ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ៖ ការ​ប្រើ​បញ្ញា​សិប្បនិម្មិត(AI) ​ស្វែងរក​ព័ត៌មាន​ ក៏​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​ដែរ

4 ខែ មុន

ខេត្តសៀមរាប ​៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត(AI) ស្ទើរតែ​គ្រប់​ទីកន្លែង ក្នុង​ការ​ស្វែងរក​ព័ត៌មាន…

ខេត្តសៀមរាប ​៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត(AI) ស្ទើរតែ​គ្រប់​ទីកន្លែង ក្នុង​ការ​ស្វែងរក​ព័ត៌មាន នៅ​លើ​ទូរ​សព្ទ​ឆ្លាត​វៃ​ជាដើម ទន្ទឹម​នឹង​ការ​ផ្ដល់ នូវ​កាលានុវត្តភាព​ជា​ច្រើន ប៉ុន្តែ​បញ្ញា​សិប្បនិម្មិត ក៏​នាំ​មកនូវ​បញ្ហា​ប្រឈម​សំខាន់​ៗ ​មួយ​ចំនួន​ផង​ដែរ ​។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​២០ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៤ នា​ខេត្តសៀមរាប សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បន្ត​វិ​វ​ឌ្ឍ​ក្នុង​ល្បឿន មួយ​យ៉ាង​លឿន​ យើង​មាន​ភាព​ចាំបាច់ ដែល​ពិភពលោក​ត្រូវ​ប្រើប្រាស់ និងត្រួតពិនិត្យ​ឱ្យ បាន​ហ្មត់ចត់​លើ​បច្ចេកវិទ្យា​ ដែលកំពុង​លេចឡើង​ថ្មី ដែល​អាច​មាន​ឥទ្ធិពល​កែប្រែ​ពិភពលោក​ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា​ ៖ «​ជា​ការ​ពិត​យើង​អាច​មើលឃើញ​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ស្ទើរតែ​គ្រប់​ទីកន្លែង នៅ​ក្នុង​ជីវិត​របស់​យើង ដែលជាកិច្ចការសាមញ្ញ​ៗ ក្នុង​ការ​ស្វែងរក​ព័ត៌មាន​នៅ​លើ​ទូរសព្ទ​ឆ្លាត​វៃ​ជាដើម​។ ទន្ទឹម​នឹង​ការ​ផ្ដល់​ នូវ​កាលានុវត្តភាព​ជា​ច្រើន​ បញ្ញា​សិប្បនិម្មិត ក៏​នាំ​មក​នូវ​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា ​៖ បញ្ហា​ក្រមសីលធម៌​ បរិ​យា​បន្ន​ភាព​ តម្លាភាព​ ភាព​ស្មើគ្នា​ កង្វល់​អំពី​ឯកជន​ភាព​ នៃ​ទិន្នន័យ និងតម្រូវការ នៃ​ការ​បណ្ដុះបណ្តាល​ជំនាញ​ឡើង​វិញ​»​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​ធិ​បតី បន្ដ​ថា ជា​ការ​ពិត​មនុស្សជាតិ កំពុង​ឈាន​ជើង​ចូលទៅ​ក្នុង​ពិភព​មួយ ដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក ដូច្នេះ​ហើយត្រូវ​បោះ​ជំហាន​ទៅ​មុខ ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ ។

ទន្ទឹម​នឹង​នេះ សម្តេច គូស​រំលេច​អំពី​គោលការណ៍​សំខាន់​ពីរ ដែលសម្តេច​គិត​ថា អាច​ជួយ​តម្រង់​ទិស នៅ​ក្នុង​ការ​ឆ្លងកាត់​បញ្ហា​ប្រឈម ក៏​ដូច​ជា​កាលានុវត្តភាព​ថ្មី​ៗ ដែល​ស្ដែង​ឡើង​តាម​រយៈ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្តន៍ និយាយ​ជា​រួម និងបញ្ញា​សិប្បនិម្មិត និយាយ​ដោយឡែក​ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី សង្កត់ធ្ងន់​ទៅ​លើ​ភាព​ចាំបាច់ ដែល​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ មាន​មូលដ្ឋាន ​ដែល «​យក​ប្រជា​ជន​ជា​ស្នូល​» ។ យើង​ពិតជា​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​វឌ្ឍនភាព នៃ​បច្ចេកវិទ្យា ប៉ុន្តែ​ទន្ទឹម​នេះ ក៏​ត្រូវ​មានការ​ទទួលខុសត្រូវ នៅ​ក្នុង​ការ​ធានា​តុល្យភាព និងធានា ​នូវ​អត្ថ​ប្រយោជន៍ ដែល​បច្ចេកវិទ្យា​អាច​បម្រើដល់​មនុស្សជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ