ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្ងាត់​ៗ! ផ្លូវដែក​ដឹក​អ្នកដំណើរ​និង​ទំនិញ​បាន​គួរសម​ដែរ

1 ខែ មុន
  • ភ្នំពេញ

ឃើញ​ស្ងាត់​ៗ​ការងារ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នៅ​កម្ពុជា ​ដែល​សឹងតែ​មិនសូវ​មាន​សកម្មភាព​សោះ​នោះ តាម​ពិត​មាន​សមិទ្ធផល​គួរសម​ដែរ ទាំង​ដឹក​ជញ្ជូន​ទំនិញ ​និង​ដឹក​ជញ្ជូន​អ្នកដំណើរ ជា​ពិសេស​ គឺ​នៅ​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ ។ តាម​របាយការណ៍​របស់​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា…

ឃើញ​ស្ងាត់​ៗ​ការងារ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នៅ​កម្ពុជា ​ដែល​សឹងតែ​មិនសូវ​មាន​សកម្មភាព​សោះ​នោះ តាម​ពិត​មាន​សមិទ្ធផល​គួរសម​ដែរ ទាំង​ដឹក​ជញ្ជូន​ទំនិញ ​និង​ដឹក​ជញ្ជូន​អ្នកដំណើរ ជា​ពិសេស​ គឺ​នៅ​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ ។

តាម​របាយការណ៍​របស់​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា នៅ​ពេញមួយ​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ការងារ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ដែល​មាន​២​ខ្សែ គឺដំណើរការទាំង​ពីរ ទោះបីជា​មិន​អាច​ប្រៀប​បាន​នឹង​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេង​ៗ​ទៀត​ដូច​ជា ផ្លូវថ្នល់ អាកាស និងតាម​កំពង់​ផែ​ក៏​ដោយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ពេញ​មួយ​ឆ្នាំ​ គឺ​សម្រេច​បាន​បរិមាណ​សរុប១,០៥ តោន ដោយនៅ​ក្នុង​នោះ ទំនិញ​នាំ​ចេញ​បាន៣៩ ភាគយ ស្មើរ​នឹង ៤១១.០២០ តោន ហើយ​ទំនិញ​នាំ​ចូល​វិញ​គឺ​មាន ៦១​ភាគរយស្មើរ​នឹង ៦៤២.៣៥២ តោន ។ ដោយឡែក ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​វិញ​គឺ​បាន​ត្រឹមតែ១០៤.២៥០ នាក់ ដោយនៅ​ក្នុង​នោះ ការ​ដឹក ជញ្ជូន​តាម ខ្សែ​ផ្លូវ​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត​គឺ​បាន​ចំនួន​សរុប ៣១​ភាគរយ​ស្មើរ​នឹង ៣១.៩៦២នាក់ និងខ្សែ ភ្នំពេញ​ទៅ​ព្រះ​សីហ​ន គឺ​សម្រេច​បាន៦៩ ភាគរយ ស្មើនឹង៧២.២៨៨នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ត្រូវ​បាន​គេ​ដឹង​ថា មាន​កំណើន​កើនឡើង ប្រមាណ​ជា១៦​ភាគរយ ដោយឡែក​ ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​គឺ​មានការ​កើនឡើង​ប្រមាណ​ជា៥០ ភាគរយ​ឯណោះ ។ នៅ​ក្នុង​ចំណោម​មធ្យោបាយ​ដឹក​ជញ្ជូន​ទាំងអស់​នៅ​កម្ពុជា​មក​ដល់​ពេល​នេះ​ការ​ដឹក​ជញ្ជូន​តាមផ្លូវដែក​ឃើញ​ថា រីក​ចម្រើន​មែន ប៉ុន្តែ​នៅ​មាន​កម្រិត​បើ​ធៀប​នឹង​ម​ធ្យោ​យ​បាយ​ដឹក​ជញ្ជូន​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​នៅ​ពេល​ដែល​ឃើញ​ស្ថិតិ​បែប​នេះ គឺ​ក៏​រាង​រសាយចិត្តបន្តិច ​ពីព្រោះ​តែ​យើង​ចាប់ផ្តើម​ឃើញ​ពី​សមិទ្ធផល​របស់​វា ។

ផ្លូវ​រថភ្លើង​ទាំង​ពីរ​ខ្សែ​នេះ​ ចំណាយ​ថវិកា​ជាតិ​និង​ជំនួយ​បច្ចេកទេស ក៏​ដូច​ជាកម្ចី​មិន​តិចលាន​ដុល្លារ​ឡើយ ដើម្បី​ស្តារ​ផ្លូវដែក​ដែល​មាន​ស្រាប់​ឲ្យ​ដំណើរការ​ឡើង​វិញ ។ កិច្ចការ​ស្តារនេះ​អស់ទាំង​ថវិកា និង​កម្លាំង ដូច្នេះ​គួរតែ​ពង្រឹង​នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត​។ ផ្លូវដែក​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត គឺ​មាន​ប្រមាណ​ជា៣៨៦គីឡូម៉ែត្រ និងមួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ ទៅ​កាន់​ក្រុងព្រះសីហនុ គឺ​មាន​ប្រវែង ២៦៦ គីឡូម៉ែត្រ គឺ​សុទ្ធតែ​ជា​ផ្លូវដែក​ចាស់​ដែល​ស្តារឡើង​វិញ ដូច្នេះ​ហើយ​បានជា​ផ្លូវដែក​នេះ​អាច​ធ្វើ​ប្រតិបត្តិការ​មិនសូវ​លឿន​ទេ ហើយ​ក៏​ធ្លាប់ មាន ឧបត្តិហេតុ រថភ្លើង​ធ្លាក់​ផ្លូវ​ជា​បន្តបន្ទាប់ ដែល​ជា​ចំណុច​ដែល​យកចិត្តទុកដាក់ ។

ឧប្បត្តិហេតុ និង​ល្បឿន នេះ​ហើយ​ដែល​ជា​ឧបសគ្គ​ចំបង​នៅ​ក្នុង​ការ​ពង្រឹង​សេវាកម្ម​ដឹក​ជញ្ជូន តាម​ផ្លូវដែក​នៅ​ក្នុង​ប្រទេស ។ ហើយ​ក៏​ជា​ឧបសគ្គ​ដ៏​ចំបង​មួយទៀត​នៅ​ក្នុង​ការ​បង្ហាញ​វិនិយោគទុន​បរទេស​មក​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​យើង​ផង​ដែរ ។ នៅ​ពេល​នេះ​ក្តី​ស្រម័យ​របស់​កម្ពុជា​គឺ​ចង់បាន​ផ្លូវដែក​ល្បឿន​លឿន​មួយ​ខ្សែរ​ដែល ចេញពី​ភ្នំពេញ ទៅ​កាន់​ប៉ោយ​ប៉ែ​ត ហើយ​ក៏​មាន​គម្រោង​នឹង​កសាង​ផ្លូវដែក​ភ្ជាប់​ទៅ​វៀតណាម ទៅ​សៀមរាប​ផង​ដែរ ប៉ុន្តែ​កម្ពុជា​ពិតជា​ខ្វះ​អំណះអំណាង​នៅ​ក្នុង​ការ​បង្ហាញ​ពី​តម្រូវការ​នៅ​ក្នុង ការ​ប្រើប្រាស់​សេវាកម្ម​នេះ​ទៅ​វិនិ​យោគទុន​បរទេស​មែន ។

សរុប​មក​វិញ ​ប្រសិនបើ​យើង​ចង់​ពង្រឹង ​និង​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​មែន​នោះ គឺ​យើង​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ ជា​ពិសេស​ គឺ​ការ​ពង្រឹង​ជំនឿ​ចិត្ត​ដល់​ពលរដ្ឋ ដើម្បី បង្កើន​ការ​ចាប់អារម្មណ៍​និង​ការ​ចូលរួម​អូស​ទាញ​ពលរដ្ឋ​ឲ្យ​មក​ចាប់អារម្មណ៍​វិស័យ​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​ឡើង​វិញ ។ ការ​ពង្រឹង​ចំណាប់អារម្មណ៍​របស់​ពលរដ្ឋ​គឺ​វា​អាច​ស្តែង​ចេញ​តាម​រយៈ ការ​ពង្រឹង​ផា​សុខភាព និង​សុវត្ថិភាព​ដល់​អ្នកដំណើរ ព្រមទាំង​ព​ង្រូ​ញ​ពេលវេលា និងពង្រឹង​ល្បឿន ។ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ