ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលមហាសេដ្ឋីវៀតណាម ដំណើរការក្រុមហ៊ុនស្ថានីយសាកថ្មឡានអគ្គិសនីជាសកល

1 ខែ មុន

ប្រទេសវៀតណាម ៖ កំពូលមហាសេដ្ឋីវៀតណាម លោក ផាម ញ៉ាត់ វង់ (Pham Nhat Vuong) ប្រធាន

ប្រទេសវៀតណាម ៖ កំពូលមហាសេដ្ឋីវៀតណាម លោក ផាម ញ៉ាត់ វង់ (Pham Nhat Vuong) ប្រធានក្រុមហ៊ុន Vingroup និងជាស្ថាបនិកក្រុមហ៊ុនផលិតឡានអគ្គិសនី VinFast កាលពីដើមសប្តាហ៍នេះ បានប្រកាសពីការបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍ស្ថានីយសាកថ្មឡានអគ្គិសនីជាសកល ដែលមានឈ្មោះថា V-Green ។

យោងតាមប្រភពពីសារព័ត៌មាន VnExpress បានរាយការណ៍ថា បេសកកម្មរបស់ក្រុមហ៊ុន V-Green គឺវិនិយោគលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មឡានអគ្គិសនី ដែលផ្តល់ការគាំទ្រអតិបរមាសម្រាប់ក្រុមហ៊ុន VinFast ដើម្បីពង្រីកជាសកល និងជំរុញវៀតណាមឱ្យក្លាយជាប្រទេសឈានមុខគេមួយក្នុងពិភពលោក លើដង់ស៊ីតេស្ថានីយសាកថ្មឡានអគ្គិសនី។

ក្រុមហ៊ុន V-Green ដែលមហាសេដ្ឋីមានបំផុតរបស់ប្រទេសវៀតណាម លោក ផាម ញ៉ាត់ វង់ កាន់កាប់ភាគហ៊ុនរហូតដល់ ៩០% នឹងធ្វើប្រតិបត្តិការដៃគូសកល ដោយដឹកនាំការបង្កើតបណ្ដាញស្ថានីយសាកថ្មឡានអគ្គិសនីដ៏ទូលំទូលាយ។ ការផ្លាស់ប្ដូរនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន V-Green ផ្តោតតែលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយឯករាជ្យពីក្រុមហ៊ុន VinFast ហើយអាចឱ្យក្រុមហ៊ុនផលិតអគ្គិសនីវៀតណាមផ្តល់អាទិភាពដល់ការពង្រីកទីផ្សារ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយនឹងគោលដៅក្នុងការអភិវឌ្ឍប្រព័ន្ធអេកូបៃតង និងរួមចំណែកដល់ការផ្លាស់ប្ដូរយានយន្តអគ្គិសនីផងនោះ ក្រុមហ៊ុន V-Green នឹងស្វែងរកការចូលប្រើប្រាស់បានប្រសើរជាងមុន និងប្រមូលដើមទុនជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ដើម្បីជំរុញការពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន VinFast ទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន V-Green នឹងស្វែងរកដោយផ្ទាល់សម្រាប់ទីតាំង និងដៃគូដើម្បីបង្កើត ក៏ដូចជាពង្រីកបណ្ដាញស្ថានីយសាកថ្មរបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗ ជុំវិញពិភពលោក។ វាក៏នឹងសហការជាមួយក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់សេវាសាកថ្មដល់ម្ចាស់ឡានអគ្គិសនីរបស់ក្រុមហ៊ុន VinFast។

នៅប្រទេសវៀតណាម ក្រុមហ៊ុន V-Green នឹងទទួលខុសត្រូវលើប្រតិបត្តិការ និងគ្រប់គ្រងបណ្ដាញស្ថានីយសាកថ្មដែលមានស្រាប់របស់ក្រុមហ៊ុន VinFast ដោយបន្ថែមការវិនិយោគចំនួន ១០ទ្រីលាន​ដុង ដែលស្មើនឹង ៤០៤លានដុល្លារអាម៉េរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីសាងសង់ស្ថានីយថ្មី ក៏ដូចជាធ្វើឱ្យប្រសើរឡើង និងបញ្ចប់បណ្ដាញដែលមានស្រាប់។

លោក Nguyen Duc Thanh នាយកប្រតិបត្តិក្រុមហ៊ុន V-Green លើកឡើងថា ការសម្រេចចិត្តរបស់ស្ថាបនិកក្រុមហ៊ុន VinFast ក្នុងការបង្កើត V-Green គឺជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីគាំទ្រជាសកល និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ VinFast ។

ក្រុមហ៊ុន VinFast ត្រូវបានរំពឹងថានឹងពង្រីកប្រតិបត្តិការរបស់ខ្លួន ទៅកាន់ប្រទេសយ៉ាងតិច ៥០ ជុំវិញពិភពលោកនៅក្នុងឆ្នាំនេះ ដោយបន្ថែមពីលើទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាម៉េរិក កាណាដា និងអឺរ៉ុប។ ក្រុមហ៊ុនក៏កំពុងចូលទៅក្នុងបណ្ដាប្រទេសអាស៊ីជិតខាងដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និង ហ្វីលីពីន ក៏ដូចជាមជ្ឈិមបូព៌ា ហើយនិងអាហ្វ្រិកផងដែរ។

ប្រភពពីទស្សនាវដ្តីពាណិជ្ជកម្មអាម៉េរិក Forbes បង្ហាញថា ទ្រព្យសម្បត្តិរបស់លោក ផាម ញ៉ាត់ វង់ (Pham Nhat Vuong) សរុបមានចំនួន ៤.៥ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ