ខេត្តព្រៃវែង ៖ មនុស្សចំនួន៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងពីរនាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន បន្ទាប់ពីពួកគេបានត្រួតគ្នាវាយប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសស្ទើរស្លាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី១១ មេសា នៅចំណុចភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ហេង ហៀក ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាច់ ឃុំចុងអំពិល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ចេញពីកន្លែងផឹកស៊ី ឆ្ពោះត្រឡប់ទៅផ្ទះ ប៉ុន្តែពេលមកដល់កណ្ដាលផ្លូវ ជាចំណុចកើតហេតុក៏បានជួបជាមួយនឹងបក្សពួកក្រុមជនបង្កមានគ្នាចំនួន៦នាក់ ហើយពេលឃើញជនរងគ្រោះដែលជាមនុស្សធ្លាប់មានគំនុំចាស់ជាមួយគ្នាផង ទើបក្រុមជនបង្កបានប្រើដែកទីប ព្រួតវាយសន្ធាប់ទៅលើជនរងគ្រោះរហូតបែកឈាមពេញផ្ទៃមុខ និងដងខ្លួនហើយសន្លប់ស្ដូកស្ដឹង ទើបក្រុមជនបង្កនាំគ្នារត់គេខ្លួនបាត់អស់ទៅ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីកើតហេតុភ្លាម អ្នកស្រុកជិតខាងបានរាយការណ៍ប្ដឹងទៅខាងសមត្ថកិច្ចភ្លាមៗ ហើយដោយស្គាល់អត្តសញ្ញាណក្រុមជនបង្កស្រាប់ ទើបសមត្ថកិច្ចចុះទៅចាប់ក្រុមជនបង្កបានចំនួន៤នាក់ភ្លាមៗតែម្ដង ដោយឡែកបក្សពួកពីរនាក់ទៀត បានរត់គេចខ្លួនបាត់ ហើយពេលនេះសមត្ថកិច្ចក៏កំពុងតាមរកចាប់ខ្លួនផងដែរ។
ចែករំលែកព័តមាននេះ