ទីក្រុងព្យុងយ៉ាង៖ នៅល្ងាចថ្ងៃពុធនេះ លោកពូទីន និងលោកគីមជុងអ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយគ្នា។ លោកគីមចាត់ទុកថានេះជា «កតិកាសញ្ញាសន្តិភាព និងការពារជាតិ» តែប៉ុណ្ណោះ ហើយមិនមានគោលដៅធ្វើឱ្យអាក់អន់ស្រពន់ចិត្តចំពោះប្រទេសដទៃឡើយ។ លោកពូទីនសូមបន្ថែមត្រង់ចំណុចនេះថានៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះក៏មានចែងអំពីការជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាដែលភាគីហត្ថលេខីទទួលរងការវាយប្រហារ។

បានសេចក្ដីថាបើរុស្ស៊ីធ្វើសង្គ្រាមទល់នឹងប្រទេសដទៃ កូរ៉េខាងជើងនឹងជួយ។ បើកូរ៉េខាងជើងធ្វើសង្គ្រាមទល់នឹងប្រទេសដទៃ រុស្ស៊ីនឹងជួយ។ បន្ទាប់ពីជួបគ្នាជាច្រើនម៉ោង, លោកពូទីនថ្លែងថាលោក និងលោកគីមបានជជែកគ្នាអំពីប្រធានបទជាច្រើនពាក់ព័ន្ធនឹងសភាពការណ៍ពិភពលោក។ លោកថ្លែងថាទីក្រុងម៉ូស្គូ និងព្យុងយ៉ាងនឹងឈរប្រកៀកស្មាគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយសារហេតុផលនយោបាយ។ លោកគីមចាត់ទុកថាលោកពូទីនជាមហាមិត្តដ៏ល្អ គួរឱ្យជឿទុកចិត្តបំផុត។

គេហទំព័រវិមានក្រឹមឡាំងផ្សាយថាកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងកិច្ចសហការផ្នែកសុខាភិបាល, ការបណ្ដុះបណ្ដាលនិស្សិតពេទ្យ និងវិទ្យាសាស្ត្រផងដែរ។ លោកពូទីនថ្លែងថាកូរ៉េខាងជើងមានសិទ្ធិការពារជាតិរបស់ខ្លួន។ រុស្ស៊ីមិនបដិសេធទេនូវលទ្ធភាពនៃការសហការគ្នាជាមួយកូរ៉េខាងជើងផ្នែកបច្ចេកវិទ្យាយោធាដោយអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។

លោកពូទីនបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខន្ធអតីតយុទ្ធជនរុស្ស៊ីដែលពលីជីវិតនៅក្នុងសង្គ្រាមទល់នឹងទាហានជប៉ុន។ លោកបានរំលេចឱ្យឃើញការថ្លែងសារនយោបាយជាហូរហែពីសំណាក់ប្រទេសអាមេរិក និងប្រទេសសមាជិកណាតូខ្លះដែលអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់អាវុធជំនួយរបស់ខ្លួនចូលទៅក្នុងទឹកដីរុស្ស៊ី។ លោកថ្លែងថានេះមិនមែនជាការនិយាយតែមាត់ទទេប៉ុណ្ណោះទេ។ អ៊ុយក្រែនចាប់ផ្ដើមអនុវត្តរួចហើយ។ លោកថានេះជាការរំលោភបំពានយ៉ាងកម្រោលទៅលើបទបញ្ញត្តិដែលតម្រូវឱ្យក្រុមបស្ចិមប្រទេសគោរពកាតព្វកិច្ចរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ដូចអ្វីដែលអគ្គលេខាធិការអង្គការណាតូនិយាយមិនខុសមែន។ កិច្ចព្រមព្រៀងនេះជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សន្តិសុខរបស់បស្ចិមប្រទេស។ អង្គការណាតូព្រួយបារម្ភថារុស្ស៊ីអាចនឹងជួយកូរ៉េខាងជើងក្នុងការផលិតមីស៊ីល និងនុយក្លេអ៊ែរ។ ដូច្នេះ អ្វីដែលកូរ៉េខាងជើងមានចំណុចខ្វះខាតត្រង់ប្រកាណាមួយ, រុស្ស៊ីនឹងជួយបំពេញបន្ថែម។ ប្រទេសអាមេរិកទទួលស្គាល់ថាការចាប់ដៃគូសហការគ្នារវាងកូរ៉េខាងជើង និងរុស្ស៊ីជាបញ្ហាប្រឈមដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីក្រោយសង្គ្រាមកូរ៉េ។ អាមេរិកជឿជាក់ថាកូរ៉េខាងជើងចង់បានយន្តហោះចម្បាំង មីស៊ីល រថពាសដែក និងបច្ចេកវិទ្យាយោធាទំនើបៗពីរុស្ស៊ី៕

ចែករំលែកព័តមាននេះ