ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត ​គិ​ន ភា​៖ យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ពិតជា​ចាំបាច់​ ដើម្បី​បង្ការ​ទប់ស្កាត់​អគ្គិភ័យ​ តាម​រោងចក្រ​ និង​ឧស្សាហកម្ម​ទេសចរណ៍

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ…

រាជធានីភ្នំពេញ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ចំនួន​ ១៣ ​ចំណុច ឱ្យ​ក្រសួង​ការងារ​អនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ខណៈ​អនុសាសន៍​ណែនាំ​នានា របស់​សម្តេច​ធិ​បតី​នា​ពេល​កន្លង​មក ក្រសួង​ការងារ​អនុវត្ត​បាន​ដោយ​ជោគជ័យ​ ។

សម្រាប់​អនុសាសន៍​ណែនាំ​ចំណុច​ទី​១០ របស់​សម្តេច​ធិ​បតី ឱ្យ​ក្រសួង​ការងារ ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ស​ម្តៅ​ជំរុញ និង​លើកកម្ពស់​ការ​យល់​ដឹង​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​, អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន អំពី​វិធានការ​អប់រំ​, បង្ការ និង​ទប់ស្កាត់​អគ្គិភ័យ នៅ​តាម​បណ្តា​សហគ្រាស និង​គ្រឹះស្ថាន​ធុរកិច្ច ក្នុង​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​ទេសចរណ៍​ ។

ជុំវិញ​អនុសាសន៍​ណែនាំ​នេះ លោក​បណ្ឌិត​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​បញ្ជាក់​ថា លោក​ពិតជា​កោតសរសើរ​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី ព្រោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​នេះ ​អាច​កើតឡើង​ជាយថាហេតុ ដែល​ទាមទារ​ឱ្យ​មាន​វិធានការ ការ​អប់រំ និង​បង្ការ​ឱ្យ​បាន​ច្បាស់លាស់​ ។

លោក​បណ្ឌិត​គិ​ន ភា មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​អនុវត្ត​ឱ្យ​បាន​ជោគជ័យ ​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី ក្រសួង​ការងារ ចាំបាច់​ត្រូវ​មានការ​រៀបចំ​វិធានការ​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​អប់រំ ដើម្បី​ឱ្យ​មានការ​យល់​ដឹង​ពី​មូលហេតុ​ ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ ​។ ជាមួយ​គ្នា​នេះ ​ក៏​ត្រូវ​មានការ​អប់រំ​ផ្សព្វផ្សាយ ដល់ក​ម្មក​និយោជិត​បាន​យល់​ដឹង​ពី​ការ​សង្គ្រោះ​បឋម​នានា នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​ជាដើម ​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រសួង​ការងារ​ក៏​ត្រូវ​មាន​កិច្ចសហការ​ជាមួយ ​ម្ចាស់​រោងចក្រ​សហគ្រាស​ នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ដើម្បី​ឱ្យ​មានការ​រៀបចំ​ច្រកចេញ​សុវត្ថិភាព បំពង់​ពន្លត់​អគ្គិភ័យ រួម​នឹង​ការ​ហាត់​សម ពី​ការ​ជម្លៀស​ខ្លួន​ចេញពី​អគ្គិភ័យ​ជាដើម ​។

ទន្ទឹម​នឹង​នេះ ​ក្រសួង​ការងារ​ក៏​ត្រូវ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូច​ជា​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​នានា ដើម្បី​ជំរុញ​ការ​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បញ្ជៀ​សការ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កម្មករនិយោជិត និង​ម្ចាស់​រោងចក្រ​សហគ្រាស​នានា​ ៕ អត្ថបទសហការ