ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​កុងស៊ីបញ្ចាំ​ម៉ូតូ​មួយ​កន្លែង​នៅ​ឃ្លាំង​រំសេវ ដកហូត​ម៉ូតូ​៣១​គ្រឿង និង​ស្លាក​លេខ​ជាង​១០០​បន្ទះ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​កុងស៊ីបញ្ចាំ និង​ទិញ​លក់​ម៉ូតូ​មួយ​កន្លែង នៅ​ឃ្លាំង​រំសេវ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក…

0:00
0:00

រាជធានី​ភ្នំពេញ ៖ ទីតាំង​កុងស៊ីបញ្ចាំ និង​ទិញ​លក់​ម៉ូតូ​មួយ​កន្លែង នៅ​ឃ្លាំង​រំសេវ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក ចុះ​បង្ក្រាប​ឆែកឆេរ ដោយ​ដកហូត​បាន​ម៉ូតូ ចំនួន​៣១​គ្រឿង និង​ស្លាក​លេខ​ប្រមាណ​ជាង​១០០​បន្ទះ និង​កាត​គ្រី និង​អត្តសញ្ញាណ​មួយ​ចំនួន ពាក់ព័ន្ធ​ទិញ​លក់​ស្លាក​លេខ​ម៉ូតូ ។

ការ​ចុះ​បង្ក្រាប​កុងស៊ីបញ្ចាំ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​កុងស៊ីបញ្ចាំ និង​ទិញ​លក់​ម៉ូតូ ស្ថិត​នៅផ្ទះ​លេខ ៤៩B ផ្លូវ​លេខ​១៩២ ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​មន្ត្រី​នគរបាល អោយ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដោយ​មានការ​អនុ​ញ្ញា​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ និង​នគរបាល​ខណ្ឌទួលគោក ផង​ដែរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​ចុះ​ឆែកឆេរ ដកហូត​ម៉ូតូ​នេះ ត្រូវ​គេ​ដឹង​ថា ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចម្លើយ​សារភាព ពី​ជនសង្ស័យ​ម្នាក់ ដែល​បាន​ទិញ ស្លាក​លេខ​ម៉ូតូ​ពី​កុងស៊ីបញ្ចាំ​ខាងលើ ហើយ​ក៏​បាន​យក​ទៅ​បង្ហោះ​លក់​ជា​សាធារណៈ នា​ពេល​កន្លង​មក​។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​បន្ត​ថា នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ឆែកឆេរ​នេះ​ដែរ ម្ចាស់​កុងស៊ី ទំនងជា​ដឹងខ្លួន​ទាន់ បាន​គេចខ្លួន​បាត់ មុន​ពេល ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង ។

ប្រភព​ព័ត៌មាន​បង្ហើប​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​ម៉ូតូ​ចំនួន ចំនួន​៣១​គ្រឿង​, ស្លាក​លេខ​ម៉ូតូ​ចំនួន​១១២​សន្លឹក​, កាត​គ្រី​ម៉ូតូ​ចំនួន​៧២​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​ចំនួន​១១​សន្លឹក​, សំបុត្រ​កំណើត​ចំនួន​០៣​ច្បាប់​, ធុង​ខ្យល់​សម្រាប់​កឹ​ប​ស្លាក​លេខ​ចំនួន​០១ និង​កូនសោ​មួយ​ចំនួន​ទៀត បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្ម​ក្រសួងមហាផ្ទៃ ដើម្បី ចាត់ការ​តាម​និ​តី​វិធី ។

ទោះបីជា​យ៉ាងណា នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពុំ​បាន​ទម្លាយ​ព័ត៌មាន​លម្អិត​នោះ​ទេ ដោយ​ព្យាយាម​លាក់បាំង និង​ហាម​អ្នក​សារព័ត៌មាន​ថត​ផ្សាយ​ផង​ដែរ​។ បន្ទាប់​ពី​ចប់​ប្រតិបត្តិការ នៅ​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល គណៈកម្មការ​ចម្រុះ​ក៏​បាន​បិទ​សៀ​ល​នៅ​ទីតាំង​ខាងលើ ជា​បណ្តោះ​អាស​ន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ