អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី បានមកដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ឧសភា ម្សិលមិញ ។ នេះបើយោងតាមលោកទូច ហួន មន្ត្រីទំនាក់ទំនងសាធារណៈនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី៣១ ឧសភា ២០១១ នេះ ។ លោកទូច ហួន បានបន្តថា នៅថ្ងៃចន្ទនោះលោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ពុំមានកម្មវិធីជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល ឬមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនោះទេ ប៉ុន្តែថ្ងៃបន្តបន្ទាប់មកទៀត គឺមានគម្រោងជួបមន្ត្រីជាច្រើន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលមានទីតាំងនៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វ៊ីស បានឱ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចរយៈពេល៥ថ្ងៃ របស់លោកស៊ូប៊ែឌី ដែលផ្តើមឡើងចាប់ពីថ្ងៃទី៣០ ឧសភា គឺលោកនឹងធ្វើការវាយតម្លៃ និងស្តាប់របាយការណ៍ស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធនានា លើបញ្ហាសិទ្ធិមនុស្សនាពេលបច្ចុប្បន្នរួមបញ្ចូលទាំងសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំនានា លើសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិមនុស្ស និងទំនាស់ដីធ្លី ។
ជាមួយគ្នានេះ លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នឹងបន្តតាមដានលើសេចក្តីព្រាងនានា ដែលលោកបានផ្តល់ដល់រដ្ឋាភិបាលនៅអំឡុងដំណើរការនៃការពិនិត្យឡើងវិញ ជាសាកល តាមការកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងលើការអនុវត្តអនុសាសន៍នានា ដែលលោកបានផ្តល់កាលពីឆ្នាំ២០១០ ស្តីពីការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្នុងពេលទស្សនកិច្ចនៅកម្ពុជានេះដែរ លោកស៊ូប៊ែឌី នឹងជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល សមាជិកសភា ក្រុមអង្គការសង្គមស៊ីវិល តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយ និងក្រុមអ្នកការទូតនានា ៕
ចែករំលែកព័តមាននេះ