ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​ងារ​ជា​ឧកញ៉ា ហៅ​ថា​”​ចារី​”​និង​”​សហចារី​”២​នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​តុលាការ ករណី​បា.ញ់ប្រហារ​មនុស្ស​៤​នាក់ រឿង​ស្នួ​រហាល​ខោអាវ​លើ​ព្រំ​ដី

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជូន​ខ្មាន់កាំភ្លើង មាន​ងារ​ឧកញ៉ា ជា​ជន​ដៃដល់​ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជូន​ខ្មាន់កាំភ្លើង មាន​ងារ​ឧកញ៉ា ជា​ជន​ដៃដល់​ហៅ​ថា “​ចារី​” និង​ជនសង្ស័យ​២​នាក់​ទៀត ហៅ​ថា “​សហចារី​” ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​សំណុំរឿង​ឃាតកម្ម បាញ់​ស​ម្លា​.​ប់​គូ​ដណ្ដឹង​មួយគូ និង​មនុស្ស​២​នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល គ្រាន់តែ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ នៅ​របង​ព្រំផ្ទះ​ជាប់​គ្នា ។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖
១.​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ងារ​ជា​ឧកញ៉ា ហៅ​ថា “​ចារី​” ជា​ជន​ដៃដល់ ខ្មាន់កាំភ្លើង​បាញ់ប្រហារ​លើ​ជន​រង​គ្រោះ ។
២.​ឈ្មោះ សាន សុខ​ចំរើន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​តួនាទី ជិះ​ម៉ូតូឌុប​ឧកញ៉ា ដែល​ជន​ដៃដល់ ចុះ​ពី​រថយន្ត​ទៅ​កន្លែង​កើតហេតុ ។
៣.​ឈ្មោះ ទិន ទូច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​តួនាទី​ជិះ​ម៉ូតូឌុប​ឧកញ៉ា ដែល​ជន​ដៃដល់ ចេញពី​កន្លែង​កើតហេតុ​ទៅ​ជិះ​រថយន្ត ដើម្បី​គេចខ្លួន ។

សំណុំរឿង​បាន​ដល់​ស្ថា​ប័​យ​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ គឺ​ស្ថិត​នៅ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង កំពុង​ពិនិត្យ​របាយ​ការ​សំយោគ​របស់​សមត្ថកិច្ច ដើម្បី​ត្រៀម​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ ។

យោង​តាម​របាយ​ការ​សំយោគ​របស់​សមត្ថកិច្ច ដាក់​ជូន​ស្ថាប័ន​អយ្យការ​នោះ បាន​ចោទប្រកាន់​ជនសង្ស័យ ទាំង​០៣​នាក់ ពី​បទ​”​ឃាតកម្ម កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​” ។

នា​រសៀល​ថ្ងៃនេះ តំណាង​អយ្យការ មិន​ទាន់​បាន​បើក​ការ​សាកសួរ​ជនសង្ស័យ​នៅឡើយ​ទេ ហើយ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង បណ្តោះអាសន្ន​វិញ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២០ យក​ជនសង្ស័យ​ទៅ​សាកសួរ​ជា​ផ្លូវការ ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​បុរី​មួយ​កន្លែង ក្នុង​តំបន់​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ អំពៅ រាជធានី​ភ្នំពេញ ខ្មាន់កាំភ្លើង​ជា​ឧកញ៉ា បាន​បាញ់​មនុស្ស​ដូច​ចាប បណ្តាល​ឲ្យ ២​នាក់​បាត់បង់​អាយុជីវិត និង​២​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ នោះ​ដែល​ខ្មាន់កាំភ្លើង​មាន​ងារ​ជា “​ឧកញ៉ា​” ដោយ​ផ្តើម​ចេញពី​ទំនាស់​រឿង​យក​ស្នួ​ខោអាវ​ហាល​លើ​ព្រំ​ដី​ជាប់​របង​ផ្ទះ​ជាមួយ​គ្នា ។ ក្រោយ​កើតហេតុ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល តាម​ក្របួច​បាន​ជនសង្ស័យ និង​បក្ខពួក​មួយ​ក្រុម ដែល​ខ្មាន់កាំភ្លើង​ជា​ជន​ដៃដល់ មាន​ងារ​ជា​ឧកញ៉ា ។

សូមជម្រាបថា ៖ «​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ជម្រាប​ព័ត៌មាន​ផ្លូវការ ករណី​ឧកញ៉ា ស្រី ស៊ី​ណា បា​.​ញ់​ប្រហារ​ស្លា​.​ប់​២​នាក់ របួស​២​នាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ​» ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ត្រង់​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ស្រី ស៊ី​ណា និង​មាន​គោរមងារ​ជា​ឧកញ៉ា ។

ក្រោយ​ហេតុការណ៍​នេះ បាន​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។

រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវជាតិ​៥១ ភូមិ​អន្ទង់​ក្រ​វែ​ន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កម្លាំង​ជំនាញ​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ អាសយដ្ឋាន​ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​៣៩០ ភូមិ​១ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដើម្បី​យក​មក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី ។

បន្ទាប់​ពី​នេះ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ជនសង្ស័យ​ចំនួន​២​នាក់ មក​នាយកដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ដែល​ក្នុង​នោះ​ម្នាក់​ជា​អ្នក​ដឹក​ជនសង្ស័យ​ទៅ​ធ្វើ​សកម្មភាព និង​ម្នាក់​ទៀត ដឹក​ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​ឡើង​ជិះ​រថយន្ដ រួម​មាន ៖ ឈ្មោះ សាន សុខ​ចំរើន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ទិន ទូច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។

សម្ភារ​ដកហូត​រួម​មាន អាវុធ​ខ្លី​ម៉ាក STOEGER COUGAR 8000 លេខ​T942907-A008684 គ្រាប់​ចំនួន​១៨​គ្រាប់ បង់​ចំនួន​០២ (​សម្រាប់​ធ្វើ​សកម្មភាព​), រថយន្ត​១​គ្រឿង​ម៉ាក SSANG YONG REXTON ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BL-9923, ទូរ​សព្ទ​ចំនួន​៤​គ្រឿង​, រថយន្ត​១​គ្រឿង ម៉ាក TOYOTA RAIZE ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ 2BQ-3654 និង​ម៉ូតូ​១​គ្រឿង ម៉ាក HONDA ZOOMER X ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1GX-9541 ។

ដោយឡែក ជន​រង​គ្រោះ ក្នុង​ហេតុការណ៍​នេះ មាន​ចំនួន​៤​នាក់ ៖
ទី​១៖ ឈ្មោះ ឡុ​ង លី​សុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ (​ស្លាប់​)
ទី​២៖ ឈ្មោះ ឃី​ន ក​ញ្ច​នា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ (​ស្លាប់​)
ទី​៣៖ ឈ្មោះ សុខុម រ៉ា​ចាណៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ (​រង​របួស​)
ទី​៤៖ ឈ្មោះ ហុង រិ​ទ្ធា​រ័ក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ (​រង​របួស​)​។

ក្រោយ​បញ្ចប់​ការ​សួរនាំ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​៣​នាក់ ដោយ​ម្នាក់​ជា​ជន​ដៃដល់​ឧកញ៉ា ស្រី ស៉ី​ណា និង​២​នាក់​ទៀត ជា​អ្នក​ឌុ​ប ដើម្បី​ទៅ​ធ្វើ​សកម្មភាព និង​ក្រោយ​ធ្វើ​សកម្មភាព បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ