ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសិង្ហបុរីចំណេញក.ប់ក្តោ.ង! ឥណ្ឌូណេស៊ីចង់សហការផ្សព្វផ្សាយទេសចរណ៍ជាមួយតារាលំដាប់ A

1 ខែ មុន

ឥណ្ឌូណេស៊ី ៖ លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បាន

0:00
0:00

ឥណ្ឌូណេស៊ី ៖ លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីមានឆន្ទៈសហការជាមួយនឹងប្រទេសសិង្ហបុរី ដើម្បីទាក់ទាញសិល្បករ សិល្បការិនីល្បីៗលំដាប់ A នៅលើពិភពលោក ដូចជា តារាចម្រៀងអាម៉េរិក Taylor Swift សម្រាប់ការប្រគំតន្ត្រីខ្នាតយក្ស ដែលនឹងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍។ គួររំលឹកថា ការ​ប្រគំ​តន្ត្រី​កំពូល​តារាចម្រៀង Taylor Swift គឺជា​កំណប់​មហាសាល​ដល់​សេដ្ឋកិច្ច​សិង្ហ​បុរី

លោក Sandiaga Uno

លោក Sandiaga បានលើកឡើងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Jakarta Post ថា អ្នកទៅទស្សនាការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift កាលពីថ្មីៗនេះ នៅក្នុងប្រទេសសិង្ហបុរី ដែលជាការទិញសិទ្ធិផ្តាច់នៅតំបន់អាស៊ីអាគ្នេយ៍នោះ បាននាំមកនូវការចំណាយច្រើនជាងភ្ញៀវទេសចរធម្មតារហូតដល់ទៅ៥ដងឯណោះ។

ប្រភពពីកាសែតសិង្ហបុរី The Straits Times បានរាយការណ៍ថា មនុស្សប្រមាណជាង ៣៦៨,០០០នាក់បានចូលរួមទស្សនាការប្រគំតន្ត្រីរយៈពេល៦យប់របស់កំពូលតារាចម្រៀង Taylor Swift ដែលការប្រគំនោះមានឈ្មោះថា «Eras Tour» នៅក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែមីនា កន្លងទៅ ជាមួយនឹងតម្លៃសំបុត្រយន្តហោះ និងតម្លៃបន្ទប់សណ្ឋាគារ រួមទាំងអាជីវកម្មគ្រប់កម្រិតរបស់សិង្ហបុរីបានកើនឡើងយ៉ាងខ្លាំងលើសលប់។

លោក Sandiaga Uno បានថ្លែងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងបង្កើតមូលនិធិទេសចរណ៍មានតម្លៃ ១២៨លានដុល្លារអាម៉េរិក ដើម្បីគាំទ្រក្រុមហ៊ុនក្នុងស្រុក ដើម្បីរៀបចំការសម្ដែងដ៏អស្ចារ្យស្រដៀងនឹងការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift នៅប្រទេសសិង្ហបុរី។ លោកក៏បានសន្យាផងដែរក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការចេញលិខិតអនុញ្ញាត និងធនធានមនុស្ស ដើម្បីទាក់ទាញតារាលំដាប់ A ពិភពលោក រៀបចំការប្រគំតន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ីបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១១.៧លាននាក់ កាលពីឆ្នាំមុន ហើយមានបំណងបង្កើនរហូតដល់ ១៤លាននាក់ នៅឆ្នាំនេះ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសជាច្រើនទៀត និងសម្រួលការអនុញ្ញាត ដើម្បីធ្វើឱ្យកាន់តែងាយស្រួលដល់ក្រុមហ៊ុនក្នុងស្រុក សម្រាប់ការរៀបចំព្រឹត្តិការណ៍តន្ត្រីទ្រង់ទ្រាយធំលំដាប់ពិភពលោក៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ