ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ីសាអូឌីត កំពុងតែប្រឈមមុខនឹងកិច្ចការដ៏ធំលើកំណែទម្រង់សេដ្ឋកិច្ច

1 ខែ មុន

អារ៉ាប៊ីសាអូឌីត ៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កំពុងប្រឈមមុខនឹងកិច្ចការដ៏ធំ នៅក្នុងការ

អារ៉ាប៊ីសាអូឌីត ៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កំពុងប្រឈមមុខនឹងកិច្ចការដ៏ធំ នៅក្នុងការកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយងាកចេញពីការពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មប្រេង ដែលបានកំណត់ទិដ្ឋភាពហិរញ្ញវត្ថុរបស់ខ្លួនជាយូរមកហើយ។

ចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ ដែលបានបង្ហាញកាលពី៥ឆ្នាំមុន ដោយព្រះអង្គម្ចាស់ Muhammad Bin Salman ដោយទ្រង់បានគូសបញ្ជាក់អំពីផែនការមហិច្ឆតា ដើម្បីធ្វើពិពិធកម្ម និងផ្លាស់ប្ដូរសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅរកកំណែទម្រង់សេដ្ឋកិច្ច ហាក់ដូចជាកំពុងរីកចម្រើនក្នុងល្បឿនយឺតជាងការរំពឹងទុកដំបូង ហើយចំណុចសំខាន់នៃការផ្លាស់ប្ដូរគឺវិស័យទេស ចរណ៍ ដែលជាវិស័យមួយដែលអ្នកបង្កើតគោលនយោបាយសង្ឃឹមថា នឹងក្លាយទៅជាប្រភពការងារថ្មីដ៏ធំបំផុត និងមានចំណែកដ៏សំខាន់នៃផលិតផលក្នុងស្រុកសរុប ឬ GDP។

ទីក្រុងអាបា (Abha) ដែលមានទីតាំងនៅភាគនិរតីនៃអារ៉ាប៊ីសាអូឌីត ត្រូវបានកំណត់សម្រាប់ការតុបតែងដ៏អស្ចារ្យ ហើយមូលនិធិវិនិយោគសាធារណៈបានប្តេជ្ញាចិត្តលើការចំណាយរាប់ពាន់លានដុល្លារលើការសាងសង់សណ្ឋាគារ និងកន្លែងទេសចរណ៍ជាច្រើនផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចំនួន ២លាននាក់ជារៀងរាល់ឆ្នាំ នៅឆ្នាំ ២០៣០។ ប៉ុន្តែបញ្ហាប្រឈមស្ថិតលើការបញ្ចុះបញ្ចូលអ្នកទេសចរបរទេសឱ្យជ្រើសរើសអារ៉ាប៊ីសាអូឌីត ជាងគោលដៅផ្សេងទៀត នៅជុំវិញពិភពលោក។

ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ទើបតែចាប់ផ្តើមផ្តល់ទិដ្ឋាការទេសចរណ៍ក្នុងឆ្នាំ ២០១៩ ប៉ុណ្ណោះ ដូច្នេះត្រូវការធ្វើការងារដ៏ច្រើនលើសលប់បន្ថែមទៀត សម្រាប់ការប្រកួតប្រជែង។ សំណួរលេចឡើងថា តើអារ៉ាប៊ីសាអូឌីតមានចំណុចពិសេសអ្វីដែលលើសពីភាពទាក់ទាញនៃរាជវង្សានុវង្ស និងទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើល?

ការទាក់ទាញក្រុមហ៊ុន និងអ្នកវិនិយោគបរទេស គឺជាកត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យនៃចក្ខុវិស័យឆ្នាំ ២០៣០ ប៉ុន្តែរដ្ឋាភិបាលនៅតែតស៊ូ ដើម្បីបញ្ជាក់អំពីកត្តាគួរ​ឱ្យ​ទាក់ទាញ​សម្រាប់​ជម្រើស​នៃ​ព្រះរាជាណាចក្រ​មួយ​នេះ​។ ភាព​ជោគជ័យ​របស់​រាជទាយាទ Muhammad នឹង​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​សមត្ថភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​វ័យក្មេង ដែល​ពីរ​ភាគ​បី​នៃ​ពួក​គេ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​។ ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ភាព​អត់​ការងារ​ធ្វើ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់ ១៥.៤% នៅ​ក្នុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ ២០២០ បើ​ទោះបីជា​អត្រា​នេះ​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​ពេល​នោះ​មក​យ៉ាងណា​ក៏​ដោយ ក៏​ក្ដី​បារម្ភ​នៅ​តែ​មាន​។

ឥឡូវនេះ ប្រជាជន​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ចាប់​យក​ការងារ​មាន​ជំនាញ​ទាប ដែល​ត្រូវ​បាន​បំពេញ​ដោយ​ជន​ចំណាកស្រុក​ជា​ប្រពៃណី ប៉ុន្តែ​ទោះ​យ៉ាងណា​ទីផ្សារ​កម្រិត​ខ្ពស់ នៅ​តែ​ខ្វះ​ឱកាស​សម្រាប់​ពលរដ្ឋ​ដែល​មានការ​អប់រំ​។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ជា​ធាតុ​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​ក៏​មាន​ភាព​យឺតយ៉ាវ​។ នៅ​ឆ្នាំ ២០២០ លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រចាំឆ្នាំ ដែល​រំពឹង​ទុក ១០​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ជាក់ស្តែង​បាន​ត្រឹម ៥.៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ការ​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ នៃ​យុទ្ធសាស្ត្រ​ថ្មី ដែល​មាន​បំណង​ចង់បាន ១០០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រចាំឆ្នាំ នៅ​ឆ្នាំ ២០៣០ បាន​ធ្វើ​ឱ្យ​មានការ​ងឿងឆ្ងល់ ខណៈ​ដែល​អ្នក​រិះគន់​មួយ​ចំនួន​អះអាង​ថា មន្ត្រី​បាន​កំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា ដោយ​គ្មាន​មតិ​កែ​លម្អ​គ្រប់គ្រាន់​។ បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ក៏​រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ធន ការ​ដំឡើង​ពន្ធ និង​ការ​កើនឡើង​តម្លៃ​ពលកម្ម បាន​លុប​បំបាត់​គុណសម្បត្តិ​ប្រពៃណី​មួយ​ចំនួន​របស់​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ក្រុមហ៊ុន​បរទេស​។ ដំណើរ​ទៅ​កាន់ការ​ធ្វើ​ពិពិធ​កម្ម​គឺ​មាន​ភាព​ស្មុ​គ្រ​ស្មាញ ហើយ​ភាព​ជោគជ័យ​នឹង​ស្ថិត​នៅ​លើ​តុល្យភាព​ដ៏​វិសេសវិសាល​នៃ​កំណែទម្រង់សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​វិនិយោគ​បរទេស និង​សមត្ថភាព​ក្នុង​ការ​បង្កើត​ការ​ប្រកួតប្រជែង​៕ (​ប្រភព ៖ Nation Thailand និង Asia News Network)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ