ខេត្តព្រះសីហនុ ៖ អបអរសាទរដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុផង! នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគចំនួន២ នៅខេត្តព្រះសីហនុ ដែលបោះទុនសរុបជាង ៥៨០លានដុល្លារអាមេរិក នេះបើយោងតាមលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគ ដែលបានដាក់ស្នើមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសុំការអនុម័តផ្តល់គោលការណ៍វិនិយោគ និងបន្តជំរុញការអភិវឌ្ឍ ។
អង្គប្រជុំ បានពិភាក្សាលើការវិភាគ សេដ្ឋកិច្ច សង្គម ព្រមទាំងបានកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល ធ្វើយ៉ាងណា ទាញប្រយោជន៍ជាតិ ឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។ ជាមួយគ្នានេះដែរ គម្រោងវិនិយោគទាំង២ ទទួលបានការសាទរ និងការវាយតម្លៃ ថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រទេសកម្ពុជា ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចផ្តល់គោលការណ៍វិនិយោគដល់គម្រោង ទាំង២ មានជាអាទិ៍ ៖
១.ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក។ វិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ នៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២. ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ 12,350,190 ដុល្លារអាមេរិក។ វិនិយោគសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ជាការកត់សម្គាល់ថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ វិស័យវិនិយោគនៅកម្ពុជា មាននិន្នាការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តចំពោះស្ថានភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស ៕








ចែករំលែកព័តមាននេះ