រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអនុញ្ញាតឱ្យលោក Emerald AM នាយកប្រចាំប្រទេសនៃអង្គការ The Life And Building Safety(LABS) ដែលជាអង្គការជំនាញលើផ្នែកសុវត្ថិភាព សម្រាប់និយោជិតក្នុងរោងចក្រសហគ្រាស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ជាបឋមនាយកប្រចាំប្រទេសកម្ពុជា នៃអង្គការ LABS លោក Emerald AM បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណង និងទស្សនវិស័យ នៃអង្គការរបស់ខ្លួនដែលជំរុញឱ្យកាន់តែប្រសើរ និងស្តង់ដារនូវប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យជាពិសេសគ្រោះថ្នាក់អគ្គិភ័យ ក្នុងរោងចក្រសហគ្រាស ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីផែនការសកម្មភាពរបស់ក្រសួង ក្នុងអាណត្តិទី ៧ ដែលបានផ្តល់សារសំខាន់ និងយកចិត្តទុកដាក់ជាអាទិភាពលើសុវត្ថិភាពកម្មករនិយោជិត ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីធានាពីសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបអង្គការ LABS អំពីតួនាទី និងភារកិច្ចដាច់ដោយឡែកពីគ្នា នៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះករណីសុវត្ថិភាពអគ្គិភ័យ ក្នុងរោងចក្រសហគ្រាសផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការ LABS អាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា និងសិក្សាលម្អិតមើលពីលទ្ធភាព នៃកិច្ចសហការក្នុងគោលបំណងជំរុញលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដល់និយោជិតក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដែលស្របទៅនឹងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរសម្រាប់ឧត្តមប្រយោជន៍ ទៅដល់កម្មករនិយោជិតគ្រប់ៗរូប ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ