រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១១ ដែលរៀបចំធ្វើឡើងតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា នៅពហុកីឡដ្ឋានជាតិរយៈពេល៤ថ្ងៃកន្លងមកនេះបានបញ្ចប់ហើយ ។ ការប្រកួតបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី៣០ ឧសភា ដែលមានក្លឹបចូលរួមចំនួន៥ សរុបកីឡាករ-កីឡាការិនីចំនួន៨១នាក់ ក្នុងនោះកីឡាករមាន៦០នាក់។ សម្រាប់ក្លឹបដែលចូលរួមមាន ក្លឹបមន្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប ក្លឹបយូដូ អូឡាំពិក ក្លឹបក្រសួងមហាផ្ទៃ ក្លឹបយូដូរាជសីហ៍ និងក្លឹបយូដូូនាគរាជ ។
រីឯលទ្ធផលចំណាត់ថ្នាក់វិញ កីឡាការិនី សី សម្បត្តិ បុស្បាប៉ាន់ ស្ថិតនៅក្នុងក្លឹបយូដូនាគរាជទទួលបានចំណាត់ថ្នាក់លេខ១ រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ បុស្បាប៉ាន់ មិនត្រឹមតែជាកីឡាការិនីឆ្នើមនៅក្នុងវិស័យកីឡាយូដូប៉ុណ្ណោះទេ ថែមទាំងជាសិល្បការិនីមួយរូបមានភាពល្បីល្បាញខាងផ្នែកចម្រៀងនិងការលេងឧបករណ៍ភ្លេងសម័យ និងបុរាណជាច្រើនបែបទៀតផង ។ បុស្បាប៉ាន់ បានធ្វើឱ្យបណ្តាប្រទេសជាច្រើននៅលើពិភពលោកមានការស្ងើចសរសើរចំពោះទេពកោសល្យដ៏ប៉ិនប្រសប់តាំងពីកំណើតមក ជាពិសេសការចូលរួមលើកស្ទួយវិស័យសិល្បៈ វប្បធម៌ បុរាណខ្មែរ ។
ចំណែកចំណាត់ថ្នាក់ប្រភេទទម្ងន់៤៨គីឡូក្រាម ផ្នែកនារី លេខ១ បានទៅលើកីឡាការិនី សម សុធា មកពីក្លឹបយូដូនាគរាជ និងប្រភេទទម្ងន់៤០គីឡូក្រាម បានទៅកីឡាការិនីស៊ុន ង៉ាម ក្លឹបមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ។
រីឯផ្នែកបុរស ប្រភេទទម្ងន់៤៥គីឡូក្រាម លេខ១ បានទៅលើកីឡាករចាន់ សុខុម ក្លឹបមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប ប្រភេទទម្ងន់៥០គីឡូក្រាម លេខ១ បានទៅលើកីឡាករស៊ន់ បញ្ញាវឌ្ឍន៍ ក្លឹបយូដូរាជសីហ៍ ប្រភេទទម្ងន់៥៥គីឡូក្រាម លេខ១ បានទៅលើកីឡាករសៅ ដារ៉ាវុធ ក្លឹបយូដូរាជសីហ៍ ។ ប្រភេទទម្ងន់៦០គីឡូក្រាម លេខ១ បានទៅលើកីឡាករ ជឹម កែវ ក្លឹបយូដូនាគរាជ ប្រភេទទម្ងន់៦៦គីឡូក្រាម លេខ១ បានទៅលើកីឡាករធូ សុខមាន ក្លឹបយូដូនាគរាជ ។ ប្រភេទទម្ងន់៧៣គីឡូក្រាម លេខ១ បានទៅលើកីឡាករសុខ ដារ៉ា ក្លឹបយូដូនាគរាជ និងប្រភេទទម្ងន់៨១គីឡូក្រាម លេខ១ បានទៅលើកីឡាករសុន វុទ្ធី ក្លឹបក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ