ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​សត្វ​តុកកែប្រភេទថ្មី ក្នុង​ខេត្ត​មួយ នៅកម្ពុជា​

5 ថ្ងៃ មុន
  • កំពត

រាជធានីភ្នំពេញ ៖ អ្នកជំនាញនៃក្រសួងបរិស្ថាន សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនាញនៃក្រសួងបរិស្ថាន សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិច បានរកឃើញសត្វ​តុក​កែប្រភេទថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ប្រទេសកម្ពុជា។ តុកកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។

លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងការសិក្សានេះ បានឱ្យដឹងថា ការស្រាវជ្រាវ រុករក និងប្រមូលសំណាក ធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត នៅឆ្នាំ២០២១ និង២០២២។ ដើម្បីអាចបញ្ជាក់បានថាជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុងឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹងសំណាកនៃប្រភេទ ដែលមានរូបរាងប្រហាក់ប្រហែល ចំនួន១២ប្រភេទផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។

សូមបញ្ជាក់ថា លក្ខណៈសំគាល់របស់សត្វ​តុក​កែភ្នំព្រះគុហារហ្លូង គឺជាតុកកែដែលរស់នៅតែក្នុងល្អាងភ្នំថ្មកំបោរនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង។ ឈ្មោលពេញវ័យមានប្រវែងខ្លួនវែងបំផុត៧៧.៦មម តូចជាងញី ដែលមានប្រវែង៨០.៧មម ខ្លួនមានបង្កង់សម្បុរត្នោតចាស់ពី៤​ទៅ៥​កង់។

តាមការសិក្សា សត្វ​តុកកែនេះអាចចូលទៅក្នុងរូងថ្មដែលអាចមានជម្រៅរហូតដល់២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗមាត់ល្អាងនៅពេលយប់ដើម្បីរកចំណី។

សត្វតុកកែភ្នំព្រះគុហារហ្លូង គឺជាតុកែដែលមានវត្តមានតែនៅក្នុងល្អាងភ្នំនៃតំបន់បេតិភណ្ឌធម្ម​ជាតិភ្នំព្រះគុហារហ្លួងតែមួយគត់ (Endemic Species) ហើយក៏ជាតុកែទី៣ដែលត្រូវបានរកឃើញ​តែនៅក្នុងល្អាងភ្នំថ្មកំបោរក្នុងនោះមាន C. laangensis ពីភ្នំល្អាងនៅកម្ពុជា និង C. disjunctus នៅប្រទេសថៃ។ តុកកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកែបង្កង់ទី១0 ដែលមានវត្តមាននៅកម្ពុជា និង​ទី៣៦០​សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។ របកគំហើញនេះបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃជីវៈចម្រុះ និងសក្តានុពលនៃទីជម្រកដ៏ពិសេសដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យមានការសិក្សានិងកត់ត្រាឱ្យបានល្អិតល្អន់។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថាការរកឃើញប្រភេទជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា បង្ហាញតម្លៃធនធានធម្មជាតិកម្ពុជា កំពុងត្រូវបានការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លើសពីនេះ កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជាសូចនាករបង្ហាញពីភាពចាំបាច់ ក្នុងការធ្វើការសិក្សាបន្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសកម្ពុជា ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ត្រូវបានបង្កើតឡើងដើម្បី ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។

មិនតែប៉ុណ្ណោះ ការបង្កើតតំបន់បេតិកភណ្ឌនេះ ក៏ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។

អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ការបារធម្មជាតិនានា ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ