ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រោមអនាម័យ គឺជា​កំផែង​ដ៏​រឹង​មាំ ដែល​អាច​ការពារ​មិន​ឱ្យ​មេរោគ​អេ​ដស៍ ឆ្លង​ចូល​ក្នុង​ខ្លួន

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អះអាង​ថា ស្រោមអនាម័យ គឺជា​កំផែង​ដ៏​រឹង​មាំ ដែល​អាច​ការពារ​មិន​ឱ្យ​មេរោគ​អេ​ដស៍ ឆ្លង​ចូល​ក្នុង​ខ្លួន​បាន ។…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អះអាង​ថា ស្រោមអនាម័យ គឺជា​កំផែង​ដ៏​រឹង​មាំ ដែល​អាច​ការពារ​មិន​ឱ្យ​មេរោគ​អេ​ដស៍ ឆ្លង​ចូល​ក្នុង​ខ្លួន​បាន ។

លើក​ឡើង​ក្នុង​ទិវា​ស្រោមអនាម័យ អន្តរជាតិ ឆ្នាំ​២០២៤ ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២៤​នេះ លោក​បណ្ឌិត ឈឹ​ម ឃិ​ន​ដា​រ៉េ​ត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ និង​ជំងឺអេដស៍ បាន​ថ្លែង​បញ្ជាក់​ថា ស្រោមអនាម័យ គឺជា​កំផែង​ដ៏​រឹង​មាំ ដែល​អាច​ការពារ​មិន​ឱ្យ​មេរោគ​អេ​ដស៍ ឆ្លង​ចូល​ក្នុង​ខ្លួន​បាន ។

ទិវា​ស្រោមអនាម័យ​អន្តរជាតិ ឆ្នាំ​២០២៤​នេះ បាន​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ខេត្តបាត់ដំបង ដោយ​មានការ​ចូលរួម​ពី​លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ទី​ន សា​រ៉ា​វុ​ធ អភិបាលរង​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​អេ​ដស៍​ខេត្តបាត់ដំបង លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ រួម​ទាំង​មាន​អ្នកចូលរួម​ប្រមាណ ៤០០​នាក់​ទៀត​ផង​ដែរ ។

លោក​បណ្ឌិត ឈឹ​ម ឃិ​ន​ដា​រ៉េ​ត បាន​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​តែងតែ​គិត​គួរ​ជា​ចម្បង​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ការ​អប់រំ នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ហើយ​រហូត​មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​ជា​អាទិភាព​ធំ​ជាងគេ​មួយទៀត ដែល​ស្ថិត​នៅ​ក្នុង​មុំ​ទី​មួយ គឺ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​យើង ២០៣០, ២០៥០ ។

លោក​បណ្ឌិត ឈឹ​ម ឃិ​ន​ដា​រ៉េ​ត ក៏​បាន​ចាត់​ទុក​ទិវា​មួយ​នេះ ដើម្បី​រម្លឹក​ដល់​អ្នក​ដែល​ប្រឈម​ជាមួយនឹង​មេរោគ​អេ​ដស៍ និង​សម្រាប់​បម្រើ​ឱ្យ​សុខភាព​សាធារណៈ​ទូទៅ ក៏​ដូច​ជា​ការពារ​ជំងឺឆ្លង និង​ជា​ទិវា​មួយ​ដែល​មាន​សារសំខាន់​បំផុត នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍ មេរោគ​អេ​ដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​សកលលោក​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ បានឱ្យ​ដឹង​ទៀត​ថា យោង​តាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ជាង​១ លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក​បាន​ឆ្លង​ជំងឺ​កាមរោគ​ជា​រៀងរាល់ថ្ងៃ ហើយ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ថ្មី​ចំនួន ១១៧​លាន​នាក់ ចាប់តាំងពី​ឆ្នាំ​១៩៩០ ដោយសារ​តែ​ស្រោមអនាម័យ​ដែល​អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ និង​មេរោគ​អេ​ដស៍​។ នេះ​ជា​មូលហេតុ​ដែល​ត្រូវ​រៀបចំ​ក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ និង​លើស​ពី​នេះ​ពិភពលោក​ត្រូវ​តែ​ចង​ចាំ​ថា ស្រោមអនាម័យ​មាន​សុវត្ថិភាព និង​សិច​ស៊ី និង​ចាំបាច់​ក្នុង​ការ​បញ្ចប់​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​។

លោក​វេជ្ជបណ្ឌិត បានឱ្យ​ដឹង​ទៀត​ថា ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០២៤​នេះ យើង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់​គ្នា​នៅ​ទូ​ទាំង​ពិភពលោក​ចង​ចាំ​ថា​ស្រោមអនាម័យ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​មេរោគ​អេ​ដស៍ ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ផ្សេង​ទៀត និង​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោងទុក​។

សូម​បញ្ជាក់​ដែរ​ថា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ គឺជា​អង្គការ​ពិភពលោក​ដ៏​ធំ​បំផុត​ដែល​បាន​និង​កំពុង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដោយ​មិន​គិត​ពី​លទ្ធភាព​នៃ​ការ​បង់ប្រាក់ ដល់​អតិថិជន​ជាង ១.៩​លាន​នាក់​ក្នុង ៤៦​ប្រទេស​ជុំវិញ​ពិភពលោក មាន​ដូច​ជា នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន កា​រា​បៀ​ន តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក និង​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ