ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​កា.ប់​ឆ្ការ​ដុតឈូស​ឆាយដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​ការ​កាប់​គាស់​រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយដី​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ធ្វើ​ជា​កម្មសិទ្ធិ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​ការ​កាប់​គាស់​រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយដី​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ធ្វើ​ជា​កម្មសិទ្ធិ ។

តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន នា​ថ្ងៃ​ទី​១៤ មីនា បាន​ឲ្យ​ដឹង​ថា ក្រសួងបរិស្ថាន ពិនិត្យ​ឃើញ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយដី​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ធ្វើ​ជា​កម្មសិទ្ធិ បំពាន​នឹង​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន និង​កំពុង​បាន​ប្រើប្រាស់​ដី ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ន័យ​នេះ ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​ដី​រដ្ឋ និង​ធនធាន​ព្រៃឈើ នៅ​តាម​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​នូវ​វិធានការ​ដូច​ខាងក្រោម ៖

ទី​១- សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ត្រូវ​បន្ត​អនុវត្ត​ច្បាប់​១០០% ដោយ​គ្មាន​ការ​លើកលែង​ជា​ដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌ ធ្វើ​កិច្ចសន្យា ហើយ​ដោះ​លែង​ជន​ប្រព្រឹត្ត​បទល្មើស ។

ទី​២- សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​មោឃភាព និង​បញ្ឈប់​ជា​បន្ទាន់ការ​ចុះហត្ថលេខា​លើ​លិខិត ឬ​ឯកសារ​ស្នើ​សុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់ លិខិត​ផ្ទេរ​ការ​កាន់កាប់ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ដែល​ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ ។

ទី​៣- បុគ្គល ដែល​បាន​ប្រព្រឹត្ត​អំពើ​កាប់​គាស់ ឬ​រុករាន ឬ ឆ្ការ​ដុត ឬ​ឈូស​ឆាយដី​ព្រៃ ដើម្បី​ធ្វើ​កម្មសិទ្ធិ គឺជា​បទល្មើស​ធនធានធម្មជាតិ ដែល​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​បទ​ប្ប​ញ្ញ ត្តិ​ច្បាប់​ជា​ធរមាន ។

ទី​៤- បុគ្គល ដែល​បាន​ប្រព្រឹត្ត​អំពើ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​៣ ខាងលើ ត្រូវ​ប្រគល់​ដី ដែល​ខ្លួន​បាន​កាន់កាប់​នោះ ជូន​មក​សមត្ថកិច្ច​ក្រសួងបរិស្ថាន​វិញ ដោយ​ស្ម័គ្រចិត្ត និង​ឥត​លក្ខខណ្ឌ ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងបរិស្ថាន បាន​នឹង​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នឹង​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់​បំផុត​លើ​ការ​ទប់ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ជា​ធរមាន ។

ក្រសួងបរិស្ថាន ក៏​សូម​ក្រសួង ស្ថាប័ន អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត សាធារណជន និង​បុគ្គល​ពាក់ព័ន្ធ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ព្រមទាំង​ផ្តល់​កិច្ចសហការ ក្នុង​ការ​អនុវត្ត ច្បាប់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ