ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ខេត្តពោធិ៍សាត់ បំភ្លឺ​ពាក់ព័ន្ធ​ផ្ទះ​បណ្តែត​ទឹក នៅ​កំពង់​លួង ភាគច្រើន​ជាខ្មែរ

2 ខែ មុន

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ពាក់ព័ន្ធ​កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​សង្គម​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ…

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ពាក់ព័ន្ធ​កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​សង្គម​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ KHMER ដែល​មាន​ខ្លឹមសារ​ថា ៖ អស្ចារ្យ​មែន​! ស្ងាត់​ភ្ញៀវ​ខាងកើត​ចូល​មក​ធ្វើ​ផ្ទះ​បណ្តែត​ទឹក​ពេញ​បឹង​កំពង់​លួង ខេត្តពោធិ៍សាត់​.. កម្ពុជា​អើយ តទៅ​មុខ​ទៀត​ទៅ​ជា​យ៉ាងណា​ទៅ ។

ពាក់ព័ន្ធ​ករណី​នេះ រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​បំភ្លឺ​ដូច​ខាងក្រោម ៖

១. ឃុំ​កំពង់​លួង ជា​ឃុំ​បណ្ដែត​ទឹក ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹកជា​អចិន្ត្រៃយ៍ ចំនួន​៤​ភូមិ មិន​ថា នៅ​រដូវ​ទឹក​ឡើង ឬ​រដូវ​ទឹក​ស្រក ដែល​បាន​រស់នៅ​បែប​នេះ ជា​យូរណាស់​មក​ហើយ និង​ក្លាយជា​ទម្លាប់​របស់​ពួក​គាត់ ។

២. នៅ​រដូវ​ទឹក​ឡើង ប្រជាពលរដ្ឋ​មានការ​រស់នៅ​ជា​លក្ខណៈ រាយ​ប៉ាយ ដោយ​មាន​ទីតាំង​ទៅ​តាម​ព្រែក និង​ប្រឡាយ​..​។

៣. នៅ​រដូវ​ទឹក​ស្រក ប្រជាពលរដ្ឋ​បាន​ផ្លាស់​ទី​ទៅ​រស់នៅ​ផ្នែក​ខាងក្រោម មាន​លក្ខណៈ ប្រមូលផ្តុំ​គ្នា ដែល​មើលទៅ​ឃើញ​រូបភាព​ច្រើន​កុះករ ។

៤. ទន្ទឹម​នឹង​មានការ​ប​ម្លា​ស់​ទី​ចុះឡើង​តាម​ស្ថានភាព​ទឹក​ឡើង ទឹក​ស្រក​នោះ សេវា​សាធារណៈ ក៏​បាន​ផ្លាស់​ទៅ​តាម​ពួក​គាត់​ដែរ ដូច​ជា សាលារៀន​បណ្ដែត​ទឹក មណ្ឌល​សុខភាព​បណ្តែត​ទឹក និង​សាលា ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​បណ្តែត​ទឹកជា​ដើម ។

៥. ប្រជាពលរដ្ឋ​ទាំង​អស់នេះ មិន​មានការ​កើនឡើង ដូច​អ្វី​ដែល​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​កបាន​ផ្សព្វផ្សាយ​នោះ​ឡើយ​។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​ធ្វើការ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ។

ផ្អែក​លើ​មូលដ្ឋាន​ខាងលើ​នេះ រដ្ឋបាល​ខេត្តពោធិ៍សាត់ សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ដែល​បាន ចុះ​ផ្សាយ​ផ្ទុយ​ពី​ការ​ពិត​ជាក់ស្តែង ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លោក​តែងតែ​យកចិត្តទុកដាក់​លើ​ការ​ការពារ​បូរណភាព​ទឹកដី ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ។

ជុំវិញ​ការ​ផ្សព្វផ្សាយ​ផ្ទះ​បណ្តែត​ទឹក​នៅ​កំពង់​លួង​ខាងលើ​នេះ ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ បានអោយ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​សហគមន៍​ទេសចរណ៍​ភូមិ​បណ្តែត​កំពង់​លួង ស្ថិត​នៅ​ឃុំ​កំពុង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ តាម​ទស្សនទាន ទស្សនា​ខេត្តពោធិ៍សាត់​នា​គិម្ហៈ​រដូវ ក្រុមការងារ​ផលិត និង​ផ្សព្វផ្សាយ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ បាន​សង្កេត​ឃើញ​ថា មានការ​យក​ព័ត៌មាន​ផ្សព្វផ្សាយ​ទេសចរណ៍ ពី​សំណាក់​ជន​អគតិ ទៅ​បំភ្លៃ មួលបង្កាច់​ថ្នាក់ដឹកនាំ​កំពូល​របស់​រាជរដ្ឋាភិបាល ដោយ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន តាម​រយៈ​បណ្ដាញ​សង្គម Facebook TikTok និង Platform ផ្សេង​ៗ ក្រោម​ប្រធានបទ អំពី ជនជាតិ​វៀតណាម កំពុង​រស់នៅ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​មូលដ្ឋាន​ភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​លួង ។

មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់​ថា សហគមន៍​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ជា​សហគមន៍​ទេសចរណ៍ ដែល​កំពុង​អនុវត្ត​សកម្មភាព​ទេសចរណ៍ ដោយ​ប្រជា​សហគមន៍ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តាំងទី​លំនៅ​លើ​ភូមិ​បណ្តែត​ទឹក​តាំងពី​បុរាណកាល​មក ដូច​ភូមិ​បណ្តែត​ទឹក​នានា​នៅ​តាម​ផ្ទៃ​បឹង​ទន្លេសាប តាម​បណ្ដា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ។

មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ថាមពល និង​គតិបណ្ឌិត​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី និង​ដោយ​មាន​ក្រសួងទេសចរណ៍ ជា​សេនាធិការ បាន​យកចិត្តទុកដាក់​លើកកម្ពស់ និង​ជម្រុញ​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​អាទិភាព ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​នៅ​គ្រប់​មូលដ្ឋាន​បាន​រីក​ចម្រើន ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រុមការងារ​ផលិត និង​ផ្សព្វផ្សាយ​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ សូម​បដិសេធ​ទាំងស្រុង ពី​ការ​បំផ្លើស បំភ្លៃ​ព័ត៌មាន​ពី​សំណាក់​ជន​អគតិ ដែល​បាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​មក​លើ​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាម​រយៈ​រូបភាព​ឯកសារ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ ៕
រូបភាពពីហ្វេសប៊ុក Dyna Pisith  (ពូតឿ) មានដូចខាងក្រោមនេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ