រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ ទម្រង់ឆៃយ៉ាំមួយក្រុមបាននឹងកំពុងសាងភាពទាក់ទាញខ្លាំងក្រោយបុរសពិការរូបនេះបានបង្ហាញទម្រង់ឆៃយាំខ្មែរអោយមហាជនបានទស្សនាក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងបានចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ។

ជាការពិតណាស់ សម្រាប់ការបង្ហាញលេងឆៃយ៉ាំនេះទៀតសោតជាការស្ម័គ្រចិត្តដោយចង់រក្សាប្រពៃណី វប្បធម៌ក៏ដូចជា បង្វែរអារម្មណ៍អោយមហាជនងាកមកចាប់អារម្មណ៍ចំពោះឆៃយ៉ាំដែលជាទម្រង់មួយដែលបងប្អូនខ្មែរតែងយកទៅសម្តែងធ្វើឡើង នៅក្នុងពិធីបុណ្យទានផ្សេងៗជាច្រើននោះ ។
តើបងប្អូនយល់យ៉ាងណា? ក្រោយបុរសពិការរូបនេះមានចិត្តអភិរក្សចំពោះឆៃយ៉ាំ ដោយលោកជាអ្នកភ្លេងបុរាណសម័យ ហើយក៏ជាគ្រូភ្លេង ដែលអាចលេងឧបករណ៍ភ្លេងបានច្រើនប្រភេទៀតផង ។ ក្នុងនោះដែរលោកបានបង្ហោះសារដាស់តឿនយុវជនថា«សួស្តីពុកម៉ែបងប្អូន សូមកុំបំភ្លេចនូវឧបករណ៍បុរាណដែល ជាសម្បត្តិវប្បធម៌របស់ខ្មែរ ដែលពួកខ្ញុំសង្កេតឃើញថា កម្មវិធីសង្ក្រាននូវតាមកន្លែងផ្សេងៗជាច្រើន មិនសូវឃើញឧបករណ៍ភ្លេងខ្មែរទេ ទន្ទឹមនឹងនេះក្នុងកម្មវិធីចូលឆ្នាំចិនម្តងៗពួកយើងឃើញមានលោតមុងសាយតាមផ្លូវហូរហែរ» ។

គួរបញ្ជាក់ដែរថា ក្នុងការបង្ហាញឆៃយ៉ាំនៅតាមទីសាធារណៈនេះ ដោយលោកចង់អោយយុវជន ក្មេងស្រករក្រោយ ងាកមកចាប់អារម្មណ៍ ជាពិសេសក្នុងឪកាសបុណ្យចូលឆ្នាំនេះតែម្តង ពោលការធ្វើជាការស្ម័គ្រចិត្តចេញពីទឹក ដើម្បីបង្ហាញទម្រង់សិល្បៈមួយនេះអោយមានភាពរស់រវើក ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក មិន បូណា ដែលជាជនមានពិការភាពតាំងពីកំណើតបានជម្រាបថា លោកធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ក៏ដូចជាពញ្ញាក់អារម្មណ៍យុវជនអោយចាប់អារម្មណ៍ចំពោះរបាំឆៃយ៉ាំខ្មែរ ព្រោះលោកគិតថា នេះជាកេរ្តិ៍ដំណែលរបស់ខ្មែរបុព្វបុរសខ្មែរបានបន្សល់ទុកអោយ ។
លើសពីនេះ លោក បូណា ដែលជាគ្រូភ្លេងបានលើកឡើងត្រង់ចំណុចដោយអោយតែដល់បុណ្យចូលឆ្នាំចិន គេតែងលើកយកវប្បធម៌បរទេសមកបង្ហាញ តែចំពោះយើងវិញនៅពេលបុណ្យប្រពៃណីយើង ហេតុអ្វីមិនសូវមានការលើកយកឆៃយ៉ាំ របាំត្រុត ឬរបាំផ្សេងៗមកបង្ហាញ ពោលត្រង់ចំណុចនេះហើយដែលលោកចង់បង្ហាញអោយកូនខ្មែរ ងាកមកចាប់អារម្មណ៍ឡើងវិញ ។

បន្ថែមពីនេះ លោកថាភាគច្រើនក្នុងរាជធានីភ្នំពេញតែម្តង ដែលគេតែងកាត់បន្ថែមភ្លេងខ្មែរ ដោយយកភ្លេងសម័យយកមករាំជំនួយវិញនោះ ដូច្នេះក្នុងនាមលោកជាគ្រូ ហើយក៏ជាក្មេងវត្តដែលបានឆ្លងកាត់ភ្លេងខ្មែរច្រើនទម្រង់នោះលោកអំពាវនាវអោយកូនខ្មែរងាកគាំទ្រ ព្រោះសម្រាប់ការសម្តែងនាពេលល្ងាចប៉ុន្មានថ្ងៃនេះ លោកថា ឃើញមានបងប្អូនចាប់អារម្មណ៍ច្រើនក៏ដូចជា បរទេសទៀតផងនោះ ។ ចំពោះការលេងរបាំឆៃយ៉ាំនេះ លោកសម្តែងនាពេលល្ងាចនៅតាមមាត់ទន្លេ តាមផ្សាររាត្រីផ្សារចាស់ ក្នុងខណ្ឌដូនពេញ ដោយក្រុមសម្តែងរបស់លោកមានសមាជិក១០ មានអ្នកភ្លេង តួស្វា ឥសី អ្នករាំ ពោលធ្វើយ៉ាងយុំាងបរិយាកាសអោយមានភាពអ៊ូអរ សប្បាយក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ខាងមុខ ។

លោក បូណា ដែលជាជនមានពិការភាពរូបនេះតស៊ូណាស់ទម្រាំមានថ្ងៃនេះ តស៊ូពីជីវិតក្មេងវត្តក្លាយជាមន្ត្រីរាជការ និងចេះលេងឧបករណ៍ភ្លេង១០ប្រភេទ ហើយលោកថែមទាំងមានចិត្តអភិរក្សឆៃយ៉ាំបន្តទៀត ។
គួររលឹកដែរថា លោក មិន បូណា ដែលជាជនពិការធ្លាប់បានផ្ញើខ្លួននឹងសង្ឃ ពឹងពាក់ស្នាក់អាស្រ័យទីវត្តអារាម ទោះភ្នែកលោកទាំងសងខាងពិការក៏ពិតមែន តែពិភពលោកមួយនេះមិនងងឹតចំពោះលោកនោះទេ ដោយលោកអាចទទួលបានផ្ញើសារតបឆាតឆ្លងឆ្លើយបានគ្រប់ទាំងអស់ ហើយថែមទាំងអាចលេងបានឧបករណ៍ភ្លេងប្រហែល១០ប្រភេទបានទៀតផង ៕ ដោយ៖លីហួ គីមឆាយ


ចែករំលែកព័តមាននេះ