ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រានចោល​ព័ត៌មាន​ពីការដោះលែងជនបង្ក​មនុស្ស​ស្លា.ប់៤នាក់​ក្រោមស្ពានអាកាសប្ញស្សីកែវ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានព័ត៌មានបែកធ្លាយថា អនុប្រធានគយចល័តតំបន់៣ ឈ្មោះ នាង សំអូន ដែលស្រវឹងស្រាបើកឡានបុករះបណ្ដាលឱ្យមនុស្សស្លាប់៤ របួស៤ នៅក្រោមស្ពានអា​កាសឫស្សីកែវ…

រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានព័ត៌មានបែកធ្លាយថា អនុប្រធានគយចល័តតំបន់៣ ឈ្មោះ នាង សំអូន ដែលស្រវឹងស្រាបើកឡានបុករះបណ្ដាលឱ្យមនុស្សស្លាប់៤ របួស៤ នៅក្រោមស្ពានអា​កាសឫស្សីកែវ ត្រូវបានដោះលែងនោះ​ដែលព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ​តាមបណ្ដាញសង្គមនេះ បានបញ្ឆេះកំហឹងមហាជនឱ្យផ្ទុះឆេះឡើងសាជាថ្មី ។

ឆ្លើយតបនឹងការព័ត៌មាននេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញមុខបដិសេធដោយ​អះអាងថា «ពុំមានការដោះលែងនោះឡើយ» ហើយបានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយរឿងនេះទៀតផង ។

យោងតាមតាមសេចក្ដីថ្លែងការរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានបំភ្លឺថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានគេហទំព័រផែនដីថ្មី PDT-News និងបណ្ដាញសង្គមនានាបានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់តៗគ្នាថា «ជនបង្ក​សោកសង្រេងគ្រោះថ្នាក់ចរាចរណ៍ នៅដើមឆ្នាំ ២០២៤ បណ្តាលឱ្យស្លាប់មនុស្សក្រោមស្ពានអា​កាសឫស្សីកែវ ០៤នាក់ របួស០៤នាក់ និងខូចខាតម៉ូតូឡានជាច្រើនគ្រឿង គឺបុគ្គលឈ្មោះ នាង សំអូន ជាអនុប្រធានគយចល័តតំបន់៣ នាយកដ្ឋាននៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវបានដោះលែង និងចូលបំពេញការងារជាធម្មតាវិញ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា ការបង្ហោះរបស់គេហទំព័រ ផែនដីថ្មី PDT-News និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់នីតិវិធីចំណាត់ការសំណុំរឿងរបស់ស្ថាប័នតុលាការ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបន្តថា នៅពេលនេះ ជនត្រូវចោទក្នុងសំណុំរឿងគ្រោះ​ថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ក្រោមស្ពានអាកាសឫស្សីកែវចំនួន០៤នាក់នោះកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ ។ ដូច្នេះ សូមម្ចាស់គេហទំព័រផែនដីថ្មី PDT-News និងបណ្ដាញសង្គមនានា ធ្វើការកែតម្រូវជាបន្ទាន់ និងបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មាន មិនពិតបន្តទៀត ។

ក្នុងករណីម្ចាស់គេហទំព័រផែនដីថ្មី PDT-News និងបណ្ដាញសង្គមនានានៅតែបន្តការ ផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនកែតម្រូវនោះសាលាដំបូងរាជធានីភ្នំពេញ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់ ។

គួរកត់សម្គាល់ថា ក្រោយការព្រមានចាត់វិធានការផ្លូវច្បាប់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ គេឃើញថា នៅលើផេកហ្វេសបុក គេហទំព័រផែនដីថ្មី PDT-News បានកែតម្រូវការចេញផ្សាយរបស់ខ្លួនភ្លាមៗផងដែរ។

គួររំលឹកថា កាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបចុះពីស្ពានបេតុងខ្សែកាបឫស្សីកែវ ជនបង្កឈ្មោះ នាង សំអូន មានតំណែងជាអនុប្រធានគយចល័តតំបន់៣ នៃអគ្គ​នាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានបើកឡាន Ford ទាំងស្ថានភាពស្រវឹង បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿងដែលកំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យស្លាប់៤នាក់ និងរបួសធ្ងន់៤នាក់៕ ដោយ៖ អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ