រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំអោយអាជ្ញាធរខណ្ឌពិសេសប្រធានគណៈកម្មការផ្សារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស ។
ការណែនាំបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល ។ នៅតាមផ្សារត្រូវតែរៀបចំឲ្យមានបរិស្ថានល្អ ពោល គឺក្រោយការលក់ដូរ ត្រូវតែសំអាតឲ្យបានស្អាត ។ បន្ថែមពីនេះ នៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុកវាស្មើនឹងការចាប់ជំរិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ ។
សម្រាប់អាណត្តិទី៧នេះ យើងត្រូវតែអនុវត្តការងារនេះឲ្យបានតាំងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ ។ ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោយអោយអាជ្ញាធរក៏ដូចជា ប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតចំពោះការយកភាស៊ី នៅតាមផ្សារនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូតែម្តង ។
នៅទីតាំងផ្ញើ កង់ ម៉ូតូ ដាច់ខាតត្រូវតែដាក់តារាងតម្លៃឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះថា គ្មានការយកកម្រៃលើសសៀវភៅបន្ទុក ក្នុងករណីមានការបង្ខំឲ្យយកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌដែលបានដាក់លេខទូរស័ព្ទនៅទីតាំងនោះស្រាប់ ។ អ្នកវិនិយោគលើសភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក ។ ភ្នាក់ងារយកភាស៊ីទាំងអស់ ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ ។ ត្រូវធ្វើបញ្ជីឈ្មោះ យកលុយទាំងអស់ បញ្ជូនមកឲ្យអាជ្ញាធរ ។
ក្នុងករណីយកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរ និងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះបានល្មើស និងការយកលុយលើសសៀវភៅបន្ទុកនឹងប្រឈមមុខ និងការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ។ ការងារនេះត្រូវប្រគល់ទៅឱ្យ ផ្សារ ខណ្ឌ និងមន្ទីរសេដ្ឋកិច្ចហេតុហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ ៕
ចែករំលែកព័តមាននេះ