ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ជើង​ចាស់ ជុំ រស្មី ហៅ​ស្រី​ទូច និង​ក្មួយ​ស្រី ដង្ហោយ​រក​យុ​តិ្ត​ធម៌ ខណៈ​រឿង​ក្ដី បន្ត​ដល់​តុលាការ​ឧទ្ធរណ៍

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​តារា​កំប្លែង​ជើង​ចាស់​អ្នកស្រី ជុំ រស្មី ហៅ ស្រី ទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ​កញ្ញា ស៊ូ…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​តារា​កំប្លែង​ជើង​ចាស់​អ្នកស្រី ជុំ រស្មី ហៅ ស្រី ទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ​កញ្ញា ស៊ូ ស៊ី​រី​កា បាន​កំពុង​តែ​ដង្ហោយ​រក​ភាព​យុត្តិធម៌ ពី​តុលាការ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ខណៈ​នីតិវិធី បាន​ដល់​ដៃ​តុលាការ​សាលាឧទ្ធរណ៍ ទៅ​ហើយ ។

តារា​កំប្លែង ជុំ រស្មី ហៅ​ស្រី​ទូច បាន​បង្ហាញ​អារម្មណ៍​ឈឺចាប់ ដោយ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន ថា អ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារ បាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ ជាមួយនឹង​ភាគី​ស្វាមី​របស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតក ហើយ​ថែម​ទាំង បាន​បណ្ដេញ​សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះ ដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង​។ ក្នុង​នោះ ក៏​មាន​ក្មួយ​ស្រី​របស់​អ្នកស្រី គឺ​តារាចម្រៀង ស៊ូ ស៊ី​រី​កា ផង​ដែរ ។

សម្រាប់​អ្នកស្រី ជុំ រស្មី បញ្ជាក់​ថា អ្វី​ដែល​អ្នកស្រី រួម​ទាំង​បងប្អូន​កូនចៅ ដែល​ក្នុង​នោះ ក៏​មាន​តារាចម្រៀង​កញ្ញា ស៊ូ សី​រី​កា គឺ​ចង់​ឲ្យ​មានការ​ផ្តល់​ភាព​យុត្តិធម៌ ចំពោះ​ពួក​គាត់​ដូច ដែល​មាន​សរសេរ​នៅ​ក្នុង​លិខិត​បណ្តាំមរតក​របស់​លោក ស្រី កែវ ម​ន្ថា ដែល​ជា​ម្តាយ និង​ជីដូន​។ ប៉ុន្តែ​រហូត​មក​ដល​ពេល​នេះ អ្នកស្រី នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​ណាមួយ ដែល​ស្រប​នឹង​ឆន្ទៈ​របស់​មរតក​ជន លោកស្រី កែវ ម​ន្ថា ឬ​ដំណោះស្រាយ​ណាមួយ​សមរម្យ ដែល​រូប​អ្នកស្រី និង​សមាជិកគ្រួសារ​ទាំងអស់ អាច​ទទួលយក​បាន​នៅឡើយ​នោះ​ទេ ស្រប​ពេល​សំណុំរឿង​នេះ កំពុង​នៅ​ក្នុង​ដៃ​របស់​សាលាឧទ្ធរណ៍ នៅឡើយ ។

ដើមបណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ បញ្ជាក់​ថា ក្នុង​រយៈពេល​២​ឆ្នាំ នៃ​ដំណើរការ​នីតិវិធី​ច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ដល់​សាលាឧទ្ធរណ៍ ព្រោះតែ​អ្នកស្រី ចង់​រក្សា​ការពារ​ផលប្រយោជន៍​ស្របច្បាប់ ដែល​សមាជិកគ្រួសារ​ទាំងអស់ គួរ​ទទួល​បាន​ស្រប​តាម​ឆន្ទៈ និង​គោលបំណង​របស់​ម្ដាយ​នៅ​ក្នុង​បណ្ដាំមរតក ដែល​ត្រូវ​បាន​ប្រកាស​ដោយ​មេធាវី​ប៉ុណ្ណោះ​។ ជា​ពិសេស គឺ​ស្វែងរក​ភាព​យុត្តិធម៌ ជូន​សមាជិក​ទាំងអស់ ដែល​មិន​ទទួល​បាន​មរតក ថែម​ទាំង​ត្រូវ​បណ្ដេញ​ចេញពីផ្ទះ យ៉ាង​អយុត្តិធម៌ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកស្រី ជុំ រស្មី បាន​សង្កត់ធ្ងន់​ថា ៖ “ និយាយ​ដោយ​ត្រង់ ខ្ញុំ​បាន​យក​ផ្ទះ​រស់នៅ​រាល់ថ្ងៃ​ទៅ​បញ្ចាំ ដើម្បី​តវ៉ា​រឿង​ក្ដី​នេះ​។ ឥឡូវ ២​ឆ្នាំ​ហើយ ពួក​ខ្ញុំ អស់​លទ្ធភាព​ហើយ មាន​តែ​ស្នើរ​ដល់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សូម​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ផង ព្រោះ​អស់​លទ្ធភាព​ហើយ​” ។

អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច បាន​ទ​ទទូច ក្នុង​នាម​ក្រុម​គ្រួសារ​ទាំងអស់ ដែល​កំពុង​រង​ភាព​អយុត្តិធម៌ សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​តុលាការ ក៏​ដូច​ជា​ក្រសួងយុត្តិធម៌ ជួយ​ព​ន្លឿ​ន​រឿង​ក្តី​នេះ ដល់​សមាជិកគ្រួសារ​ទាំងអស់​ផង​។ ម្យ៉ាងទៀត ពេល​នេះ សមាជិកគ្រួសារ​ជា​ច្រើន​នាក់ កំពុង​គ្មាន​ផ្ទះ​ជ្រកកោណ​នោះ​ទេ និង​ត្រូវ​រស់នៅ យ៉ាង​លំបាក​វេទនា ។

ស្រ​ដៀង​គ្នា​នេះ​ដែរ តារាចម្រៀង កញ្ញា ស៊ូ ស៊ី​រី​កា ក៏​បាន​អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ ឱ្យ​រក​យុ​តិ្ត​ធម៌​យ៉ាង​ពិត​ប្រា​ដក ពី​ប្រព័ន្ធ​តុលាការ ព្រោះថា​រឿង​ក្តី​នេះ កំពុង​ដំណើរការ​ដល់​សាលាឧទ្ធរណ៍ ក៏​ប៉ុន្តែ​នៅ​ទាន់​ទទួល​បាន​យុ​តិ្ត​ធម៌ សម្រាប់​រូប​នាង​នៅឡើយ​។ ដូច្នេះ​ហើយ ស៊ូ ស៊ី​រី​កា មាន​អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់​ដឹក​អស់​ឱ្យ​ជួយ​រក​យុ​តិ្ត​ធម៌​ដល់​រូប​នាង ព្រោះ​ពេល​នេះ នាង​កំពុង​តែ​មាន​ជីវភាព​លំបាក​ខ្លាំង ។

បើ​តាម​តារាចម្រៀង​រូប​នេះ តាំងពី​កើត​រហូត​ដល់​ដឹងក្ដី នាង​បាន​រស់នៅ​ក្រោម​ការ​មើលថែ​ទាំ​យ៉ាង​ល្អ​បំផុត​ពី​ជីដូន​លោកស្រី កែវ ម​ន្ថា ប្រៀប​បាន​ទៅ​នឹង​ម្ដាយកូន​ដូច្នេះ​ដែរ​។ ជីដូន​របស់​នាង បាន​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង សូ​ម្បី​តែ​លុយ ដែល​នាង​រកបាន​ពី​ការ​ច្រៀង​កន្លង​មក ក៏​ផ្ញើ​ជាមួយ​ជីដូន​ជា​អ្នក​ទុកដាក់​ឱ្យ​ដែរ​។ ប៉ុន្តែ​បន្ទាប់​លោកស្រី កែវ ម​ន្ថា បាន​ទទួលអនិច្ចកម្ម​ទៅ មិន​បាន​ប៉ុន្មាន ទ្រព្យសម្បត្តិ​យ៉ាង​ឡាយ ដែល​ជីដូន​ទិញ​ជា​អំណោយ​ទាំងអស់ ត្រូវ​បាន​ដកហូត​ដូច​ជា​រថយន្ត ខុន​ដូរ សូ​ម្បី​តែ​ផ្ទះ​វីឡា ដែល​ធ្លាប់​រួមរស់​ជាមួយ​ជីដូន​រហូត​មក ក៏​ត្រូវ​បាន​ស្វាមី​របស់​ជីដូន​បណ្ដេញចេញ​ដែរ រួម​ជាមួយនឹង​សមាជិក​ដទៃ​ទៀត ។

កញ្ញា ស៊ូ ស៊ី​រី​កា បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​បាត់បង់​គ្រប់យ៉ាង ពេល​អត់​ពី​ម៉ាក់យាយ​ទៅ សូ​ម្បី​តែ​កន្លែង​ជ្រកកោណ ហើយ​ពេល​ដែល​ខ្ញុំ​ស្ងាត់​កន្លង​មក ព្រោះតែ​រឿង​នេះ​(​បាត់បង់​គ្រប់យ៉ាង​)​។ ទើបតែ​ពេល​នេះ ខ្ញុំ​ងើប​តស៊ូ​បន្ត​ទៀត ហើយ​ខ្ញុំ​សន្យា​ធ្វើ​ជា​មនុស្ស​រឹង​មាំ​ដូច​ម៉ាក់យាយ​ចង់​ឃើញ​” ។

គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​អ្នកស្រី ទូច ក៏​ធ្លាប់​បាន​ចេញ​មក​ទម្លាយ​ភាព​អយុត្តិធម៌ ជាមួយ​បងប្អូន​ចំនួន​១៤​នាក់ ពាក់ព័ន្ធ​រឿង​ទំនាស់​មរតក ដែល​លោកស្រី កែវ ម​ន្ថា បាន​បន្សល់​ទុក តាម​រយៈ​មេធាវី​ផ្ទាល់ ដោយ​បែងចែក​ទ្រព្យសម្បត្តិ​មួយ​ចំណែក ទៅ​ឱ្យ​កូន​ៗ និង​ចៅ ដែល​រួមរស់​ជាមួយ​បន្ទាប់​ពី​លោកស្រី​ទទួលមរណភាព​ទៅ​។ ប៉ុន្តែ​បើ​តាម​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច បាន​បញ្ជាក់​ថា ស្វាមី​របស់​ខ្លួន ពុំ​បាន​បំពេញ​តាម​លិខិត​បណ្ដាំ​នោះ​ទេ ព្រមទាំង​បាន​ផ្ទេរ​អចលនទ្រព្យ​មួយ​ចំនួន ទៅ​ឱ្យ​កូន​ៗ​របស់​ខ្លួន ហើយ​ពុំ​បាន​អើពើ​ដោះស្រាយ​តាម​បណ្ដាំមរតក​ម្ដាយ ឬ​រក​ដំណោះស្រាយ​ណាមួយ​សមរម្យ​នោះ​ឡើយ ទើប​អ្នកស្រី និង​បងប្អូន និង​ក្មួយ​ស្រី ស៊ូ ស៊ី​រី​កា សម្រេច​គ្នា​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ខណៈ​ការ​សម្រេច​របស់​សាលាដំបូង អ្នកស្រី និង​គ្រួសារ មិន​អាច​ទទួលយក​បាន ទើប​បន្ត​ទៅ​ដល់​សាលាឧទ្ធរណ៍ ។

ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ កោះសន្តិភាព នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ ឬ​បកស្រាយ​ពី​ភាគី​ស្វាមីក្រោយ​របស់​ស​.​ព​អ្នកស្រី កែវ ម​ន្ថា គឺ​លោក សុត ថុ​ល បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ