ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​វិវាទ​ការងារ​នៅ​រោងចក្រ Y&W កម្មករ​-​កម្មការិនី​ជាង​៤​ពាន់​នាក់​ ធ្វើ​បាតុកម្ម​បិទផ្លូវ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន វ៉​យ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន វ៉​យ & ដាប់​ប​ល​យូ ហ្គា​មិន ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​របស់​កម្មករនិយោជិត នៃ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មិន ដែល​មាន​អាសយដ្ឋាន ស្ថិត​នៅ​ផ្លូវ​ចំការ​ដូង​(២១៧) ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ឈាន​ដល់​ការ​បិទផ្លូវ​សាធារណៈ លេខ ២១៧ សង្កាត់​ព្រែក​ជ្រៃ ខណ្ឌដង្កោ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ ក្រសួង សូម​អំពាវនាវ​ដល់​កម្មករនិយោជិត អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ សហជីព​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​បញ្ឈប់​សកម្មភាព​នេះ ជា​បន្ទាន់ ហើយ​ងាក​មក​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដើម្បី​រក្សា
សណ្ដាប់ធ្នាប់​សាធារណៈ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជម្រាប​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មិន ជា​ករណី​ក្រុមហ៊ុន​បិទទ្វារ ដោយ​ថៅកែ​បាន​រត់​ចោល​រោងចក្រ ដែល​ត្រូវ​ដោះស្រាយ​ទៅ​តាម​ច្បាប់ ស្តី​ពី​ការងារ និង​តាម​ច្បាប់​ស្តី​ពី​ក្ស័យធន​។ យោង​តាម​នីតិវិធី​ច្បាប់ ក្រសួង​នឹង​ប្ដឹង​ក្រុមហ៊ុន​ទៅ​តុលាការ ដើម្បី​ស្នើ​សុំ​ដីការ​ចាត់ចែង​រក្សា​ការពារ​ទ្រព្យសម្បត្តិ និង​ដោះស្រាយ​លើ​បណ្តឹង​អង្គសេចក្តី ដើម្បី​អាច​មាន​លទ្ធភាព​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​កម្មករនិយោជិត​ទាំងអស់ ។

ក្រសួង សូម​រម្លឹក​ដល់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ សហជីព​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​វិធាន​ច្បាប់ ប្រកបដោយ​វិជ្ជាជីវៈ និង​មនសិការ​ទទួលខុសត្រូវ ហើយ​មិន​ត្រូវ​ឆ្លៀតឱកាស​កេង​ចំណេញ ក្នុង​រូបភាព​ណាមួយ​ពី​ករណី​វិវាទ​ការងារ​នេះ តាម​រយៈ​ការ​បកស្រាយ និង​ធ្វើ​សកម្មភាព​នានា ផ្ទុយ​ពី​ខ្លឹមសារ និង​គោលការណ៍​ច្បាប់​ឡើយ​។ ជន​ទាំងឡាយ​ណា ដែល​ព្យាយាម​បកស្រាយ​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ ក្នុង​ចេតនា​បង្ក​ឱ្យ​មានការ​តវ៉ា​ដោយ​ខុសច្បាប់ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

សូម​ជម្រាប​ដែរ​ថា «​កម្មករ​-​កម្មការិនី​រោងចក្រ​Y&W ជាង​៤​ពាន់​នាក់​ធ្វើ​បាតុកម្ម​បិទផ្លូវ​» កម្មករ កម្មការិនី​ជាង​៤​ពាន់​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ Y&W ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ជិត​ផ្សារ​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​ដង្ហែរ​ក្បួន​ធ្វើ​បាតុកម្ម​បិទផ្លូវ កាលពី​វេលា​ម៉ោង​៨ និង​២០​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៤ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៥​ចំណុច ។

ក្រុម​កម្មករ​ខាងលើ ក៏​បាន​អះអាង​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​សុខ​ៗ ស្រាប់តែ​បាត់​ខ្លួន​ថៅកែ ហើយ​១​ថ្ងៃក្រោយ​ពី​ថៅកែ​បាត់​ខ្លួន រោងចក្រ​ក៏​ផ្អាក​ដំណើរ​ទាំងស្រុង ដោយ​ពុំ​បាន​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជូន​កម្មករ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ​Y&W នេះ​គឺជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សម្រាប់​កូន​ក្មេង ដែល​មាន​កម្មករ កម្មការិនី បម្រើ​ការងារ​សរុប​ជាង ៤​ពាន់​នាក់ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជួន ប៊ុ​ន​ថុ​ល ប្រធាន​សហព័ន្ធ​សហជីព​សេរី ដើម្បី​កម្មករ​ខ្មែរ កម្មករ​ទាំងអស់ បាន​នាំ​គ្នា​ធ្វើ​តុ​កម្ម​បិទផ្លូវ ២​កន្លែង​។ ដោយ​មុន​ដំបូង បាន​នាំ​គ្នា​ឈរ រួច​យក​រនាំង​ដែក និង​តុ​ឈើ​ជាដើម ទៅ​ដាក់​បិទផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​ផ្សារ​ព្រែក​ជ្រៃ ក្បែរ​រោងចក្រ ដោយ​បិទ​ទាំង​គន្លង​ផ្លូវ ដែល​ចូល និង​គន្លង​ចេញពី​រាជធានី​ភ្នំពេញ តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​បិទ​នៅ​ត្រង់​ចំណុច​ខាងលើ​នោះ រយៈពេល​មួយសន្ទុះ​ធំ ក្រុម​បាតុករ​កម្មករ​នោះ បាន​កាន់​បដារ ដែល​សរសេរ​ដោយ​ដៃ​ដង្ហែរ​ក្បួន​ចេញពី​ចំណុច​នោះ ដើរទៅ​បិទផ្លូវ​បំបែក​ជា​បួន​រវាងផ្លូវ​៥០​ម៉ែត្រ និង​ផ្លូវ​២១៧ ភ្លើងស្ដុប​ព្រែក​ជ្រៃ​ទៀត ប៉ុន្តែ​ក្រោយ​ពេល​ទៅ​ដល់​បិទផ្លូវ​បាន​បន្តិច ក៏​បាន​រំសាយ​ត្រលប់​ចូល​ទៅ​កាន់​រោងចក្រ​វិញ បន្ទាប់​ពី​អាជ្ញាធរ និង​នគរបាល​ខណ្ឌដង្កោ រួម​ជ​មួយ​មន្ត្រី នៃ​ក្រសួង​ការងារ ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ រួច​មក ។

ក្រុម​កម្មករ បាន​ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​បាត់​ខ្លួន ឬ​ក៏​អាច​និយាយ​បាន​ថា រត់គេច​ខ្លួន ចោល​កម្មករ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៤ លុះ​១​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២ ខែមីនា ស្រាប់តែ​រោងចក្រ ផ្អាក​លែង​ដំណើរការ ទាំង​ដែល​មិន​បាន​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​ពួក​គាត់​ឡើយ​។ បន្ទាប់​មក ពួក​គាត់​បាន​នាំ​គ្នា ធ្វើការ​ទាមទារ​នៅ​ក្នុង​រោងចក្រ​រយៈពេល​៥​ថ្ងៃ កន្លង​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ថៅកែ​អត់​ចេញ​មុខ​ដោះស្រាយ ទើប​នៅ​ព្រឹក​ថ្ង​ទី​៩ ខែមីនា​នេះ ពួក​គាត់​ប្រមូលផ្ដុំ​គ្នា ធ្វើ​បាតុកម្ម​បិទផ្លូវ បែប​នេះ​តែ​ម្ដង ដើម្បី​ឲ្យ​ខាង​ក្រសួង​ការងារ បានដឹង និង​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង ។

កម្មករ​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​នេះ ពួក​គាត់​ទាមទារ នូវ​លក្ខខណ្ឌ​ការងារ​ចំនួន ៥​ចំណុច រួម​មាន ៖
ទី​១-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ បើកប្រាក់​ឈ្នួល​ចុង​ក្រោយ តាម​មាត្រា​១១៦ នៃ​ច្បាប់​ការងារ​។
ទី​២-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ បើកប្រាក់​ជួស​ការ​សម្រាក​ប្រចាំឆ្នាំ តាម​មាត្រា​១១៦-១១៧ នៃ​ច្បាប់​ការងារ​។
ទី​៣-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ បើកប្រាក់​បំណាច់​អ​តី​ភាព ដែល​នៅ​សល់ តាម​មាត្រា​៩៨​ថ្មី ប្រកាស​៤៤៣​។
ទី​៤-​ស្នើ​សុំ​ឲ្យ​ភាគី​រោងចក្រ បើកប្រាក់​ជូនដំណឹង​មុន តាម​មាត្រា​៧៥-៧៧ -៧៩ ។
ទី​៥-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ បើកប្រាក់​សងជម្ងឺចិត្ត​ជូន​កម្មករ កម្មការិនី តាម​មាត្រ​៩១​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ