ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​១១​ម៉ឺន​នាក់​នឹង​ទទួល​ប្រយោជន៍​ពី​គម្រោង​ឥណទាន​១៤៥​លាន​ដុល្លារ

3 ខែ មុន

ពលរដ្ឋ​សរុប​ប្រមាណ​ជា១១៣.០០០ នាក់ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​អនុម័ត​ការ​វិនិយោគ​ថ្មី​មួយទៀត សម្រាប់​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ១៤៥​លាន​ដុល្លារ ។ ធនាគារពិភពលោក បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២១…

ពលរដ្ឋ​សរុប​ប្រមាណ​ជា១១៣.០០០ នាក់ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​អនុម័ត​ការ​វិនិយោគ​ថ្មី​មួយទៀត សម្រាប់​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ១៤៥​លាន​ដុល្លារ ។

ធនាគារពិភពលោក បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​ថា ក្រោម​ជំនួយ​ឥណទាន​ចំនួន១៤៥ លាន​ដុល្លារពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) របស់​ខ្លួន «​គម្រោង​កែ​លម្អ​សន្តិសុខ​ទឹក​នៅ​កម្ពុជា» នឹង​ធ្វើ​ឱ្យ​សន្តិសុខ​ទឹក​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​, ជួយ​បង្កើន​ផលិតភាព​កសិកម្ម និង​កសាង​ភាព​ធន់​ទៅ​នឹងហានិភ័យ​អាកាសធាតុ ​។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា គម្រោងនេះ​នឹង​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​មាន​សន្តិសុខ​ទឹក​ប្រកបដោយ​ចីរភាព និង​សម្រេច​បាន​ផលិតភាព​កសិកម្ម​កាន់តែ​ច្រើន ​។ លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ថា​«ការ​វិនិយោគ​នៅ​ពេល​នេះ ​ទៅ​លើ​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​, ការ​ធ្វើ​ផែនការ និង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង មិន​ត្រឹមតែ​អាច​ឆ្លើយ​តប​បាន​ភ្លាម​ៗ​ទៅ​នឹង​តម្រូវការ​ទឹក​របស់​កសិករ និង​គ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ផ្តល់​សេវា​ទឹក​រយៈពេល​វែង ផង​ដែរ​។​»

ទោះបីជា​ប្រទេស​កម្ពុជា​មាន​ប្រភព​ទឹក​ច្រើន​ក៏​ដោយ ភាព​ខុស​គ្នា​នៃ​ការ​ធ្លាក់​ភ្លៀង​តាម​រដូវ និង​តាម​តំបន់​នៅ​ក្នុង​ប្រទេស បាន​បង្ក​បញ្ហា​ប្រឈម​ជា​ច្រើន​ដល់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ទីក្រុង និង​នៅ​តាម​ទី​ជនបទ​ ។ ព្យាករណ៍​អាកាសធាតុ​បានឱ្យ​ដឹង​ថា ទឹកជំនន់ និង​ភាព​គ្រោះ​រាំង​ស្ងួតនឹង​មាន​កាន់តែ​ញឹកញាប់ និង​សភាព​កាន់តែ​ធ្ងន់ធ្ងរដែល​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ប្រទេស ក្នុង​ការ​គ្រប់គ្រង​ធនធាន​ទឹកសាប​របស់​ខ្លួន​ ។ បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ផលិតកម្ម​ស្បៀង និង​កំណើនសេដ្ឋកិច្ច​ ។

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ គម្រោង​នឹង​ពង្រឹង​ការ​គ្រប់គ្រង​ធនធានទឹក តាម​រយៈ​ការ​ពង្រីក​ស្ថានីយ​ជល​សាស្ត្រ​, ការ​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​, ការ​រៀបចំ​ផែនការ​គ្រប់គ្រង​អាង​ទន្លេ​ដែល​មាន​ព័ត៌មាន​អំពី​អាកាសធាតុ និង​ការ​ពង្រឹង​ការ​បំពេញ​មុខងារ​របស់​អាជ្ញាធរ​ទឹក​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់​គ្រួសារ និង​ប្រព័ន្ធ​ធារាសាស្ត្រនឹង​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើងហើយ​សហគមន៍​កសិករ​អ្នក​ប្រើប្រាស់​ទឹកនឹង​ទទួល​បានការ​បណ្តុះបណ្តាល និង​ជំនួយ​បច្ចេកទេស​តាម​រយៈ​គម្រោងសម្រាប់​ធ្វើ​ប្រតិបត្តិការ និង​ការ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ ​។ តាម​រយៈមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត វិធានការ​នានា​នឹង​ត្រូវធ្វើ​ឡើង​ដើម្បី​ជួយ​កសិករ​ឱ្យ​ចេះ​ចាប់​យក​បច្ចេកវិទ្យា​ឆ្លាត​វៃ​អាកាសធាតុ សម្រាប់​បង្កើន​ផលិតភាព និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​នៅ​ក្នុង​វិស័យ​កសិកម្ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ