រាជធានីភ្នំពេញ៖ ពលករខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅប្រទេសថៃប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ។

កញ្ញា សួន ស្រីនិច្ច ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃថា៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការធ្វើតេស្តរកសារជាតិញៀន ទៅលើមន្ត្រីរាជការគ្រប់ស្ថាប័ន និងបណ្តេញមន្ត្រីចេញពីក្របខណ្ឌ ប្រសិនបើរកឃើញថាមានសារជាតិញៀន» ។
អ្នកស្រី ឡូន ស្រី ជាពលករខ្មែរកំពុងធ្វើការនៅខេត្ត ប៉ះធុមថានី ប្រទេសថៃ ក៏បានលើកឡើងដែរថា៖ «ក្នុងនាមជាកូនខ្មែរមួយរូប សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើតេស្តរកសារធាតុញៀន ជាប្រចាំចំពោះមន្ត្រី នៅតាមក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» ។
ពលករខ្មែរដែលធ្វើការនៅថៃ បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ គឺដើម្បីធានាធ្វើយ៉ាងណាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារនៅតាមស្ថាប័នក្រសួងនៅកម្ពុជា ។
គូសបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញបញ្ជាតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំ ចំពោះមន្ដ្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ