រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គិសនីកម្ពុជា បានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅ និងសប្បុរសជនដកបង្ខិតបង្គោលភ្លើងចេញពីចិញ្ចើមផ្លូវលំមួយកន្លែងដើម្បីស្ថាបនាពង្រីកផ្លូវនោះឱ្យធំទូលាយ និងចាក់ក្រាលបេតុងរឹងមាំបម្រើដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
ការបង្ខិតបង្គោលភ្លើងនេះបានធ្វើឡើងកាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១១ ដែលផ្លូវខាងលើស្ថិតក្នុងភូមិព្រៃព្រីងខាងជើង តភ្ជាប់ពីផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ ផ្លូវនេះមានប្រវែងជិត២០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថាបនាដោយការចាក់បេតុងកម្រាស់២តឹក មានគ្រឹះរឹងមាំ ហើយសប្បុរសជនមួយរូប គឺលោកឧត្តមសេនីយ៍ទោ ម៉ែន សុផុន ប្រធាននាយកដ្ឋានប្រឆាំងអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃបានចំណាយថវិកាចំនួនជាង៩០.០០០ដុល្លារ ក្នុងការស្ថាបនានេះ ។
លោកសុទ្ធ សាធ ចៅសង្កាត់ចោមចៅបានថ្លែងថា កន្លងមកផ្លូវនេះគឺជាផ្លូវលំមានលក្ខណៈតូចចង្អៀតលំបាកធ្វើដំណើរ ម្យ៉ាងស្ថិតនៅមិនឆ្ងាយពីសាលាសង្កាត់ចោមចៅប៉ុន្មានទេ ត្រូវទាមទារឱ្យមានការអភិវឌ្ឍជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិព្រៃព្រីង ខាងជើងផង និងដើម្បីសោភ័ណភាព និងការអភិវឌ្ឍសង្កាត់ផង ។ ដោយសារការខ្វះខាតទើបសាលាសង្កាត់បំផុសចលនាសប្បុរសជនឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ហើយលោកឧត្តមសេនីយ៍ទោ ម៉ែន សុផុន ក៏បានចូលរួមចំណែកដោយចំណាយថវិកាក្នុងការស្ថាបនាផ្លូវនេះទាំងស្រុងតែម្តង ។
លោកចៅសង្កាត់បានបន្តថា អាជ្ញាធរសង្កាត់ជាអ្នកធានាក្នុងការពង្រីកឱ្យធំទូលាយ ហើយផ្លូវនេះបានចាប់ផ្តើមស្ថាបនាឡើងកាលពីថ្ងៃទី ២៦ មីនា ឆ្នាំ២០១១ ដែលពេលនេះរួចរាល់មួយចំហៀងហើយ នៅសល់មួយចំហៀងទៀត កំពុងបន្តការស្ថាបនា ។ ប៉ុន្តែដោយសារនៅទើសបង្គោលភ្លើង ទើបអាជ្ញាធរសង្កាត់ និងសប្បុរសជនបានស្នើសុំទៅមន្ត្រីអគ្គិសនីឱ្យជួយបង្ខិតបង្គោលភ្លើងចេញបន្តិច ។
លោកចៅសង្កាត់បានបន្តទៀតថា បន្ទាប់ពីមានការស្នើសុំឱ្យជួយសម្រួលបង្ខិតបង្គោលភ្លើងនេះ មន្ត្រីអគ្គិសនីកម្ពុជាបានចុះសហការជាមួយអាជ្ញាធរដកបង្គោលភ្លើងបង្ខិតឆ្ងាយពីផ្លូវដើម្បីយកកន្លែងស្ថាបនាផ្លូវឱ្យបានឆាប់ហើយរួចរាល់។ ប្រជាពលរដ្ឋនៅភូមិព្រៃព្រីងខាងជើងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរសង្កាត់ចោមចៅ ដែលបានផ្តួចផ្តើមក្នុងការស្ថាបនាផ្លូវ និងលោកឧត្តមសេនីយ៍ទោម៉ែន សុផុន ដែលបានចំណាយថវិកាចាក់ក្រាលបេតុងផ្លូវមួយខ្សែនេះ៕
ចែករំលែកព័តមាននេះ