រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចាស់ ខាងជួញដូរគ្រឿងញៀន និងមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការផងនោះ បានចូលអន្ទាក់ដោយខ្លួនឯង ដោយបានធ្វើដំណើរឆ្លងកាត់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករបស់នគរបាល នៃអធិការដ្ឋានខណ្ឌដង្កោ ។
ខណៈមុខសញ្ញាធ្វើដំណើរមកដល់ ដោយមានការសង្ស័យ កម្លាំងនគរបាលបានឃាត់ធ្វើការត្រួតពនិត្យ ស្រាប់តែប្រទះឃើញមានថ្នាំ១កញ្ចប់ធំ ដែលជននោះដាក់តាមខ្លួន ដើម្បីធ្វើការជួញដូរ ទើបនគរបាលចរាចរណ៍ខាងលើចាប់ខ្លួនប្រគល់ទៅឲ្យនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌដង្កោ ចាត់ការតាមច្បាប់តែម្ដង ។
ការចាប់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ ហេង ប៉េងហាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កម្លាំងនគរបាកបានប្រាប់ឲ្យដឹងថា ដោយអនុវត្តន័តាមបញ្ជា និងការដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងនគរបាលចរាចរណ៍ខណ្ឌ បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលើ។ ខណៈនោះស្រាប់តែប្រទះឃើញជនសង្ស័យ ធ្វើដំណើរដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ១គ្រឿង ឆ្លងកាត់គោលដៅ ហើយដោយមានការសង្ស័យ កម្លាំងនគរបាលចរាចរណ៍ ក៏បានឃាត់ធ្វើការត្រួតពិនិត្យ ស្រាប់តែប្រទះឃើញក្រាមសថ្លា ០១កញ្ជប់ថង់ធំ និងទូរសព្ទដៃ ០១គ្រឿង ទើបធ្វើការចាប់ខ្លួន និងដកហូតតែម្ដង ។
នគរបាល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកបាននាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលព្រៃស ដើម្បីសួរនាំទើបដឹងថា ជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាចាស់ ខាងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការផងដែរ។ យោងតាមការឃាត់ខ្លួន និងដកហូតវត្ថុតាងជាក់ស្ដែង ព្រមទាំងចម្លើយសារភាពផងនោះ នគរបាលបានកសាងសំណុំរឿងបញ្ជូនជននេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ហើយ ៕



ចែករំលែកព័តមាននេះ