយៈចុងក្រោយនេះ តារាសម្តែងនាង នី មុន្នីនាថ ត្រូវបានគេមើលឃើញថា នាងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយអ្នកគ្រូចាស់ៗ នៅក្នុងការបង្ហាត់បង្ហាញ និងចូលរួមជាសម្ភារមួយចំនួនជួយដល់ក្មេងៗជំនាន់ក្រោយដែលកំពុងហាត់សិល្បៈបុរាណទាំងបីខាងលើនេះ ។
ជាងនេះទៅទៀត នាងក៏បានសម្រេចបើកថ្នាក់រៀនរបាំបុរាណខ្មែរតាមការស្នើសុំពីសិស្សមួយចំនួនផងដែរ ខណៈពេលដែលការសិក្សានេះធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង២រសៀលតទៅ ៕





ចែករំលែកព័តមាននេះ