ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទិញ​ទឹក​គេ​ផឹក​តម្លៃ​ជាង​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៖ តើ​ភ្ញាក់ផ្អើល​ទេ?

2 ខែ មុន

កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ដែនដី​មួយ​នៅ​លើ​ពិភពលោក ​ដែល​សម្បូរ​ទៅ​ដោយ​ប្រ​ភព​ទឹកសាប​ដែល​ជា​ប្រភព​នៃ​ជីវិត​មនុស្សជាតិ រុក្ខជាតិ និងសត្វ​ជា​ច្រើន​ប្រភេទ​។ ប៉ុន្តែ​នៅ​ក្នុងមួយ​ឆ្នាំ​តួលេខ​បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចូល​ទឹក​សម្រាប់​ពិសារ​ដល់​ទៅ​ជាង​២០០​លាន​ដុល្លារ ។ នេះ​គឺជា​បរិ មាណនៃ​ការ​នាំ​ចូល​ដ៏​ច្រើន​លើសលុប…

កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ដែនដី​មួយ​នៅ​លើ​ពិភពលោក ​ដែល​សម្បូរ​ទៅ​ដោយ​ប្រ​ភព​ទឹកសាប​ដែល​ជា​ប្រភព​នៃ​ជីវិត​មនុស្សជាតិ រុក្ខជាតិ និងសត្វ​ជា​ច្រើន​ប្រភេទ​។ ប៉ុន្តែ​នៅ​ក្នុងមួយ​ឆ្នាំ​តួលេខ​បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចូល​ទឹក​សម្រាប់​ពិសារ​ដល់​ទៅ​ជាង​២០០​លាន​ដុល្លារ ។ នេះ​គឺជា​បរិ មាណនៃ​ការ​នាំ​ចូល​ដ៏​ច្រើន​លើសលុប ហើយ​ប្រសិនបើ​មិនឃើញ​តួ​លេខដែល​ចេញ​ដោយ​ស្ថាប័ន​ត្រឹមត្រូវ​ក៏​ពិបាក​នឹង​ជឿ​ដែរ ។

តាម​ស្ថិតិ​ដែល​ចងក្រង​ដោយ​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងមួយ​ឆ្នាំ ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា១៧លាន​នាក់ និងទេសចរ​បរទេស​ចេញចូល​ប្រមាណ​ជា​៥,៤៥លាន​នាក់ គឺ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើនលើ​ការ​ទិញ​ទឹក​យក​មក​ពិសា ។
ស្ថិតដែល​ចងក្រង​ដោយ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ​កម្ពុជា​នាំ​ចូល​ទឹក​ពិសា​ចូល​មក​បម្រើ​សេចក្តី​ត្រូវការ នៅ​ក្នុង ចំនួន​សរុប​ជិត​២៤០ លាន​ដុល្លារ ។

ចំនួន​នេះ ​ថ្វី​ដ្បិតត​តែ​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​២០២២​ក៏​ដោយ​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ​ក៏​ដោយ​ក៏​បរិមាណ​គឺ​នៅ​តែ​ច្រើន ។ ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចូល​ទឹក​ពិសា កាលពី​ឆ្នាំ​២០២២​គឺ​មាន​តម្លៃ​សរុប​ជិត២៤៧​លាន​ដុល្លារ ថយ​ចុះ​ប្រមាណ​ជា​ជាង៧លាន​ដុល្លារ ឫជិត​៣​ភាគរយ ។
បរិមាណ​នៃ​ការ​នាំ​ចូល​ទឹក​ពិសា​របស់​កម្ពុជា​ច្រើន​មែន ខណៈ​ដែល​នៅ​ក្នុងស្រុក​យើងវិញ​ក៏​សម្បូរ​ផលិតផល​ទឹក​ពិសារ​នេះ​ជា​ច្រើន​ផង​ដែរ​។ ដូច្នេះ​សក្តានុពល​នៃទឹក​ពិសារ​ជា​ជា​តម្រូវ​ក៏​ដ៏​ធំមួយ​ស្រប​ពេល​ដែល​នៅ​កម្ពុជា​ប្រភព​ទឹក​មាន​ច្រើន​ណាស់​។

កម្ពុជា​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទន្លេធំ​៤ គឺទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម បា​សាក់ និងទន្លេសាប ។ ក្រៅពី​នោះ​កម្ពុជា​នៅ​មាន​ដៃទន្លេ​ធំ​ៗ​នៅ​ភូមិភាគ​ឥ​សាន្ត ដូច​ជា​សេ​កុង ស្រែ​ពក និង សេ​កុង ជាដើម ។ នោះ​គេ​នៅ​មិន​ទាន់​រាប់​ចូល​នូវ​ស្ទឹង បឹងបួរ និង ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​សុទ្ធតែ​ជា​ប្រភព​ទឹក ដ៏​ប្រសើរ​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ផ្សេង​ៗ​គ្នា របស់​ប្រជាពលរដ្ឋ ហើយ​ក៏​មិន​គិត​ថា ទំហំ​នាំ​ចូល​ទឹក​ពិសា​ស្រុក​យើង​មាន​តម្លៃ ដ៏​ច្រើន​សន្ធឹក សន្ធាប់​បែប​នេះ ។

​ផ្អែក​តាម​សក្តានុពល​នេះ​ហើយ​ដែល​យើង​មើល​រំលង​ហើយ​មិន​នឹក​ស្មាន​ទាល់តែ​សោះ​ថា នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​យើង​ទាំងអស់​គ្នា​ចំណាយ​ច្រើន​បែប​នេះ​ទិញ​ទឹក​ទទួលទាន ​។ នៅ​ក្នុង​លក្ខខណ្ឌ​ដែល​ស្រុក​យើង​មាន​ប្រភព​ទឹក​ច្រើន​បែប​នេះ យើង​គួរតែ​ពង្រឹង​ការ​ផលិត និង​ចែកចាយ​នៅ​ក្នុងស្រុក​ជា​ជាង​ឫ​ប្រសើរ​ជាង​ការ​នាំ​ចូល​ដ៏​ច្រើន​បែប​នេះ ។

យើង​គិត​ថា​ បរិមាណ​នៃ​ការ​នាំ​ចូល​ដ៏​ច្រើន​បែប​នេះ​គឺជា​ការ​ខាតបង់​សេដ្ឋកិច្ច​មួយ នៅ​ក្នុង ពេល​ដែល​យើង​មាន​ធនធាន​ស្រាប់ ដូច្នេះ​គួរតែ​បង្កើន​ផលិតកម្ម​ទឹក​ស្អាត​និង​ទឹក​ពិសារ អោយ​ត្រូវ​ស្តង់ដា​នឹង​ផលិតផល​នាំ​ចូល ។ ការ​បង្កើត​ផលិតកម្ម​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ហើយ នោះ ក៏​នៅ អាច​ជួយ​បង្កើត​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​បាន​មួយ​ចំណែក ។

ក្រៅពី​នោះ​វា​ក៏​ជា​កត្តា​មួយ​ដែល​អាច​នឹង​ជួយ​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​វត្ថុ​ដែល​បំពុល​បរិ​កាស ជា​ពិសេស​គឺ​ដប​ផ្លា​ស្ទិ​ក ដែល​មក​ដល់​ពេល​នេះ​ក្រសួងបរិស្ថាន​កំពុង​តែ​ធ្វើ​យុទ្ធនាការ​លើ បញ្ហា​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​បំពុលបរិយាកាស​និង​បរិស្ថាន​នៅ​ក្នុង​ប្រទេស ។

សរុប​មក​វិញ​ការ​វិនិយោគ​នៅ​លើ​ផលិតកម្ម​ទឹក​ពិសា​នៅ​ក្នុងស្រុក​គួរតែ​ត្រូវ​យកចិត្តទុកដាក់ ហើយដោយ​ឡែក​ពលរដ្ឋ​ដែល​ប្រើប្រាស់​ក៏​គួរតែ​ជ្រើសរើស​ផលិតផល​នៅ​ក្នុងស្រុក ដើម្បី​ជួយសេដ្ឋកិច្ចជាតិ ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​ការ​សម្អាត​បរិស្ថាន និង ផ្តល់​ការងារ​ធ្វើ ដល់​ពលរដ្ឋ​យើង​បន្ថែម​ទៀត​ផង​ដែរ​។ ដោយ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ