ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ប្រកាស​ដក​កង​ទ័ព​ចេញ​ពី​ប្រ​ទេស​ម៉ាល់​ឌីវ​ទាំង​ស្រុង​ត្រឹម​ថ្ងៃ​នេះ

1 អាទិត្យ មុន

ទី​ក្រុង​ញូដេលី៖ នៅ​ទី​បំផុត​ ប្រទេស​ឥណ្ឌា​ដក​កង​ទ័ព​របស់​ខ្លួន​​៨០​នាក់​ដែល​ធ្លាប់​ឈរ​ជើង​​នៅ​ប្រទេស​ម៉ាល់​ឌីវ​ចេញ​អស់​រលីង​គ្មាន​សល់​ម្នាក់​ទេ​ ហើយ​ដាក់​ជំនួស​ដោយ​ជន​ស៊ីវិល​វិញ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​តប​តាម​ការ​ទាម​ទារ​យ៉ាង​ទទូច​​ពី​​ប្រធានា​ធិបតី​​ម៉ាល់​ឌីវ លោក​មហាមេត​ មូអ៊ីហ្ស៊ូ (Mohamed Muizzu) ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន​។…

ទី​ក្រុង​ញូដេលី៖ នៅ​ទី​បំផុត​ ប្រទេស​ឥណ្ឌា​ដក​កង​ទ័ព​របស់​ខ្លួន​​៨០​នាក់​ដែល​ធ្លាប់​ឈរ​ជើង​​នៅ​ប្រទេស​ម៉ាល់​ឌីវ​ចេញ​អស់​រលីង​គ្មាន​សល់​ម្នាក់​ទេ​ ហើយ​ដាក់​ជំនួស​ដោយ​ជន​ស៊ីវិល​វិញ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​តប​តាម​ការ​ទាម​ទារ​យ៉ាង​ទទូច​​ពី​​ប្រធានា​ធិបតី​​ម៉ាល់​ឌីវ លោក​មហាមេត​ មូអ៊ីហ្ស៊ូ (Mohamed Muizzu) ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន​។

កង​ទ័ពដែល​ត្រូវ​បាន​ដក​ចេញ​ទាំ​ងនេះ​ធ្លាប់​មាន​ភារ​កិច្ច​ការ​ពារ​ឧទ្ធម្ភាគ​ចក្រ​២​គ្រឿង និង​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្ដល់​ទៅ​ឱ្យ​ប្រទេស​ម៉ាល់​ឌីវ​។ របស់​ទាំង​នេះ​ប្រើ​សម្រាប់​ឃ្លាំ​មើល​​សន្តិ​សុខ​​លំហ​សមុទ្រ​, ​សម្រាប់​ស្វែង​រក​ និង​ជួយ​សង្គ្រោះ និង​​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​។ ដូច​នេះ ឥណ្ឌា​ត្រូវ​រក្សា​ទុក​បុគ្គលិក​របស់​ខ្លួន​មួយ​ចំនួន​ដើម្បី​ដំណើរ​ការ​របស់​ទាំង​នេះ​។

ការ​ប្រកាស​ដក​កង​ទ័ព​​ចេញ​ពី​ប្រទេស​ម៉ាល់​ឌីវ​ធ្វើ​ឡើង​ចំ​​ពេល​ម៉ាល់​ឌីវ​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ខ្លួន​ទៅ​​ឥណ្ឌា​។ នេះ​ជា​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​ម៉ាល់​ឌីវ​លើក​ដំបូង​​ចាប់​តាំង​ពី​លោក​ម៉ូអ៊ីហ្ស៊ូ​ឡើង​កាន់​អំណាច​កាល​​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។ តាមទម្លាប់​ពី​មុន​ៗ​មក កាល​ណា​ម៉ាល់​ឌីវ​មាន​មេ​ដឹក​នាំ​ថ្មី​តែង​តែ​មាន​ការ​អី​រត់​ទៅ​រក​ឥណ្ឌា​មុន​គេ​។ ប៉ុន្តែ​លោក​ម៉ូអ៊ីហ្ស៊ូ​ចង់​ងា​ទៅ​រក​ប្រទេស​ចិន​វិញម្ដង​។ លោក​ចង់​ពង្រីក​ទំនាក់​ទំនង​ការ​ពារ​ជាតិ​ជា​មួយ​ចិន​ចំ​ពេល​ប្រទេស​មហា​អំណាច​កំពុង​ប្រជែង​ឥទ្ធិ​ពល​គ្នា​នៅ​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​។​

នៅ​ក្នុង​ឱកាស​ជួប​គ្នា​រវាង​ប្រមុខ​ការ​ទូត​ឥណ្ឌា និង​ម៉ាល់​ឌីវ​​នោះ​​ ឥណ្ឌា​ថ្លែង​ថា​ដើម្បី​ផល​ប្រយោជន៍​ជាតិ​របស់​ប្រទេស​យើង​ទាំង​ពីរ​ យើង​ត្រូវ​តែ​ស្វែង​យល់​ថា​គួរ​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទំនាក់​ទំនង​យើង​ទាំង​ពីរ​។ ម៉ាល់​ឌីវ​បង្ហោះ​នៅ​លើ​ទ្វីត​ថឺ​ថា​ការ​ពិភាក្សា​​គ្នា​នោះ​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ការ​គ្នា​នៅ​ក្នុង​វិស័យ​ជា​ច្រើន​មាន​តាំង​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​រហូត​​ដល់​ការ​កសាង​សមត្ថ​ភាព។

ឥឡូវ​នេះ ម៉ាល់​ឌីវ​ហាក់​ដូច​ជា​ចង់​ធ្វើ​ខ្លាំង​ដាក់​ឥណ្ឌា​ទោះ​បី​ខ្លួន​មាន​ប្រជា​ជន​ត្រឹម​តែ​ជាង​កន្លះ​លាន​នាក់​ក៏​ដោយ​។ ម៉ាល់​ឌីវ​ទាម​ទារ​ឱ្យ​ឥណ្ឌា​ដក​កង​ទ័ព​ចេញ​ពី​លើ​ទឹក​ដី​របស់​ខ្លួន​មធ្យម​ទេ​។ សំខាន់​ម៉ាល់​ឌីវ​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​បញ្ជូន​នាវា​ស្រាវ​ជ្រាវ​នៅ​លើ​​លំ​ហ​សមុទ្រ​ចូល​ចត​នៅ​កំពង់​ផែ​របស់​ម៉ាល់​ឌីវ​ថែម​ទៀត​។ ​​​កំពង់​ផែ​នេះ​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ទឹក​ឥណ្ឌា​​តែ​ម្ដង​​។ ​នេះ​​គឺ​​ជា​កង្វល់​ដ៏​ធំ​​មួយ​សម្រាប់​រដ្ឋាភិបាល​ទី​ក្រុង​ញូដេលី​។​ ​សូម​រំលឹក​ថា​កាល​ពីខែ​មីនា​ ឆ្នាំ​២០២៤​​ ឥណ្ឌា​​​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​ដ៏​ថ្មី​សន្លាង​មួយ​កន្លែង​នៅ​លើ​ដែន​សមុទ្រ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​ម៉ាល់​ឌីវ​ទេ​។

ធ្វើ​បែប​នេះ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ឃ្លាំ​មើល​នៅ​លើ​លំហ​មហា​សមុទ្រ​ឥណ្ឌា​។ មែន​ទែន​ទៅ​ថ្វី​ដ្បិត​ទំនាក់​ទំនង​រវាង​ញូដេលី និង​រដ្ឋាភិបាល​ម៉ាល់​ឌីវ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូអ៊ីហ្ស៊ូ​អាច​នឹង​មាន​ភាព​រកាំ​រកូស​​នឹង​គ្នា​ខ្លះ​ៗ​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​​មិន​មែន​ចង​សត្រូវ​​នឹង​គ្នា​នោះ​ទេ​។ គម្រោង​អភិវឌ្ឍ​របស់​ឥណ្ឌា​នៅ​ម៉ាល់​ឌីវ​នៅតែ​បន្ត​អនុវត្ត​ជា​ហូរ​ហែ​។ គ្រាន់​តែ​ថា​ទំនាក់​ទំនង​រវាង​ម៉ាល់​ឌីវ និង​ចិន​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ជាង​មុន​​។ ពោល​គឺ​អភិវឌ្ឍ​នៅក្បែរ​របង​ផ្ទះ​របស់​​ប្រទេស​ឥណ្ឌា​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ