ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់បន្ថែម ឬ​ចង់លុប​សមាជិក​ក្នុង​សៀវភៅ​គ្រួសារ តើ​ត្រូវធ្វើ​ដូច​ម្តេចខ្លះ​?

1 ខែ មុន
  • ភ្នំពេញ

កន្លង​មក ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែង​មានការ​លើក​ឡើង​ថា មិនដឹង​ត្រូវ​ត្រៀម​ឯកសារ​អ្វីខ្លះ​នោះ​ទេ នៅ​ពេល​ត្រូវការ​បន្ថែម​សមាជិក​ក្នុង​សៀវភៅ​គ្រួសារ ខណៈ​បងប្អូន​ខ្លះ​ក៏​ត្រូវការ​លុប​សមា​ជិក​ក្នុង​សៀវភៅ​គ្រួសារ​ផង​ដែរ ​។ តែ​ពេល​នេះ គឺ​អស់​បារម្ភ​ទៀត​ហើយ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ធ្វើការ​បន្ថែម​សមា​ជិក ឬ​លុប​ចេញ​ក្នុង​សៀវភៅ​ស្នាក់​នៅ…

កន្លង​មក ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែង​មានការ​លើក​ឡើង​ថា មិនដឹង​ត្រូវ​ត្រៀម​ឯកសារ​អ្វីខ្លះ​នោះ​ទេ នៅ​ពេល​ត្រូវការ​បន្ថែម​សមាជិក​ក្នុង​សៀវភៅ​គ្រួសារ ខណៈ​បងប្អូន​ខ្លះ​ក៏​ត្រូវការ​លុប​សមា​ជិក​ក្នុង​សៀវភៅ​គ្រួសារ​ផង​ដែរ ​។

តែ​ពេល​នេះ គឺ​អស់​បារម្ភ​ទៀត​ហើយ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ធ្វើការ​បន្ថែម​សមា​ជិក ឬ​លុប​ចេញ​ក្នុង​សៀវភៅ​ស្នាក់​នៅ ដោយ​បងប្អូន​គ្រាន់តែ​មាន​ឯកសារ​ចាំបាច់​មួយ​ចំនួន​ដែល​សមត្ថកិច្ច​តម្រូវ​ ។

បើ​តាម​ការ​ចែករំលែក​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េ​ង​ឈាង អគ្គនាយករង​នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បានឱ្យ​ដឹង​ថា ដើម្បី​បន្ថែម ឬ​លុប​សមាជិក​ក្នុង​សៀវភៅ​គ្រួសារ បង​ប្អូន​ត្រូវ​ប្រាកដ​ថា មាន​ឯកសារ​ចាំបាច់​ទាំង​អស់នេះ​ ។

១-​សម្រាប់​ការ​បន្ថែម​សមាជិក​ក្នុង​សៀវភៅ​ស្នាក់​នៅ​៖

សហព័ន្ធ ដែល​យើង​ស្គាល់​ជា​ទូទៅ​ថា ប្តី​ឬ​ប្រពន្ធ ត្រូវ​ស្នើ​សុំ​បន្ថែម​សមាជិក​មក​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​មានការ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្នើ​សុំ និង​ភ្ជាប់​ឯកសារ​ណាមួយ​មាន​ដូច​ខាងក្រោម​៖

•​     ​កូន​ទើប​កើត​ត្រូវ​មាន​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត

•​     ក្នុង​ករណី​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍

•​     ​កូន​ស្មុំ ត្រូវ​មាន​សាលក្រម​តុលាការ

បន្ថែម​ពី​ករណី​ទាំង ៣ ខាងលើ សម្រាប់​ការ​បន្ថែម​សមាជិក​ក្នុង​សៀវភៅ​ស្នាក់​នៅ ក្នុង​ករណី​៖

•​     ​ផ្លាស់​ចូល​ត្រូវ​មាន​លិខិតអនុញ្ញាត​ផ្លាស់​ប្តូរ​លំនៅ​ឋាន

•​     ​ចេញពី​ពន្ធនាគារ​ត្រូវ​មាន​សាលក្រម​ដោះ​លែង​ពី​តុលាការ និង​ដីកា​ដោះ​លែង​ពី​ពន្ធនាគារ

•​     ​សមាជិកគ្រួសារ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស​ត្រូវ​មាន​លិខិតបញ្ជាក់​អំពី​ការ​ធានា​អះអាង​ពី​មេ​គ្រួសារ ឬ​សាក្សី​។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ត្រូវ​សរសេរ​ចូល​ក្នុង​បញ្ជី​គ្រួសារ​និង​សៀវភៅ​គ្រួសារ​នគរបាល​រដ្ឋបាល ពិនិត្យ និង​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ រួច​ប​ញ្ចូ​ន​ទៅ​អធិការ​នគរបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ពិនិត្យ ចុះហត្ថលេខា និង​បោះត្រា​ឈ្មោះ​នៅ​ត្រង់​ទម្រង់​នៃ​ទំព័រ​សៀវភៅ «​​ទទួលស្គាល់​របស់​សមត្ថកិច្ច​មូលដ្ឋាន​”​ព្រមទាំង​បោះត្រា “​បាន​ចុះ​ស្ថិតិ​” លើ​សៀវភៅ​គ្រួសារ​ត្រង់​ទម្រង់​នៃ​ទំព័រ​សៀវភៅ “​ទំនាក់ទំនង​ជាមួយ​មេ​គ្រួសារ» រួច​បញ្ជូន​ត្រឡប់​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តាម​កាលកំណត់​។

២.២- ការ​លុបឈ្មោះ​ចេញពី​សៀវភៅ​គ្រួសារ​៖

      ​សហ​ព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​) នៃ​គ្រួសារ​ណាមួយ ត្រូវ​ស្នើ​សុំ​លុបឈ្មោះ​សមាជិក​មក​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​មានការ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្នើ​សុំ និង​ភ្ជាប់​ឯកសារ​ណាមួយ​មាន​ដូច​ខាងក្រោម​៖

•​     ​ផ្តាច់​សមគ្គសង្វាស់ ត្រូវ​មាន​សាលក្រម​លែងលះ

•​     ​កូន​ដែល​ត្រូវ​ឪពុក ម្ដាយ​កាត់កាល់ ត្រូវ​មាន​សាលក្រម​កាត់កាល់

•​     ​ពលរដ្ឋ​ខ្មែរ​លះបង់​សញ្ជាតិ ត្រូវ​មាន​ព្រះរាជក្រឹត្យ​លះបង់​សញ្ជាតិ​ខ្មែរ​។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ត្រូវ​បោះត្រា “​បាន​លុបឈ្មោះ ឬ​លះបង់​សញ្ញា​តិ​ខ្មែរ សមាជិក​ក្នុង​បញ្ជី​គ្រួសារ​ត្រង់​ទម្រង់​នៃ​ទំព័រ​បញ្ជី “​ទំនាក់ទំនង​ជាមួយ​មេ​គ្រួសារ​” ហើយ​ដាក់​ជូន​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ពិនិត្យ​និង​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ រួច​បញ្ជូន​ទៅ​អធិការ​នគរបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ពិនិត្យ ចុះហត្ថលេខា និង​បោះត្រា​ឈ្មោះ​នៅ​ត្រង់​ទម្រង់​នៃ​ទំព័រ​សៀវភៅ​គ្រួសារ “​ទទួលស្គាល់​របស់​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​បោះ​ត​”​បាន​លុបឈ្មោះ ឬ​លះបង់​សញ្ជាតិ​ខ្មែរ​” លើ​សៀវភៅ​គ្រួសារ​ត្រង់​ទម្រង់​នៃ​ទំព័រ​សៀវភៅ “​ទំនាក់ទំនង​ជាមួយ ម​គ្រួសារ​” រួច​បញ្ជូន​ត្រឡប់​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តាម​កាលកំណត់​។

      ​យ៉ាងណាមិញ​សម្រាប់​ករណី​ផ្សេង​ទៀត​នៃ​ការ លុបឈ្មោះ​ចេញពី​សៀវភៅ​ស្នាក់​នៅ គឺ​ក្នុង​ករណី

• ស្លាប់​ត្រូវ​មាន​សេចក្តីចម្លង​សំបុត្រ​មរណភាព ឬ​សំបុត្រ​បញ្ជាក់​មរណភាព

 • ផ្លាស់​ចេញ​ត្រូវ​មាន​លិខិតអនុញ្ញាត​ផ្លាស់​ប្តូរ​លំនៅ​ឋាន

 • ជាប់​ពន្ធនាគារ ត្រូវ​មាន​សាលក្រម​ផ្តន្ទាទោស

      ​ហេតុនេះ ​បើ​បងប្អូន​ប្រជា​ពលរ​ដ្ខ​មាន​បំណង​ចង់​បន្ថែម ឬ​លុប​សមាជិក​ក្នុង​សៀវភៅ​គ្រួសារ​បងប្អូន​ត្រូវ​មាន​ភ្ជាប់​ឯកសារ​ដូច​បាន​ជំរាប​ជូន​ខាងលើ​ផង​ដែរ​។ (​ដោយ​៖ ខឿន មរកត​)

អត្ថបទសរសេរ ដោយ