(ចិន)៖ អាជ្ញាធរនៅទីក្រុង Nantong ក្នុងខេត្ត Jiangsu ប្រទេសចិន បានប្រឈមមុខនឹងការរិះគន់ពីប្រជាជន ក្រោយបានចេញការហាមឃាត់ក្នុងការផលិត និងលក់ ព្រមទាំងហាមមិនឱ្យដុតក្រដាសសែន ក្នុងថ្ងៃសែនផ្នូរចិន (ឆេងម៉េង)។
ការដុតក្រដាសសែន និងដុតដុំមាស លុយ ឡាន ផ្ទះ ដែលផលិតផលចេញពីក្រដាស គឺជាពិធីប្រពៃណីរបស់ជនជាតិចិន ក្នុងថ្ងៃសែនផ្នូរចិន។ ក្រៅពីបង្ហាញការគោរព ការដុតអំណោយក្រដាសក៏ត្រូវបានគេជឿថានឹងធានាថាមនុស្សជាទីស្រឡាញ់ដែលបានស្លាប់នឹងមានទ្រព្យសម្បត្តិច្រើនពេលចាប់ជាតិ។
ប៉ុន្តែនៅមុនពិធីបុណ្យ ឆេងម៉េង នាឆ្នាំនេះ រដ្ឋាភិបាលនៃក្រុង Nantong (ប្រទេសចិន) ស្រាប់តែចេញបទប្បញ្ញត្តិហាមប្រាមការផលិត ការលក់ និងការប្រើប្រាស់ដុតក្រដាសសែន។ ទីភ្នាក់ងារសារព័ត៌មាន thecover.cn បានរាយការណ៍ថា រដ្ឋាភិបាលខេត្តបានហាមឃាត់នេះក៏ដោយសារតែដើម្បីការពារបរិស្ថាន និងចៀសវាងបញ្ហាអគ្គិភ័យឆាបឆេះ។
មន្ត្រីកិច្ចការរដ្ឋប្បវេណី និងអាជ្ញាធរត្រួតពិនិត្យទីផ្សារបាននិយាយ អ្នកណាក៏ដោយដែលបំពានច្បាប់នឹងត្រូវរឹបអូសសម្ភារៈ និងត្រូវពិន័យជាប្រាក់រហូតដល់ ៣ដងនៃប្រាក់ចំណូលរបស់ពួកគេ។ រដ្ឋាភិបាលក្រុង Nantong បាននិយាយថា សាធារណជនគួរតែរំលឹកដល់បុព្វបុរសរបស់ពួកគេដោយប្រើមធ្យោបាយផ្សេងដូចជា ដាំផ្កា ដាំដើមឈើ និងការសរសេរសំបុត្រជាដើម។
ការហាមប្រាមនេះបានបង្កឱ្យមានរលកនៃការរិះគន់នៅលើបណ្តាញសង្គមរបស់ប្រទេសចិន ដោយមានវិទ្យុជាតិចិន (CNR) ក៏ចូលរួមក្នុងការពិភាក្សាផងដែរ។ CNR បាននិយាយថា «ការដុតក្រដាសប្រាក់ដើម្បីបូជាដូនតាមិនមែនជាអបិយជំនឿសក្តិភូមិទេវាគឺជាអ្វីដែលប្រជាជនចិនបានធ្វើដើម្បីរំលឹកដល់បុព្វបុរសរបស់ពួកគេអស់រយៈពេលជាយូរមកហើយ»។ «រដ្ឋាភិបាលអាចអំពាវនាវឱ្យសាធារណជនងាកមកការការពារបរិស្ថាន ប៉ុន្តែការហាមប្រាមប្រជាពលរដ្ឋមិនឱ្យដុតក្រដាសសែនបែបនេះ គឺមិនសមហេតុផល ។ យើងស្នើឱ្យអាជ្ញាធរមានការប្រុងប្រយ័ត្ននៅពេលចេញការហាមប្រាមនេះ»។
ចំណែកអ្នកប្រើប្រាស់ Douyin បានបញ្ចេញមតិថា «ការដុតក្រដាសសែន វាជាជំនឿរបស់យើង វាជាវិធីតភ្ជាប់រវាងយើង និងសាច់ញាតិរបស់យើងដែលបានស្លាប់ទៅហើយ» ខ្ញុំមិនគាំទ្រការលុបបំបាត់ទំនៀមទម្លាប់នេះទេ»។
ក្រុងNantong មិនមែនជាតំបន់តែមួយគត់ក្នុងប្រទេសចិនដែលហាមប្រាមការលក់ដូរ និងដុតក្រដាសសែនក្នុងថ្ងៃឆេងម៉េងនោះទេ ដែលវាមានជាយូរមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងផ្សេងទៀតរួមមានទីក្រុងប៉េកាំង ទីក្រុង Chongqing ទីក្រុង Tianjin និង Liaoyang បានណែនាំច្បាប់ស្រដៀងគ្នានេះ៕ ប្រភព៖ SCMP
ចែករំលែកព័តមាននេះ