ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-កម្មការិនី​រោងចក្រ​Y&Wជាង​៤​ពាន់​នាក់​ធ្វើ​បាតុកម្ម​បិទផ្លូវ​​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ កម្មករ កម្មការិនី​ជាង​៤​ពាន់​នាក់​ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​Y&W ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧​ជិត​ផ្សារ​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​​…

រាជធានីភ្នំពេញ​ ៖ កម្មករ កម្មការិនី​ជាង​៤​ពាន់​នាក់​ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​Y&W ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧​ជិត​ផ្សារ​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​​ បាន​ប្រមូលផ្ដុំ​គ្នា​ដង្ហែរ​ក្បួន​ធ្វើ​បាតុកម្ម​បិទផ្លូវ កាលពី​វេលា​ម៉ោង​៨​ និង​២០​ព្រឹក ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៤ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ចំណុច​៥​ចំណុច​។

ក្រុម​កម្មករ​ខាងលើ​ ក៏​បាន​អះអាង​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​សុខ​ៗ ​ស្រាប់តែ​បាត់​ខ្លួន​ថៅកែ ហើយ​១​ថ្ងៃក្រោយ​ពី​ថៅកែ​បាត់​ខ្លួន រោងចក្រ​ក៏​ផ្អាក​ដំណើរ​ទាំងស្រុង​ដោយ​ពុំ​បាន​ទូទាត់​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ជូន​កម្មករ​ឡើយ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ​Y&W​នេះ​គឺជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សម្រាប់​កូន​ក្មេង ដែល​មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​សរុប​ចំនួន​ជាង​៤​ពាន់​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ។

​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជួន ប៊ុ​ន​ថុ​ល ប្រធាន​សហព័ន្ធ​សហជីព​សេរី​ដើម្បី​កម្មករ​ខ្មែរ កម្មករ​ទាំងអស់​បាន​នាំ​គ្នា​ធ្វើ​តុ​កម្ម​បិទផ្លូវ​២​កន្លែង​។ ដោយ​មុន​ដំបូង​ បាន​នាំ​គ្នា​ឈរ​រួច​យក​រនាំង​ដែក​និង​តុ​ឈើ​ជាដើម ទៅ​ដាក់​បិទផ្លូវ​លេខ​២១៧​ត្រង់​ចំណុច​មុខ​ផ្សារ​ព្រែក​ជ្រៃ​ក្បែរ​រោងចក្រ ដោយ​បិទ​ទាំង​គន្លង​ផ្លូវ​ដែល​ចូល និង​គន្លង​ចេញពី​រាជធានី​ភ្នំពេញ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​បិទ​នៅ​ត្រង់​ចំណុច​ខាងលើ​នោះ ​រយៈពេល​មួយសន្ទុះ​ធំ ក្រុម​បាតុករ​កម្មករ​នោះ បាន​កាន់​បដារ​ដែល​សរសេរ​ដោយ​ដៃ​ដង្ហែរ​ក្បួន​ចេញពី​ចំណុច​នោះ​ដើរទៅ​បិទផ្លូវ​បំបែក​ជា​បួន​រវាងផ្លូវ​៥០​ម៉ែត្រ​និង​ផ្លូវ​២១៧ ភ្លើងស្ដុប​ព្រែក​ជ្រៃ​ទៀត ។​ប៉ុន្តែ​ក្រោយ​ពេល​ទៅ​ដល់​បិទផ្លូវ​បាន​បន្តិច ក៏​បាន​រំសាយ​ត្រលប់​ចូល​ទៅ​កាន់​រោងចក្រ​វិញ បន្ទាប់​ពី​អាជ្ញាធរ និង​នគរបាល​ខណ្ឌដង្កោ​រួម​ជ​មួយ​មន្ត្រី​នៃ​ក្រសួង​ការងារ​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ​រួច​មក​។

ក្រុម​កម្មករ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​បាត់​ខ្លួន​ឬ​ក៏​អាច​និយាយ​បាន​ថា​រត់គេច​ខ្លួន​ចោល​កម្មករ​កាលពី​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​២០២៤ លុះ​១​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​២ ខែ​មិ​នា ស្រាប់តែ​រោងចក្រ​ផ្អាក​លែង​ដំណើរការ ទាំង​ដែល​មិន​បាន​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ជូន​ពួក​គាត់​ឡើយ​។ បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​ធ្វើការ​ទាមទារ​នៅ​ក្នុង​រោងចក្រ​រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ថៅកែ​អត់​ចេញ​មុខ​ដោះស្រាយ ទើប​នៅ​ព្រឹក​ថ្ង​ទី​៩ ខែ​មិ​នា​នេះ​ពួក​គាត់​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​បែប​នេះ​តែ​ម្ដង ដើម្បី​ឲ្យ​ខាង​ក្រសួង​ការងារ​បានដឹង​និង​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង​។

កម្មករ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​នេះ​ពួក​គាត់​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុចរួម​មាន​ ទី​១-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ឈ្នួល​ចុង​ក្រោយ​តាម​មាត្រា​១១៦​នៃ​ច្បាប់​ការងារ​។​ ទី​២-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ជួស​ការ​សម្រាក​ប្រចាំឆ្នាំ​តាម​មាត្រា​១១៦-១១៧ នៃ​ច្បាប់​ការងារ​។​ ទី​៣-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​បំណាច់​អ​តី​ភាព​ដែល​នៅ​សល់​តាម​មាត្រា​៩៨​ថ្មី ប្រកាស​៤៤៣​។​ ទី​៤-​ស្នើ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ជូនដំណឹង​មុន តាម​មាត្រា​៧៥-៧៧ -៧៩ ។ ទី​៥-​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​សងជម្ងឺចិត្ត​ជូន​កម្មករ កម្មការិនី តាម​មាត្រ​៩១​ថ្មី ៕

អត្ថបទសរសេរ ដោយ