ទីក្រុងម៉ូស្គូ៖ ញាក់សាច់នឹងការព្រមានរបស់វិមានក្រឹមឡាំងជុំវិញការផ្ទុះសង្គ្រាមធំរវាងរុស្ស៊ី និងអង្គការណាតូបើអង្គការនេះហ៊ានបញ្ជូនកងទ័ពទៅជួយច្បាំងអ៊ុយក្រែន។ ការព្រមាននេះបន្ទាប់ពីប្រធានាធិបតីបារាំង លោកម៉ាក្រុង ដាក់ចេញនូវគ្រប់លទ្ធភាពនៃការជួយអ៊ុយក្រែនរួមទាំងលទ្ធភាពនៃការបញ្ជូនកងទ័ពទៅអ៊ុយក្រែនផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកម៉ាក្រុងកាលពីម្សិលមិញ លោកចង់សង្កត់ធ្ងន់ថាគេមិនអាចបណ្ដោយឲ្យរុស្ស៊ីឈ្នះសង្គ្រាមនេះជាដាច់ខាត។
ប្រតិកម្មតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov) ថ្លែងថាសង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូមិនត្រឹមតែអាចនឹងកើតឡើងទេ។ ប៉ុន្តែប្រាកដជាកើតឡើងដោយជៀសមិនរួច។ ម្សិលមិញ លោកម៉ាក្រុងប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗដែរ។ លោកថាអឺរ៉ុបមិនបោះបង់ចោលគម្រោងបញ្ជូនកងទ័ពជើងគោកទៅអ៊ុយក្រែនទេ។ យើងរក្សាទុកជម្រើសទាំងអស់ព្រោះយើងរៀបយុទ្ធសាស្ត្រទប់ទល់ជាមួយរុស្ស៊ី ខណៈដែលរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែន២៥%។
ជាកិច្ចឆ្លើយតប, លោកប៉េស្កោហ្វថ្លែងថាការនិយាយអំពីលទ្ធភាពបញ្ជូនកងទ័ពទៅអ៊ុយក្រែនជាពាក្យពេចន៍សំខាន់ណាស់។ ស្រួលមិនស្រួលអាចនឹងមានរឿងធំជាមួយគ្នា។ ចំពោះសំណួរថាតើអាចនឹងមានហានិភ័យកម្រិតណាបើរដ្ឋជាសមាជិកអង្គការណាតូបញ្ជូនទ័ពទៅអ៊ុយក្រែន? លោកប៉េស្កោហ្វតបថានៅក្នុងករណីនេះ យើងមិនមែននិយាយថាតើអាចនឹងផ្ទុះសង្គ្រាមនឹងគ្នាទេ ប៉ុន្តែត្រូវនិយាយថាសង្គ្រាមនឹងផ្ទុះឡើងយ៉ាងពិតប្រាកដ។ លោកប៉េស្កោហ្វយល់ថាបណ្ដាប្រទេសទាំងនោះគួរណាស់សួរខ្លួនថាតើទង្វើរបស់ខ្លួនបានផលប្រយោជន៍អ្វីសម្រាប់សង្គមជាតិ និងប្រជាជនរបស់ខ្លួនកម្រិតណាបានជាពួកគេខំប្រឹងម៉្លេះ។
បន្ទាប់ពីវិមានក្រឹមឡាំងដាក់ធ្ងន់ៗមក អឺរ៉ុប និងអាមេរិកបញ្ជាក់ជំហរជាថ្មី។ ទាំងសេតវិមាន និងមន្ទីរបញ្ចកោណប្រកាសព្រមៗគ្នាថារដ្ឋាភិបាលរបស់ខ្លួនគ្មានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេទោះបីកម្រិតទីប្រឹក្សាយោធា ឬយោធាចារ្យក៏ដោយ។ ប្រទេសដទៃទៀតដូចជាអាល្លឺម៉ង់ និងអេស្ប៉ាញក៏បញ្ជាក់ជំហរដូចគ្នា។ ប្រទេសអឺរ៉ុបខ្លះយល់ថាបញ្ជូនត្រឹមតែអាវុធ និងលុយកាក់គ្រប់គ្រាន់ហើយ។ បើមិនដូច្នេះទេពួកគេនឹងធ្លាក់ទៅក្នុងស្ថានភាព «សាច់មិនបានស៊ី, យកឆ្អឹងព្យួរក»។
អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល (Olaf Scholz) ថ្លែងថាតាមអ្វីដែលលោកដឹងតាំងពីដំបូងដៃមកជាគោលជំហររួមរបស់សហភាពអឺរ៉ុប និងអង្គការណាតូ យើងមិនត្រូវបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសឆ្លើយបំភ្លឺថាអង់គ្លេសបានបញ្ជូនបុគ្គលិកយោធាទៅអ៊ុយក្រែនតាំងពីយូរមកហើយ។ គ្រាន់តែថាពួកគេមិនមែនជាកងទ័ពសកម្ម។ ពួកគេទៅទីនោះដើម្បីជួយបណ្ដុះបណ្ដាលជំនាញពេទ្យទាហានតែប៉ុណ្ណោះ។ ទៅថ្ងៃអនាគត អង់គ្លេសក៏គ្មានគម្រោងបញ្ជូនកងទ័ពទ្រង់ទ្រាយធំទៅអ៊ុយក្រែនដែរ៕
ប្រភព៖ Daily Mail
https://www.dailymail.co.uk/news/article-13130891/Kremlin-warns-inevitable-war-Russia-NATO-European-members-send-troops-Ukraine-French-President-Macron-warned-West-not-ruled-putting-boots-ground.html
ចែករំលែកព័តមាននេះ