ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រគំតន្ត្រីកំពូលតារាចម្រៀង Taylor Swift គឺជាកំណប់មហាសាលដល់សេដ្ឋកិច្ចសិង្ហបុរី

1 ខែ មុន

សិង្ហបុរី ៖ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានធ្វើការគណនាថា ប្រទេសសិង្ហបុរីទទួលបានប្រាក់ចំណូលយ៉ាង

0:00
0:00

សិង្ហបុរី ៖ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានធ្វើការគណនាថា ប្រទេសសិង្ហបុរីទទួលបានប្រាក់ចំណូលយ៉ាងច្រើន ក៏កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺនៅទូទាំងពិភពលោក តាមរយៈការចំណាយលុយទិញសិទ្ធិផ្តាច់មុខនៅអាស៊ីអាគ្នេយ៍ ដើម្បីរៀបចំកម្មវិធីប្រគំតន្ត្រី «Eras Tour» របស់កំពូលតារាចម្រៀងអាម៉េរិក កញ្ញា Taylor Swift កាលពីពេលថ្មីៗនេះ។

កម្មវិធីការប្រគំតន្ត្រី «Eras Tour» ចំនួន ៦ នៅប្រទេសសិង្ហបុរី ដែលសំបុត្រលក់ដាច់គ្មានសល់របស់ Taylor Swift ដែលចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា កន្លងទៅ ត្រូវបានរំពឹងថានឹងនាំមកនូវប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណពី​២៦០លានដុល្លារអាម៉េរិក ទៅដល់​៣៧៥លានដុល្លារអាម៉េរិក។ នេះបើតាមការលើកឡើងរបស់លោកស្រី Erica Tay នាយកនៃការស្រាវជ្រាវម៉ាក្រូរបស់ធនាគារ Maybank បានប្រាប់កាសែតអាម៉េរិក Washington Post ។

កាសែត Washington Post កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅ បានរាយការណ៍ថា ប្រទេសសិង្ហបុរី គឺជាអ្នកទទួលផលសេដ្ឋកិច្ចចុងក្រោយពីឥទ្ធិពលនៃការប្រគំតន្ត្រីរបស់ Taylor Swift ឬ «Swiftonomics» ដែលជាឈ្មោះដាក់សម្រាប់ការជំរុញសេដ្ឋកិច្ចនៃការប្រគំតន្ត្រីដំណើរទេសចរណ៍របស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ល្បីលំដាប់ពិភពលោកវ័យ៣៤ឆ្នាំរូបនេះ ។

យោងតាមប្រភពពីគេហទំព័រ Bloomberg កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅ បានរាយការណ៍ថា GDP ឬ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរីទំនងនឹងកើនឡើង ២.៩% នៅត្រីមាសទី១ នៃឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមត្រីមាសទាំង ៦ របស់ខ្លួន។ ប្រភពដដែលបន្តថា អ្នកសេដ្ឋកិច្ចក៏បានបង្កើនការព្យាករណ៍សម្រាប់កំណើនប្រចាំឆ្នាំរបស់ប្រទេសសិង្ហបុរីចាប់ពី ២.៣% ទៅដល់ ២.៥% ។

ជាមួយការទិញសិទ្ធិផ្តាច់មុខនៅអាស៊ីអាគ្នេយ៍ គឺជាចលករដ៏សំខាន់បំផុត ដែលជំរុញប្រជាជនជាច្រើនពីបណ្ដាប្រទេសជិតខាងសម្រុកមកកាន់ប្រទេសសិង្ហបុរី ជាពិសេសអ្នកគាំទ្រមកពីប្រទេសចិនបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ហើយបន្តប្រមូលផ្តុំគ្នាទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាអ្នកគាំទ្រមកពីជប៉ុន ដែលជាគោលដៅដ៏ទាក់ទាញតែមួយគត់នៅអាស៊ីបូព៌ា។

អាកាសយានដ្ឋាន Changi របស់សិង្ហបុរីបានថ្លែងប្រាប់កាសែត Washington Post ថា ជើងហោះហើរអ្នកដំណើរមកដល់ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា បានកើនឡើងជាង ២០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ អាជីវកម្មគ្រប់កម្រិតរបស់ប្រទេសសិង្ហបុរី ដោយសហគ្រាសជាច្រើនចាប់ពីម៉ាកធំៗ រហូតដល់ហាងលក់អង្កាំតូចៗ រួមទាំងស្ទូឌីយូរូបថត ក៏សុទ្ធតែរកបានប្រាក់ចំណូលយ៉ាងច្រើន ដោយសារតែពីការប្រគំតន្ត្រីដ៏អស្ចារ្យនេះ។

បើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក Seong Loh Lim Siong អ្នកជំនាញខាងសេដ្ឋកិច្ច បានបង្ហាញទិន្នន័យអំពីផលចំណេញដ៏មហាសាលរបស់ប្រទេសសិង្ហបុរី ដូចជា ៖ សំបុត្រលក់សរុបបាន ៧៥.២លានដុល្លារ, សិង្ហបុរីបានចំណូលលុយសុទ្ធចំនួន ១១.៣លានដុល្លារ, អ្នកទស្សនាប៉ាន់ប្រមាណ ៥០០លាននាក់ទូទាំងពិភពលោក, បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងដឹកជញ្ជូនកើនឡើង ៤០%, ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈកើនឡើង ១០%,ការស្នាក់នៅបណ្ដាសណ្ឋាគារកើនឡើង ២៥%, ហ្វូងមនុស្សគិតជាម៉ែត្រការ៉េកើនឡើង ២៥%, ជើងហោះហើរកើនឡើង ១៨៦%, ការជាវកន្លែងស្នាក់នៅកើនឡើង ៤៦២% និងតំបន់ទេសចរណ៍កើនឡើងរហូតដល់ ២,៣៧៣%។

ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់សិង្ហបុរីបានបង្កភាពមិនរីករាយនៅក្នុងចំណោមប្រទេសជិតខាង ដែលចង់បានការប្រគំតន្ត្រីរបស់ Taylor Swift ជាពិសេសប្រទេសថៃ និងកូរ៉េខាងត្បូង។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានអះអាងថា សិង្ហបុរីបានចំណាយប្រាក់ដល់ទៅ៣លានដុល្លារសម្រាប់មួយកម្មវិធី ដើម្បីផ្តាច់សិទ្ធិការប្រគំតន្ត្រីរបស់ Taylor Swift នៅអាស៊ីអាគ្នេយ៍ ដែលជំរុញឱ្យមេដឹកនាំប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីនក៏មានការមិនពេញចិត្តផងដែរ។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង (Lee Hsien Loong) បានការពារកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា លោកមិនមើលឃើញការរៀបចំមួយនេះ គឺជាភាពមិនរាក់ទាក់ចំពោះប្រទេសជិតខាងនោះទេ ហើយសិង្ហបុរីបានបដិសេធលើអ្វីដែលរដ្ឋាភិបាលបានចំណាយដើម្បីនាំយកការប្រគំតន្ត្រីរបស់ Taylor Swift។ ប៉ុន្តែសារព័ត៌មានក្នុងស្រុក Channel NewsAsia ប៉ាន់ស្មានថា ការចំណាយទំនងជាមានតម្លៃចន្លោះពី ២ ទៅ ៣លានដុល្លារប៉ុណ្ណោះ សម្រាប់កម្មវិធីទាំង៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ