ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ដីធ្លី​ ៖ អ្នក​កួកជេ​ផ្តើម​ចេញ​រកស៊ី​ឡើង​វិញ ក្រោយ​មាន​សញ្ញា​ងើប​តិច​ៗ

1 ខែ មុន

លោក​សំបូរ បាន​ណាត់ជួប​អតិ​ថិជន​ដែល​មាន​បំណង​ចង់​លក់​ដី កាលពី​ស​ប្តា​ហ៍​មុន​នៅ​ហាង​កាហ្វេ​មួយ កន្លែង​នៅ​សង្កាត់​និរោធ ជាយក្រុង​ភ្នំពេញ ។ បុរស​អ្នក​កួ​ក​ជេ​ដីធ្លី​រូប​នេះ​ផ្តើម​ជួបជុំ​ក្រុមការងារ​ឡើង​វិញ ចាប់ពី​ដើមឆ្នាំ​២០០២៤ ដើម្បី​បន្ត​ការ​រក​ចំណូល​ពី​ការ​ធ្វើ​ជា​ឈ្មួញកណ្តាល​ទិញ​លក់​ដី ។…

លោក​សំបូរ បាន​ណាត់ជួប​អតិ​ថិជន​ដែល​មាន​បំណង​ចង់​លក់​ដី កាលពី​ស​ប្តា​ហ៍​មុន​នៅ​ហាង​កាហ្វេ​មួយ កន្លែង​នៅ​សង្កាត់​និរោធ ជាយក្រុង​ភ្នំពេញ ។ បុរស​អ្នក​កួ​ក​ជេ​ដីធ្លី​រូប​នេះ​ផ្តើម​ជួបជុំ​ក្រុមការងារ​ឡើង​វិញ ចាប់ពី​ដើមឆ្នាំ​២០០២៤ ដើម្បី​បន្ត​ការ​រក​ចំណូល​ពី​ការ​ធ្វើ​ជា​ឈ្មួញកណ្តាល​ទិញ​លក់​ដី ។

លោក​សំបូរ​និយាយ​ថា ពួក​លោក​បាន​ផ្តើម​ជួបជុំ​គ្នា​ឡើង​វិញ ក្រោយ​ពី​ផ្អាក​សកម្មភាព​ជាង​១​ឆ្នាំ​មក​ហើយ ដោយសារ​ដីធ្លី គ្មាន​ហាងឆេង ។ នៅ​ក្នុង​ហាង​កាហ្វេ​នោះ ក្រៅពី​ក្រុម​របស់​លោក​សំបូរ​នៅ​មាន​មនុស្ស​ពីរ​ក្រុម​ទៀត​បាន​ជួបជុំ​គ្នា​ដែរ ដើម្បី​និយាយរ​បរជា​ភ្នាក់ងារ​លក់​ដីធ្លី​នេះ ។ លោក​សំបូរ និយាយ​ថា ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​ក្រុម​របស់​លោក​បាន​បោះបង់រ​បរជា​ភ្នាក់ងារ​រក​ម៉ូយ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នេះ​ដោយ​អ្នកខ្លះ​បាន​ងាក​ទៅ​រត់​តាក់ស៊ី ខ្លះទៅ​ជា​អ្នកកួក​ជេ​ឡាន ហើយ​ក៏​មាន​ក្រុមការងារ​របស់​លោក​ខ្លះ​ទៀត​ទៅ​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី ។

«​និយាយ​ទៅ​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​ពួក​យើង​បាន​បោះបង់រ​បរជា​អ្នក​កួ​ក​ជេ​ដី នេះ​តែ​ម្តង ដោយសារ​គ្មាន​ទីផ្សារ ។ ប៉ុន្តែ​នៅ​ពេល​នេះ​ផ្តើម​មាន​អ្នក​សួរ​រក​ទិញ​ដី និង​មាន​អ្នករក​លក់​ដី​ឡើង​វិញ ។ ដូច្នេះ​យើង​ផ្តើម​មក​ជួបជុំ​គ្នា ហើយ​ពេល​ខ្លះ​យើង​បាន​នាំ​ភ្ញៀវ​បាន​ចុះ​ទៅ​មើល​ទីតាំង​ដី​តែ​ម្តង ។ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់​សម្រេចចិត្ត​ទិញ​នៅឡើយ​ទេ ។ សង្ឃឹមថា យើង​នឹង​អាច​រក​ចំណូល​ពី​ការ​កួ​ក​ជេ​នេះ​បាន​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​« លោក​សំបូរ​បញ្ជាក់​» ។

ទោះជា​មាន​អ្នក​សួរនាំ ប៉ុន្តែ​ហាងឆេង​ដី​មិន​មាន​ល្អ​នោះ​ទេ ។ លោក​សំបូរ និង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ផ្តើម របរ​ជា​អ្នកកួ​ក​ជេ​ឡើង​វិញ អះអាង​ថា អ្នក​ចង់​លក់​ដី មាន​អ្នកខ្លះ​បាន​បញ្ចុះតម្លៃ​ដី​ខ្លួន​ពី​២០​ទៅ​៤០% ប៉ុន្តែ នៅ​តែ​គ្មាន​អ្នកទិញ ។ និយាយ​ជា​រួម​បច្ចុប្បន្ន​នេះ មាន​អ្នក​សួរ​ពី​ការ​ចង់​លក់​ដី​ឱ្យ​ឆាប់​បាន​ដាច់ ច្រើន​ជាង អ្នក​ចង់​ទិញ ។

លោក​ណា​វី អ្នក​កួ​ក​ជេ​ម្នាក់​ទៀត​និយាយ​ថា «​ទីផ្សារ​ដី​របស់​យើង​បច្ចុប្បន្ន​ពឹង​លើ​អ្នក​មាននៅ​ក្នុងស្រុក​ទិញ ។ ជនជាតិ​ចិន​មិន​ទាន់​មាន​ចុះ​ទិញ​ដី​ដូច​កាលពី​ឆ្នាំ​២០១៨ វិញ​នោះ​ទេ ។ ដូច្នេះ​ហាងឆេង​ដី​មាន​តែ​ថោក​ជាង​ទីផ្សារ​ពី​២០​ទៅ​៤០%​ទើប​មាន​អ្នក​ចាប់អារម្មណ៍ ។ បើ​យើង​កាត់ថ្លៃ​លើស​ទីផ្សារ​គ្មាន​នរ​ណា​សួរនាំ​ឡើយ​» ។

ចាប់ពី​ឆ្នាំ​២០១៩ នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក វិស័យ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ថ្លៃ ។ ទុន​វិនិយោគ​ធំ​ៗ និង​ទុន​ពលរដ្ឋ​នៅ​ក្នុងស្រុក ដែល​រំពឹង​ពី​ការ​ចំណេញ​ក្នុង​របរ​លក់​ដីធ្លី បាន​កប់​នៅ​ក្នុង​ដី​ដែល​គ្មាន​ទីផ្សារ​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​មក​ហើយ ។ វិស័យ​អចលនទ្រព្យ​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា អាច​មាន​ដ​ង្ហើ​ប​ឡើង​វិញ លុះត្រា​មាន​វត្តមាន​អ្នក​វិនិយោគ​ចិន​ចូល​មក​កម្ពុជា​ដូច​មុខ​ឆ្នាំ​២០១៩ ។
កាលពី​ឆ្នាំ​២០១៩ ធនាគារពិភពលោក (World Bank)​បាន​ចេញ​របាយការណ៍​មួយ​ថា ជាង​ពាក់កណ្តាល​នៃ​ការ​ហូរ​ចូល​ទុន​វិនិយោគ​ពី​ក្រៅប្រទេស​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ហើយ​មាន​វិសាលភាព​ស្ទើរ​គ្រប់​វិស័យ រួម​ទាំង​ការ​វិនិយោគ​វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​លំនៅ​ឋាន វិស័យ​ទេសចរណ៍ និង​មួយ​ផ្នែក​តូច​ទៅ​លើ​វិស័យ​ផលិតកម្ម និង​កសិកម្ម​ផង​ដែរ ។ ធនាគារពិភពលោក​បាន​ព្រមាន​ផង​ដែរ​ថា ដោយសារ​ប្រភព​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា​ភាគច្រើន​បាន​មក​ពី​ប្រទេស​ចិន នោះ​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​អាច​ធ្វើ​ឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong និង​អតីត​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ត្រូវ​បាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ថា ស្ថានភាព​អចលនទ្រព្យ​ក្នុង​ឆ្នាំ ២០២៤ គឺជា​ឆ្នាំ​ដែល​លំបាក បើ​មិន​មាន​វិធានការ​ណាមួយ​ជួយ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ លោក​បាន​បន្ថែម​ថា ផែនការ​សម្រួល​របស់​រដ្ឋាភិបាល​កន្លង​មក​លើ​វិស័យ​អចលនទ្រព្យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ដែល​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ជួយ​ស្រោចស្រង់​លើ​វិស័យ​អចលនទ្រព្យ​នេះ​បាន​នៅឡើយ​។

សេដ្ឋកិច្ច​វិទ្យុ​បញ្ជាក់​ថា វិស័យ​អចលនទ្រព្យ គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។ ដូច្នេះ​ការ​ជួយ​វិស័យ​នេះ​ឱ្យ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ គឺជា​ការ​ចាំបាច់ ។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ផង​ដែរ ។

តាម​លោក​សំបូរ ដែល​ជា​អ្នក​កួក​ជេ​ដី​ធី្ល ឯករាជ្យ​និយាយ​ថា ក្រោយ​សម័យ​កូ​វី​ដ គឺ​មាន​តែ​អ្នកលក់ រីឯ​អ្នកទិញ​មាន​តិច​បំផុត ។ ចំណែក​តម្លៃ​វិញ គឺ​ស្ថិត​ក្រោម​ទីផ្សារ​យ៉ាងតិច​ពី​៣០​ភាគរយ ទៅ​៤០​ភាគរយ ទើប​អាច​សង្ឃឹម​លក់​ចេញ​បាន ។ ចំណែក​ការ​លក់​ចេញ​ក៏​អាស្រ័យ​ទៅ​តាម​ទីតាំង ដែល​ជា​តម្រូវការ​របស់​អតិថិជន​ផង​ដែរ ។ តាម​លោក​សំបូរ នៅ​ពេល​ទីផ្សារ​ដីធ្លី​បាន​គាំង​ប្រមាណ​៤​ឆ្នាំ​មកនេះ អ្នក​កួក​ជេ​ដី​ឯករាជ្យ និង​អ្នកធ្វើការ​ឱ្យ​ក្រុមហ៊ុន​ឱ្យ​ថៅកែ​ជា​ច្រើន​គ្មាន​ចំណូល និង​អ្នកខ្លះ​ទៀត​ត្រូវ​ថៅកែ​ជំពាក់​ប្រាក់​កម្រៃជើងសារ ឬ​កុំមីស្យុង ក៏​មាន​មិន​តិច​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ