ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ថា​រុស្ស៊ី​មិន​ឱ្យ​អ្នក​​ដទៃ​គំ.​រាម​កំ.ហែ.ង​មក​លើ​ខ្លួន​ជា​ដាច់​ខាត

1 អាទិត្យ មុន

ទី​ក្រុងម៉ូស្គូ៖ ថ្ងៃ​នេះ លោក​ពូទីន​មាន​សារ​នយោបាយ​ថ្មី​មួយ​ទៀត​ហើយ​នៅ​ក្នុង​ឱកាស​រំលឹក​ទិវា​ជ័យ​ជម្នះ​លើ​ពួក​​ណាហ្ស៊ី​អាល្លឺម៉ង់​កាល​ពី​អំឡុង​សង្គ្រាម​​លោក​លើក​ទី​២។ លោក​ថ្លែង​ថា​​នៅក្នុង​លោក​នេះ​គ្មាន​នរណា​ម្នាក ឬ​ប្រទេស​ណា​១​អាច​​គំរាម​កំហែង​ប្រទេស​រុស្ស៊ីទេ​។ ​​ដោយ​​សារ​ប្រទេស​រុស្ស៊ី​ធ្លាប់​ហែល​ឆ្លង​ទុក្ខ​វេទនា​ជំនាន់​សង្គ្រាម​លោក​លើក​ទី​២ លោក​​ពូទីន​ប្ដេជ្ញា​ថា​នឹង​ខិត​ខំ​​​ឱ្យ​អស់​ពី​សមត្ថ​ភាព​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​​ពិភព​លោក​ធ្លាក់​ទៅ​ក្នុង​​ជម្លោះ​​សាកល​ជា​ថ្មី​ម្ដង​ទៀត​ទេ​​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ប្រទេស​រុស្ស៊ី​​មិន​អាច​បណ្ដោយ​ឱ្យ​អ្នក​ដទៃ​គំរាម​កំហែង​យើង​បាន​ដែរ​, កង​ទ័ព​របស់​យើង​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​និច្ច​។…

ទី​ក្រុងម៉ូស្គូ៖ ថ្ងៃ​នេះ លោក​ពូទីន​មាន​សារ​នយោបាយ​ថ្មី​មួយ​ទៀត​ហើយ​នៅ​ក្នុង​ឱកាស​រំលឹក​ទិវា​ជ័យ​ជម្នះ​លើ​ពួក​​ណាហ្ស៊ី​អាល្លឺម៉ង់​កាល​ពី​អំឡុង​សង្គ្រាម​​លោក​លើក​ទី​២។ លោក​ថ្លែង​ថា​​នៅក្នុង​លោក​នេះ​គ្មាន​នរណា​ម្នាក ឬ​ប្រទេស​ណា​១​អាច​​គំរាម​កំហែង​ប្រទេស​រុស្ស៊ីទេ​។ ​​ដោយ​​សារ​ប្រទេស​រុស្ស៊ី​ធ្លាប់​ហែល​ឆ្លង​ទុក្ខ​វេទនា​ជំនាន់​សង្គ្រាម​លោក​លើក​ទី​២ លោក​​ពូទីន​ប្ដេជ្ញា​ថា​នឹង​ខិត​ខំ​​​ឱ្យ​អស់​ពី​សមត្ថ​ភាព​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​​ពិភព​លោក​ធ្លាក់​ទៅ​ក្នុង​​ជម្លោះ​​សាកល​ជា​ថ្មី​ម្ដង​ទៀត​ទេ​​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ប្រទេស​រុស្ស៊ី​​មិន​អាច​បណ្ដោយ​ឱ្យ​អ្នក​ដទៃ​គំរាម​កំហែង​យើង​បាន​ដែរ​, កង​ទ័ព​របស់​យើង​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​និច្ច​។

លោក​ពូទីន​​​ចោទ​ប្រកាន់​ថា​ក្រុម​បស្ចិម​ប្រទេស​កំពុង​រុញ​ច្រាន​ពិភព​លោក​ទៅ​រក​ជម្លោះ​សាកល​។ ប៉ុន្តែ​យើង​មិន​បណ្ដោយ​ឱ្យ​នរណា​ម្នាក់​គំរាម​កំហែង​យើង​ទេ​​ក្នុង​នាម​ជា​មហា​អំណាច​នុយក្លេអ៊ែរ​លេខ​មួយ​លើ​លោក​​។ នៅ​ពេល​កង​ទ័ព​រុស្ស៊ី​បន្ត​វាយ​ប្រហារ​ប្រទេស​អ៊ុយ​ក្រែន​​ដោយ​ឥត​បន្ធូរ​ដៃ​ លោក​ពូទីន​យល់​ថា​ក្រុម​បស្ចិម​ប្រទេស​មិន​គួរ​បំភ្លេច​គុណូប​ការៈ​ពី​អតីតកាល​របស់​សហ​ភាព​សូវៀត​។ បើ​កុំ​តែ​បាន​សូវៀត​វាយ​ផ្ដួល​រំលំ​អ៊ីទ្លែ​ពី​អំណាច​ ម៉្លេះ​សម​ពេល​នេះ​ពិភព​លោក​មិន​ដឹង​ទៅ​ជា​ស្អី​ទេ​។

លោក​ពូទីន​ធ្លាប់​បក​ស្រាយ​ថា​ការ​ដែល​លោក​​​បញ្ជូន​កង​ទ័ព​វាយ​ចូល​​​អ៊ុយ​ក្រែន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​ គោល​បំណង​ធំ​ដើម្បី​ត​តាំង​គ្នា​ជា​មួយ​ក្រុម​បស្ចិម​ប្រទេស​​ដែល​លោក​សម្លឹង​ឃើញ​ថា​ពួក​គេ​កាន់​តែ​រុក​រាន​ទន្ទ្រាន​ទី​ដល់​របង​ផ្ទះ​របស់​រុស្ស៊ី​ហើយ​តាម​រយៈ​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​អង្គ​ការ​ណាតូ​។ មាន​ន័យ​ថា​​​លោក​​មិន​មែន​ចង់​វាយ​អ៊ុយ​ក្រែន​ប៉ុន្មាន​ទេ។ ប៉ុន្តែ​ណាស់​តែ​ប្រទេស​ដទៃ​យក​អ៊ុយ​ក្រែន​ធ្វើ​ជា​កូន​អុក​​។ លោក​ថា​​ពួក​គេ​នៅ​ពី​ក្រោយ​ខ្នង​​ចាំ​​ធ្វើ​សង្គ្រាម​ប្រយោល​ជា​មួយ​រុស្ស៊ី​។​

លោក​ធ្លាប់​ចាត់​ទុក​ការ​ដួល​រលំ​សហ​ភាព​សូវៀត​កាល​ពីឆ្នាំ​១៩៩១​​ជា​បរាជ័យ​ដ៏​អាម៉ាស់​បំផុត​ប្រចាំ​សត​វត្ស​ទី​២០​។ ការ​ដួល​រលំ​នេះ​ធ្វើ​ឱ្យ​លោក​ធ្លាក់​ខ្លួន​ទៅ​បើក​ឡាន​តាក់​ស៊ី​ដើម្បី​ចិញ្ចឹម​ជីវិត​​ព្រោះ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ យើង​គិត​ទៅ​មើល​ ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​កាហ្សេ​បេ​ម្នាក់​ដល់​ថ្នាក់​ធ្លាក់​ខ្លួន​រត់​តាក់​ស៊ី​​ដោយ​សារ​តែ​ប្រាក់​ខែ​​ជំនាន់​នោះ​បើក​មក​ចាយ​មិន​គ្រប់​គ្រាន់​ទេ​។ លោក​​ត្រូវ​តែ​ឆ្លៀត​ឈ្លក​រក​លុយ​ក្រៅ​បន្ថែម​។ នេះ​ជា​រឿង​អាថ៌​កំបាំង​ដែល​​គ្មាន​នរណា​ដឹង​ទេ​។ ​និយាយ​ទៅ​ហាក់​ដូច​ជា​ «ហែក​ពោះ​ឱ្យ​ក្អែក​ចឹក​»​។ ប៉ុន្តែ​លោក​ទ្រាំ​លាក់​ទុក​រឿង​នេះ​យូរ​ហើយ​។ ដូច្នេះ ​លោក​​សូម​ទម្លាយ​ឱ្យ​ដឹង​​ទៅ​ចុះ​​​។

​លោក​ពូទីន​នៅ​តែ​សោក​ស្ដាយ​ចំពោះ​ការ​ដួល​រលំ​សហ​ភាព​សូវៀត ​ហើយ​នៅ​តែ​​​នឹក​អាឡោះ​អាល័យ​​ទៅ​ដល់​​សម័យ​កាល​រុង​រឿង​របស់​​សហ​ភាព​សូវៀត​។ ​ក្រុ​ម​ស៊ើប​ការណ៍​បស្ចិម​ប្រទេស​វិភាគ​ឃើញ​ថា​លោក​ពូទីន​​ចង់​កសាង​ចក្រ​ភព​រុស្ស៊ី​ឡើង​វិញ​​។​ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចង់​ប្រមូល​ប្រទេស​ដែល​ធ្លាប់​ចំណុះ​ឱ្យ​សហ​ភាព​សូវៀត​យក​មក​គ្រប់​គ្រង​ឡើង​វិញ​​។​

លោក​ថ្លែង​ថា​បស្ចិម​ប្រទេស​ធ្លាប់​បាន​បំបាក់​មុខ​សហ​ភាព​សូវៀត​ ធ្វើ​ឱ្យ​សូវៀត​ខ្មាស​គេ​មិន​តិច​ទេ​ក្រោយ​ការ​ដួល​រលំ​ជញ្ជាំង​ទី​ក្រុង​ប៊ែឡាំង​​នៅ​អាល្លឺម៉ង់​ខាង​កើត​កាល​ពី​ឆ្នាំ​១៩៨៩​។ កាល​នោះ លោក​ពូទីន​ចោទ​ប្រកាន់​ថា​បស្ចិម​ប្រទេស​ព្រួត​គ្នា​ហ៊ុម​ព័ទ្ធ​យក​ប៊ែឡាំង​ដែល​តាម​​ពិត​ទៅ​ជា​តំបន់​របស់​សហ​ភាព​សូវៀត​សោះ​។ កោត​តែ​ពួក​គេ​ចូល​មក​ទន្ទ្រាន​ទឹក​ដី​នោះ​កើត​។​

អតីត​ប្រធានា​ធិបតី​អាមេរិក លោក​​រេហ្គឹន (Reagan) និង​មេដឹកនាំសូវៀត​ លោក​ហ្គោបាឆោហ្វ​ (Gorbachev) នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​

ដោយ​ឡែក​បើ​គេ​ស្ដាប់​ពី​ខាង​ក្រុម​បស្ចិម​ប្រទេស​ និង​អ៊ុយ​ក្រែន​វិញ​ម្ដង​​ ពួក​គេ​ចាត់​ទុក​ថា​លោក​ពូទីន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​លេប​ទឹក​ដី​ដូច​កាល​សម័យ​ចក្រ​ព័ត្តិ​និយម​​ដែល​​ដើរ​គូស​ផែន​ទី​ទឹក​ដី​របស់​ខ្លួន​ឯង​ ហើយ​គំរាម​គេ​ឱ្យ​ប្រគល់​ឱ្យ​ខ្លួន​។ បើ​មិន​ព្រម​ប្រគល់​តាម​សម្រួល​ទេ​នឹង​ប្រើ​កម្លាំង​បាយ​វាយ​យក​តែ​ម្ដង​។ ដូច្នេះ ទាំង​អាមេរិក អឺរ៉ុប និង​អ៊ុយ​ក្រែន​សច្ចា​ថា​ទោះ​ជា​ក្នុង​កាលៈ​ទេសៈ​ណា​​ក៏​ដោយ​ ពួកគេ​មិន​អាច​បណ្ដោយ​ឱ្យ​លោក​ពូទីន​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​​អ៊ុយ​ក្រែន​​ជា​ដាច់​ខាត​។

និយាយ​មួយ​ម៉ាត់​ដោយ​ខ្លី ភាព​ឈ្នះ​​ចាញ់​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​​​​ជា​ការ​គូស​វាស​ជោគ​វាសនា​​អនាគត​របស់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​។​ ជា​ពិសេស​អឺរ៉ុប​ខាង​លិច​ដែល​ជា​អ្នក​និយម​ប្រជា​ធិប​តេយ្យ​។​ សព្វ​ថ្ងៃ​នេះ ទឹក​ដី​អ៊ុយ​ក្រែន​១៨%​​ត្រូវ​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​បាត់​ទៅ​ហើយ​​ក្រោយ​​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នៅ​គ្រីម៉េ, ដូណឹត, ខឺសុន លូហាន និង​ហ្សា​ប៉ូរីហ្សៀ​។

​​មែន​ទែន​ទៅ ​ទឹក​ដី​អ៊ុយ​ក្រែន​ទាំង​មូល​​ធ្លាប់​ជា​ទឹក​ដី​រុស្ស៊ី​ពិត​មែន​ហើយ​​កាល​ពី​អតីត​កាល​។ ប៉ុន្តែ​ក្រោយ​ការ​ដួល​រលំ​សហ​ភាព​សូវៀត អ៊ុយ​ក្រែន​​​ប្រកាស​ខ្លួន​​ជា​រដ្ឋ​ឯក​រាជ្យ​។ រុស្ស៊ី​​​​​ធ្លាប់​និយាយ​យោង​ទៅ​លើ​កត្តា​ប្រវត្តិ​សាស្ត្រ​​​ ហើយ​ចង់​បាន​ទឹក​ដី​ចំណុះ​សហ​ភាព​សូវៀត​ត្រឡប់​មក​វិញ​​​ដោយ​សម្អាង​ថា​​ទីនេះ​ធ្លាប់​ជា​​ទឹក​ដី​រុស្ស៊ី​ទេ​តើ, ឥឡូវ​រុស្ស៊ី​យក​មក​​វិញ​មាន​អី​ខុស​?​​

​រុស្ស៊ី​តែង​ចាត់​ទុកថា​ការ​ផ្ដួល​រំលំ​​អ៊ី​ទ្លែ​​ពី​អំណាច​រហូត​ដល់​មាន​ការ​ចុះ​សន្ធិ​សញ្ញា​សន្តិ​ភាព​ថ្ងៃ​ទី​៨ ខែ​ឧសភា​ ឆ្នាំ​១៩៤៥​​គឺ​ជា​មហា​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ដែល​អាច​សម្រេច​បាន​ដោយ​សារ​​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ពលិ​កម្ម​ធំ​ធេង​ណាស់​ទម្រាំ​អាច​កម្ចាត់​របប​ណាហ្ស៊ី​​ឱ្យ​រលំរលាយ​ទាំង​ស្រុង​​​​។ ​យោង​តាម​របាយ​ការណ៍របស់​​កាហ្សេ​បេ ​​(KGB)​ ចេញ​ផ្សាយ​ឆ្នាំ​១៩៩១​ កង​ទ័ព​សូវៀត​ជាង​៨​លាន​នាក់​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។ ​ជន​ស៊ីវិល​រុស្ស៊ី​ក៏​ស្លាប់​ច្រើន​ដែរ​រហូត​ដល់​ជិត​ម្ភៃ​លាន​នាក់​​​។​

គ្រាន់​តែ​កង​ទ័ព​សូវៀត​វាយ​​ប្រហារ​ទឹក​ផ្ដាច់​ព្រ័ត្រ​ចូល​ទី​ក្រុង​ប៊ែឡាំង​ស្លាប់​អស់​ជាង​៨​ម៉ឺន​នាក់​​ត្រឹម​តែ​រយៈ​ពេល​ជាង​១​​អាទិត្យ​ប៉ុណ្ណោះ​។​​ និយាយ​ជា​រួម​​​ សហ​ភាព​សូវៀត​បាន​បាត់​បង់​ជីវិត​​​ជន​ស៊ីវិល និង​កង​ទ័ព​សរុប​​ជាង​២៧​លាន​នាក់​ទម្រាំ​ពិភព​លោក​ស្គាល់​សន្តិ​ភាព​បាន​ប៉ុណ្ណេះ​។ អីចឹង​ហើយ​បាន​ជា​​មេ​ដឹក​នាំ​សហ​ភាព​សូវៀត​ជំនាន់​មុន​ៗ​ក្ដី លោក​​ពូទីន​ក្ដី​​​​មិន​អាច​បំភ្លេច​សោក​នាដ​កម្ម​ទាំង​នេះ​បាន​ឡើយ​។ ​លោក​តែង​តែ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​​មិន​បណ្ដោយ​​ឱ្យ​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែល​ជា​ដាច់​ខាត​​​៕

មេ​ដឹក​នាំ​មហា​អំណាច​ទាំង​បី​​ដែល​រួម​ដៃ​គ្នា​ផ្ដួល​រំលំ​អ៊ីទ្លែ​ពី​អំណាច​៖ ពី​ឆ្វេង​ទៅ​ស្ដាំ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​, ប្រធានា​ធិបតី​អាមេរិក និង​មេ​ដឹក​នាំ​សូវៀត
កង​ទ័ព​សូវៀត​ឡើង​ដោត​ទង់​ជាតិ​នៅ​លើ​វិមាន​រដ្ឋ​សភា​អាល្លឺម៉ង់​ក្រោយ​ពេល​វាយ​យក​បាន​ទី​ក្រុង​ប៊ែឡាំង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ