ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សេដ្ឋី​ឥណ្ឌា​រៀប​ការ​កូន​ប្រុស​លើក​នេះ​ធ្វើ​ឱ្យ​កក្រើក​ពិភព​លោក

2 ឆ្នាំ មុន

​​ទី​ក្រុង​ញូដេលី៖ ​សេដ្ឋី​លេខ​មួយ​នៅ​ឥណ្ឌា​ការ​កូន​លើក​នេះ​លេង​ដៃ​ធំ​តែ​ម្ដង​, ​អញ្ជើញ​ភ្ញៀវ​១២០០​នាក់​ រួម​ទាំង​តារា​ចម្រៀង​ពិភព​លោក​​ចូលរួម​ពិធី​លៀង​សាយ​ភោជន៍​មុន​រៀប​ការ​ ឬ​ព្រី​វេត​ឌីង (pre-wedding)​។​ សេដ្ឋី​ប្រាក់​ពាន់​លាន​​ដុល្លារ​របស់​​ឥណ្ឌា លោក​មូក​ខេស​ អាំ​បានី (Mukesh…

​​ទី​ក្រុង​ញូដេលី៖ ​សេដ្ឋី​លេខ​មួយ​នៅ​ឥណ្ឌា​ការ​កូន​លើក​នេះ​លេង​ដៃ​ធំ​តែ​ម្ដង​, ​អញ្ជើញ​ភ្ញៀវ​១២០០​នាក់​ រួម​ទាំង​តារា​ចម្រៀង​ពិភព​លោក​​ចូលរួម​ពិធី​លៀង​សាយ​ភោជន៍​មុន​រៀប​ការ​ ឬ​ព្រី​វេត​ឌីង (pre-wedding)​។​ សេដ្ឋី​ប្រាក់​ពាន់​លាន​​ដុល្លារ​របស់​​ឥណ្ឌា លោក​មូក​ខេស​ អាំ​បានី (Mukesh Ambani) ត្រៀម​រៀប​ចំ​ពិធី​មង្គល​ការ​ដ៏​អធិក​អធម​របស់​កូន​ប្រុស​គាត់​នា​រដូវ​ក្ដៅ​ឆ្នាំ​នេះ​។ គាត់​បាន​អញ្ជើញ​សេដ្ឋី​លំដាប់​​ពាន់​លាន​ដុល្លារ​មក​ពី​គ្រប់​ទិស​ទី​ជុំ​វិញ​ពិភព​លោក​មក​ចូល​រួម​។

​តាម​មើល​ទៅ​, រៀប​ការ​កូន​ប្រុស​​សេដ្ឋី​ឥណ្ឌា​លើក​នេះ​ប្រហែល​ជា​មិន​ចាញ់​រៀប​​ការ​កូន​ស្ដេច​ប្រ៊ុយ​ណេ​ប៉ុន្មាន​ទេ​។ គ្រាន់​តែ​ការ​កូន​សេដ្ឋី​ឥណ្ឌា​រៀប​ចំ​ធ្វើ​បី​ថ្ងៃ​។ មាន​ន័យ​​ថា​ខ្លី​ជាង​ការ​កូន​ស្ដេច​ប្រ៊ុយ​ណេ​។​ ​គេ​រំពឹង​ថា​​ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួម​លើក​នេះ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​, ប្រមុខ​រដ្ឋ​, ប្រមុខ​រដ្ឋាភិបាល​, តារា​ហូលីវូត​របស់​អាមេរិក និង​បូលីវូត​របស់​ឥណ្ឌា​។

លោក​ប៊ីល​ហ្គេត​ល្បី​ថា​ជា​អ្នក​ដែល​ចាប់​ចិត្ត​នឹង​ចរិត​លក្ខណៈ​របស់​ជន​ជាតិ​ឥណ្ឌា។ អ្នក​ធ្វើ​ការ​ធំ​ៗ​ និង​ក្រុម​អ្នក​បច្ចេក​ទេស​​នៅ​ក្រុម​ហ៊ុន​ម៉ៃ​ក្រូសូហ្វ​ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌា​ដែល​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​​ «ស្ដេច​អាយ​ធី (IT)»

​ពិធី​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​ម្សិល​​មិញ​ ហើយ​នឹង​បន្ត​រហូត​​ថ្ងៃ​អាទិត្យ​ស្អែក​។​ គេ​ដឹង​ថា​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​ទទួល​បាន​សំបុត្រ​អញ្ជើញ​ក៏​មាន​​​ប្រធាន​ក្រុម​ហ៊ុន​ម៉ៃ​ក្រូសូហ្វ​ លោក​ប៊ីល​ហ្គេត, ប្រធាន​ហ្វេស​ប៊ុក​ លោក​ម៉ាក​ហ្សាក់​ខឺបឺក (Mark Zuckerberg) , លោក​ស្រី​អ៊ីវ៉ាន់​កា​ ត្រាំ (Ivanka Trump) ដែល​ត្រូវ​ជា​កូន​ស្រី​លោក​ត្រាំ​​​, នាយក​​រដ្ឋ​មន្ត្រី​ប្រទេស​កាតា, ​ព្រះ​មហា​ក្សត្រ​​ប្រទេស​ប៊ូតាន​ និង​ព្រះ​ជា​យា​​​​។

លោក​ស្រី​អ៊ីវ៉ាន់​ការ ត្រាំ (Ivanka Trump) កូន​ស្រី​លោក​ដូណាល់​ត្រាំ​ (រូប​នារី​ដែល​ខ្ពស់​រាប់​ពី​ស្ដាំ​ទៅ​ឆ្វេង​រូប​ទី​បី)

រឹត​តែ​ពិសេស​​​​​ទៅ​ទៀត​នោះគឺ​​កម្ម​វិធី​ក​ម្សាន្ត​​​ដែល​សម្ដែង​ដោយ​តារា​ចម្រៀងលំដាប់​កំពូល​ពិភព​លោក​​ ​អ្នក​នាង​រីហាណា (Rihanna), អ្នក​លេង​​សៀក​រហស្ស​កម្ម​​ លោក​ដេវីដ​ ប្លេន (David Blaine) និង​តារា​ចម្រៀង​បូលីវូត​ល្បី​ៗ​ជា​ច្រើន​រូប​។

សេដ្ឋី​ឥណ្ឌា​អញ្ជើញ​តារា​ចម្រៀង​លំដាប់​ពិភព​លោក​ អ្នក​នាង​រីហាណា មក​ចូល​រួម​សម្ដែង​

ពិធី​នេះ​​រៀប​ចំ​នៅ​ទី​ក្រុង​ចាំ​ណាហ្កា (Jamnagar)​ ​មាន​មនុស្ស​រស់​នៅ​៦​សែន​នាក់​​​។ ទី​នេះ​ជា​ស្រុក​កំណើត​របស់​សេដ្ឋី​ឥណ្ឌា​ និង​ជាទឹក​ដី​ចម្រុង​ចម្រើន​នៃ​មុខ​របរ​រក​ស៊ី​របស់​គាត់​។ និយាយ​ទៅ​, គាត់​​​​​​ប្រៀប​ដូច​ជា​ស្ដេច​ក្រាញ់​នៅ​តំបន់​ហ្នឹង​តែ​ម្ដង។

គូ​ស្វាមី​ភរិយា​នាយក​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក លោក​ម៉ាក​ហ្សាក់​ខឺ​បឺក និង​ភរិយា

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ, ក្រុម​គ្រួសារ​សេដ្ឋី​ឥណ្ឌា​ត្រកូល​អាំ​បានី​​​បាន​រៀប​ចំ​ពិធី​ពិសា​ភោជ​នាហារ​​ជូន​​ជាង​៥​ម៉ឺន​នាក់​ដែល​ជា​អ្នក​​​ស្រុក​អ្នក​​ភូមិ​រស់​នៅ​តំបន់​នេះ​។ ​ដូច្នេះ ថ្វី​ដ្បិត​គាត់​ក្លាយ​ជាអ្នក​មាន​កំពូល​ ប៉ុន្តែ​គាត់​មិន​ភ្លេច​កំណើត​ខ្លួន​ឯង​ដែល​ធ្លាប់​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​អ្នក​នៅ​ទី​នេះ​​រហូត​ដល់​គាត់​មាន​ថ្ងៃ​នេះ​។ កូន​ប្រុស​​របស់​គាត់​ ​អនន្ទ​ អាំបានី (Anant Ambani) ​អាយុ​២៨​ឆ្នាំ​ជា​គូ​នឹង​នាង​រ៉ាធីកា​ មើ​ឆេន (Radhika Merchant) ដែល​នឹង​ដឹក​គ្នា​ចូល​រោង​ការ​​នា​ខែ​កក្កដា​ ឆ្នាំ​២០២៤​​។

អ្នក​ទាំង​២​​​ស្រឡាញ់​គ្នា​យូរ​ហើយ​​​ ហើយ​​បាន​​​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ក៏​គ្រប់​គ្រាន់​ហើយ​ដែរ​។ ​គ្រួសារ​ខាង​កូន​ក្រមុំ​ក៏​ជា​សេដ្ឋី​ឥណ្ឌា​ផង​ដែរ​។ ដូច្នេះ គេ​​រៀប​ការ​កូន​​ប្រុស​ កូន​ស្រី​​ និង​ចង​ដន្លង​​នឹង​គ្នា​សុទ្ធ​តែ​សេដ្ឋី​ដូច​គ្នា​​។​ ​គេ​រំពឹង​ថា​​ភ្ញៀវ​ដែល​​អញ្ជើញ​ចូល​រួម​ព្រី​វេត​ឌីង​លើក​នេះ​មុខ​ជា​សប្បាយ​​មួយ​អស់​ដៃ​ជា​មិន​ខាន​។

ពួក​គេ​នឹង​ស្លៀក​​ពាក់​ប៉ឹង​ស្លឹក​ឈើ​​របៀប​ដូច​ជា​ពួក​កុល​សម្ព័ន្ធ​។ ប៉ុន្តែ​ស្លៀក​ស្លឹក​ឈើ​ពី​សម្បក​ក្រៅ និង​ស្លៀក​ធម្មតា​ពី​ខាង​ក្នុង​។​ បន្ទាប់​មក​ ពួក​គេ​​នឹង​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈ​មណ្ឌល​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​ដែល​គ្រប់​គ្រង​ដោយ​កូន​កំលោះ​​អនន្ទ អាំបានី​ផ្ទាល់​តែ​ម្ដង​។​

តំបន់​អភិរក្ស​សត្វ​ព្រៃ​​នេះ​មាន​ទំហំ​​​១២០០​ហិក​តារ​​ជា​ទី​ជម្រក​នៃ​​ពួក​សត្វ​ព្រៃ​​ដែល​ត្រូវ​​​ការ​ពារ​ និង​ថែ​រក្សា​។ ពួក​វា​ជា​​សត្វ​​ដែល​​ត្រូវ​​របួស​, សត្វ​ដែល​ជិត​ផុត​ពូជ​ ឬ​សត្វ​ដែល​​ត្រូវ​គេ​ធ្វើ​បាប​។ ជា​ពិសេស​សត្វ​ដំរី​សម្បូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អភិរក្ស​នេះ​។​ តើ​សេដ្ឋី​​ឥណ្ឌា​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​​?

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនា​វដ្ដី​ហ្វប​ (Forbes) ​​លោក​មូ​ខេស​ អាំ​បានី​មិន​ត្រឹម​តែ​ជា​សេដ្ឋី​លេខ​១​​​នៅ​ឥណ្ឌា​​​ទេ ប៉ុន្តែ​ជា​សេដ្ឋី​​កំពូល​​​ប្រចាំ​ទ្វី​បអាស៊ី​តែ​ម្ដង​។ ប្រាក់​ចំណូល​សរុប​ពី​​សាជី​វកម្ម​របស់​​គាត់​ក្នុង​មួយ​ឆ្នាំ​ៗ​មួយ​រយ​ពាន់​លាន​ដុល្លារ​។ ប្រភព​ចំណូល​​ធំ​បាន​មក​ពី​ប្រេង​, ឧស្ម័ន​, ទូរ​គមនា​គមន៍​ និង​ការ​លក់​រាយ​​​៕

ប្រភព៖ Associated Press
https://apnews.com/article/india-tycoon-mukesh-ambani-sons-prewedding-bash-5a3900a0fe8604c9a16186ccfa9fec3f

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ