ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន

1 ខែ មុន

ខេត្តសៀមរាប ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ឃុំខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា…

ខេត្តសៀមរាប ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​សម្រេច​ឃុំខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​២​នាក់​ទៀត ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ហើយ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​លាន​ដុល្លារ ។

បើ​តាម​សេចក្ដីថ្លែងការណ៍ របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្តសៀមរាប​បាន​ទទួល​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ​, ឈ្មោះ ផុ​ន សា​មាន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ និង​ឈ្មោះ ចាន់ ឃី​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទ “​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ជា​ក្រុម​មានការ​ចាត់តាំង​)” តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៨០ ចំណុច​៥ នៃ​ក្រមព្រហ្មទណ្ឌ​, បទ “​សម្អាត​ប្រាក់​” តាម​បញ្ញត្តិ​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​បទ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​” តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ ពិនិត្យ​ភស្តុ​តាង​ក្នុង​សំណុំរឿង ព្រមទាំង​ពិចារណា​អង្គហេតុ និង​អង្គច្បាប់​គ្រប់​ជ្រុងជ្រោយ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង ០៣​នាក់​ខាងលើ ជា​បណ្ដោះអាសន្ន និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តសៀមរាប ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ដសៀមរាប សូម​បញ្ជាក់​ជូន​បន្ថែម​ថា សាលាដំបូង​ខេត្តសៀមរាប​នឹង​បន្តចាត់ការ​សំណុំរឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

សាលាដំបូង​ខេត្តសៀមរាប នឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់ នា​ពេល​ក្រោយ​ទៀត នៅ​ពេល​មាន​ចំណាត់ការ​ថ្មី ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ឈ្មោះ ឡេ​ង ចាន់​ណា អគ្គ​នាយិកា​ក្រុមហ៊ុន ប៊ី​លាន​ស៊ី​ធី វើ​ល​ដ៍ ឯ​.​ក និង​បក្ខពួក តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១២៣៦ ចុះ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ និង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៣១ ចុះ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ