ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើរថភ្លើងជប៉ុននឹងអាចធ្វើឲ្យប្រជាជនងាកមកប្រើផ្លូវដែកឬទេ?

1 អាទិត្យ មុន

មិនយូរ​ទេ រថភ្លើង​ថ្មី​នៅ​ស្រុក​ខែ្ម​រ តែ​ចាស់​នៅ​ប្រទេស​ជប៉ុន​នឹង​ដាក់​ចូល​ទៅ​ក្នុង​កញ្ចប់​នៃ សេវាកម្ម​ដឹក​ជញ្ជូន​របស់​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​តាម​រយៈ​ប្រតិបត្តិការ​សម្បទាន​របស់ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ រ៉ៃ​វេ កម្ពុជា ។…

មិនយូរ​ទេ រថភ្លើង​ថ្មី​នៅ​ស្រុក​ខែ្ម​រ តែ​ចាស់​នៅ​ប្រទេស​ជប៉ុន​នឹង​ដាក់​ចូល​ទៅ​ក្នុង​កញ្ចប់​នៃ សេវាកម្ម​ដឹក​ជញ្ជូន​របស់​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​តាម​រយៈ​ប្រតិបត្តិការ​សម្បទាន​របស់ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ រ៉ៃ​វេ កម្ពុជា ។

មក​ដល់​ពេល​នេះ តាម​ការ​បញ្ជាក់​ពី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​បាន​បញ្ជូន​ពី​ជប៉ុន​មក​ដល់​កម្ពុជា រថភ្លើង​៤ នៅ​ក្នុង​ចំណោម​១១ នៃ​រថភ្លើង Kiha-183 គឺ​បាន​ធ្វើតេស្ត​បើកបរ​លើ​ផ្លូវដែក​ទាំង​ពីរ​ខ្សែរ​រួចរាល់ ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការ​បើក​ដំណើរការ​នៅ​មិន​ទាន់​កំណត់​នៅឡើយ ។ ដំណើរការ​សាកល្បង នៅ​លើ​កំណត់​ផ្លូវដែក​ភាគ​ខាងជើង គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ដំណើរការ​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ហើយ​ការ​សាកល្បង​នោះ ត្រូវ​បាន​បញ្ជាក់​ថា ដំណើរការ​ប្រកបដោយ​ជោគជ័យ មុន​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ក្រសួង​បាន​បន្ថែម​ថា រថភ្លើង Kiha-183 ប្រភេទ​DMU (Diesel Multiple Unit)​ចំនួន​៤​គ្រឿង​បាន​បើកបរ​សាកល្បង​ជា​ថ្មី​លើ​ផ្លូវដែក​ភាគ​ខាងជើង​នៅ​លើ​ចម្ងាយ​ផ្លូវ​ជាង​៥៥​គីឡូម៉ែត្រ ប្រកបដោយ​ជោគជ័យ បន្ទាប់​ពី​ការ​បើកបរ​សាកល្បង​លើក​ទី​១​លើ​ផ្លូវដែក​ភាគ​ខាងត្បូង​ព្រះ​សីហ​នុ​-​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ការ​បើក​សាកល្បង​លើក​ទី​២​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ល្បឿន​ចន្លោះ​ពី​៣០ ទៅ​៥០​គីឡូម៉ែត្រ នៅ​ក្នុង​មួយ​ម៉ោង​ពោល គឺ​តាម​បទដ្ឋាន​ដែល​បាន​កំណត់ ។ ដោយឡែក ក្រុម​មន្ត្រី​បច្ចេកទេស​របស់​នាយកដ្ឋាន​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន និង​ក្រុមហ៊ុន បាន​យកចិត្តទុកដាក់​សហការ​គ្នា​លើ​ការ​ពិនិត្យ និង​តាមដាន​ដំណើរការ​បើកបរ​សាកល្បង​នេះ ដោយ​ផ្តោត​ជា​ពិសេស​លើ​ដំណើរការ​កង់​ប្រព័ន្ធ​ហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រក​ទ្វារ​សម្រាប់​អ្នកដំណើរ ច្រក​ទ្វារ​សុវត្ថិភាព សម្ភារ​បរិក្ខា និង​ការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ប្រា​កថា មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ​មុន​នឹង​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ប្រភព​ដដែល​បាន​សង្កតធ្ងន់​ថា នៅ​ពេល​ដាក់​ដំណើរការ​ជា​ផ្លូវការ Kiha-183 នឹង​ត្រូវ​ដាក់​ឱ្យ​រត់​ដោយ​ជា​ពីរ​ខ្សែ​ក្នុង​នោះ​រួម​មាន ៖ ខ្សែ​ផ្លូវ​រថភ្លើង​ភាគ​ខាងត្បូង​ភ្នំពេញ​-​ព្រះ​សីហ​នុ តម្រូវ​ឱ្យ​រត់​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ នៅ​ក្នុង​មួយ​ម៉ោង និង​ខ្សែ​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត តម្រូវ​ឱ្យ​រត់​ក្នុង​ល្បឿន​ចន្លោះ​ពី​៣០​ទៅ​៥០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង ។

ក្រោយ​ពេល​ដែល​ក្រសួង​បាន​ប្រកាស​បែប​នោះ នៅ​លើ​បណ្តាញ​សង្គម មានការ​គាំទ្រ ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចំណុច​មួយ​ដែល​ពលរដ្ឋ​បាន​ដាក់​សំនួរ​នឹង​ស្នើ​សុំ​បន្ថែម​នោះ គឺ​ល្បឿន ជា​ពិសេស គឺ​នៅ​លើ​កំណត់​ផ្លូវ​ភាគ​ខាងជើង ពីព្រោះ​វា​យឺត ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​បង្កើន​ល្បឿន​ឲ្យ​ដល់​៨០​គីឡូម៉ែត្រ នៅ​ក្នុង​មួយ​ម៉ោង​ដូច​ជា​កំណត់​ផ្លូវ នៅ​ភាគ​ខាងត្បូង​ដែរ ។

ផ្អែក​តាម​សំណូមពរ​នេះ ប្រហែលជា​ពិបាក​សម្រាប់​ក្រុមហ៊ុន​ពីព្រោះ​កន្លង​មក​អ្នកជំនាញ បាន​លើក​ឡើង​ថា ស្ថានភាព​ផ្លូវដែក​នៅ​ភាគ​ខាងជើង​អាច​ទ្រុឌទ្រោម​ខ្លាំង ដែល​មិន​សាក​សម​នឹង​ល្បឿន​លើស​ពី​នេះ ។ តាម​ពិត​ទៅ ល្បឿន​នៃ​រថភ្លើង​នេះ គឺ​អាច​រត់​បាន​លើស​ពី ១០០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​មក​ដល់​ពេល​នេះ​ដូចដែល​ក្រសួង​បញ្ជាក់ គឺ​អាច​ត្រឹមតែ​នៅ​ក្នុង​ល្បឿន​ប៉ុណ្ណោះ ។ សូម​ទុក​ឲ្យ​អ្នកជំនាញ​កំណត់​ល្បឿន និង​សមាមាត្រ​សុវត្ថិភាព​វិញ​កុំ​អាល​សុំ ពីព្រោះ​ការ​ជួសជុល​ផ្លូវដែក​មិនមែន​ចំណាយ​តិច​ទេ ដូច្នេះ​សូម​គាំទ្រ​ល្បឿន​សុវត្ថិភាព​នេះ​សិន ។

កន្លង​មក​បញ្ហា​ដែល​ជា​មូលហេតុ​ចម្បង ដែល​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវដែក​នៅ​កម្ពុជា​ជា​ពិសេស គឺ​សេវាកម្ម​ដឹក​អ្នកដំណើរ​មិនសូវ​គាំទ្រ គឺ​បញ្ហា​ល្បឿន​បន្ទាប់​មក គឺ​សុវត្ថិភាព ហើយ​ចំណុច​មួយទៀត គឺ​ផា​សុខភាព ។ សេវាកម្ម​ពី​មុន​យឺត​ខ្លាំង​ហើយ​ឥឡូវនេះ គឺ​អាច​ថា គ្រាន់​បើជា​ពិសេស​នៅ​លើ​កំណាត់​ផ្លូវដែក​ភាគ​ខាងត្បូង ។ សេវាកម្ម​ផ្លូវដែក​នេះ​ប្រសិនបើ​ក្រុមហ៊ុន​អាច​ដាក់​តម្លៃ​មួយ​សម​ស្រប​ជាមួយនឹង​តម្លៃ​ដឹក​ជញ្ជូន​តាម​រថយន្ត ឬ​ថោក​ជាង​បន្តិច​នោះ​ពលរដ្ឋ​នឹង​អាច​ចាប់អារម្មណ៍​កាន់តែ​ច្រើន ។

សម្រាប់​កំណត់​ផ្លូវដែក​ពី​ភាគ​ខាងជើង​អាច​នឹង​នៅ​មានការ​ពិចារណា​ច្រើន​ពីព្រោះ​តែ​ល្បឿន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​គិតគូ​ចំណុច​នេះ ហើយ​កំណត់​តម្លៃ​ដែល​សមរម្យ​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សម្រាប់​អ្នក​ដែល​មិន​ប្រញាប់ គួរ​ជ្រើសរើស​ដំណើរការ​ដឹក​ជញ្ជូន​នេះ​ផង ។ នៅ​ក្នុង​ករណី​យើង​ចង់បាន​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន បើ​យើង​មិន​ចាប់ផ្តើម​ហើយ​គាំទ្រ​អាច​យឺត ដែល​មាននៅ​ពេល​នេះ​ទេ ក៏​ពិបាក​នឹង​អាច​ទទួល​បាន​អាច​លឿន​ដែរ ។

សរុប​មក​វិញ ការ​ដែល​ក្រសួង និង​ក្រុមហ៊ុន​សហការ​គ្នា​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង Kiha-183 ប្រភេទ​DMU នេះ​រំពឹង​ថា​នឹង​អាច​ស្តា​រការ​គាំទ្រ និង​ជំរុញ​ពិពិធ​កម្ម​នៃ​មធ្យោបាយ​ក៏​ដូច​ជា​សេវាកម្ម​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ ប៉ុន្តែ​ចំណុច​មួយ​ដែល​គួរតែ​រិះគិត គឺ​បញ្ហា​តម្លៃ ហើយ​សង្ឃឹមថា នៅ​ពេល​ដែល​រថភ្លើង​នេះ​ដាក់​ចេញ​រាល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ផ្លូវដែក​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ដោយឡែក​ក្រសួង និង​ក្រុមហ៊ុន​ត្រូវ​ពង្រឹង​ស្តង់ដា​សុវត្ថិភាព នៅ​ពេល​ដែល​ឆ្លងកាត់​ផ្លូវ​ខ្វែង និង​ផ្លូវថ្នល់​នានា​មិន​ថា​ជា​ផ្លូវជាតិ ផ្លូវ​ខេត្ត​ឬ​ផ្លូវលំ​ឆ្លងកាត់​ភូមិ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ