រាជធានីភ្នំពេញ ៖ តើធ្វើបុណ្យតាមអារម្មណ៍ តើបានបុណ្យដែរឬទេ ? បើសិនជាធ្វើបុណ្យដែរ តែមិនពេញចិត្តធ្វើ ធ្វើដោយបង្ខំចិត្តខ្លាចគេថា ឬធ្វើតាមគេ តាមឯងតាមប្រពៃណី ឬធ្វើទាំងមិនដឹងខុសត្រូវបានបុណ្យដែរ តែបានតិច ព្រោះធ្វើបុណ្យមិនមានបញ្ញា ។
កាលពីកន្លងមកនេះ ព្រះភិក្ខុ ផុន ភក្តី មានសង្ឃដីកាថា ពាក្យថា «ធ្វើបុណ្យបានបុណ្យ» ទាល់តែអារម្មណ៍យើងចង់ធ្វើ ។ ញោមចំណាំមួយទៀត បើអាចារ្យបញ្ជា ឬអ្នកណាបញ្ជាទិញនេះ ទិញនោះ ដាក់ប្រគេនលោក អ៊ីចេះ អ៊ីចុះ បើអារម្មណ៍យើងមិនចង់ធ្វើ កុំធ្វើ ។ បុណ្យទាល់តែអារម្មណ៍យើងសប្បាយចិត្តក្នុងការធ្វើ បានធ្វើបានបុណ្យ ។
សូមបញ្ជាក់ថា បានបុណ្យ គឺនៅពេលមានអារម្មណ៍ចង់ធ្វើបុណ្យចង់ឲ្យទានចំពោះព្រះសង្ឃ ឪពុកម្ដាយសាច់ញាតិ ឬចង់ជួយសង្គ្រោះមនុស្សកម្សត់អត់ឃ្លាន លំបាកក្រីក្រទុក្ខវេទនាគ្មានទីពឹង។ពេលនេះហើយវាជាបុណ្យ វាជាកុសល វាជាអំពើល្អ វាជាធម៌ស។
ការធ្វើបុណ្យនេះ មិនចាំបាច់ការឲ្យទានប៉ុណ្ណឹងទេ សូម្បីតែយើងរក្សាសីលសូត្រធម៌សិក្សាព្រះធម៌ សិក្សាព្រះធម៌ចម្រើនសមាធិភាវនា និង ពិចារណាធម៌ ឲ្យដឹងបុណ្យបាបគុណទោសខុសត្រូវក្នុងជីវិតប្រចាំថ្ងៃ ឲ្យឃើញថាអ្វីនៅក្នុងលោកនេះ សុទ្ធតែមិនទៀងទាត់ ជាទុក្ខ វាមិនមែនជារបស់ខ្លួន នេះហើយជាបុណ្យដែលយើងធ្វើទៅតាមអារម្មណ៍ ចង់បានចង់ដឹងចង់ជួយចង់ឲ្យគេមានសេចក្ដីសុខ នេះហៅថាបុណ្យ។
មិនបានបុណ្យ គឺនៅពេលណាដែលយើងមិនមានអារម្មណ៍ចង់ធ្វើបុណ្យ មិនចង់ធ្វើទាន មិនចង់ រក្សាសីល មិនចង់សូត្រធម៌ មិនចង់សិក្សាព្រះធម៌ មិនចង់ចម្រើនសមាធិ មិនចង់ភាវនាធម៌ មិនចង់ពិចារណាធម៌ ឲ្យដឹងបុណ្យបានគុណទោសខុសត្រូវក្នុងជីវិតនេះ ហើយមិនបានបុណ្យ គឺជាចិត្តអកុសល ជាចិត្តអាក្រក់ ជាចិត្តខ្ជិល ជាចិត្តកំណាញ់ ជាចិត្តសៅហ្មង ជាចិត្តគិតតែប្រយោជន៍ខ្លួន ជាចិត្តលោភលន់ ជាចិត្តមិនចង់ជួយអ្នកដទៃឲ្យមានសេចក្ដីសុខដូចខ្លួន ជាចិត្តខ្វះមេត្តាករុណាដល់សត្វទាំងឡាយ ដែលមានទុក្ខវេទនាក្នុងជីវិត ហើយមិនព្រមជួយសង្គ្រោះនេះហើយជាអារម្មណ៍ចិត្តបាប ជាចិត្តមិនមានបុណ្យ។
ការធ្វើបុណ្យតាមអារម្មណ៍ខឹង តាមអារម្មណ៍ស្ដាយក្រោយ ពេលផលបុណ្យកើតទ្រព្យមកដល់ខ្លួន ទ្រព្យនោះច្រើនមានបញ្ហា កើតរឿងកើតរ៉ាវប្ដឹងផ្ដល់ តស៊ូក្ដីគ្នាមិន ចេះចប់មិនចេះហើយ ទម្រាំនឹងបានទ្រព្យនោះមក ស្ទើរតែអស់ទ្រព្យសម្បត្តិដែលរកបានពីមុននោះមក ព្រោះធ្វើបុណ្យតាមអារម្មណ៍ខឹង ធ្វើបុណ្យស្ដាយក្រោយនេះឯង ។ សរុបសេចក្ដីមក នៅពេលមានអារម្មណ៍ល្អ ចង់ធ្វើបុណ្យបានបុណ្យហើយ មិនចង់ធ្វើបុណ្យក៏មិនបានបុណ្យដែរ ៕
ចែករំលែកព័តមាននេះ