រាជធានីភ្នំពេញ៖ ថវិកាប្រមាណជាង ៨ សែនដុល្លារអាមេរិក នឹងត្រូវបានផ្តល់ដោយរដ្ឋាភិបាលជប៉ុនដល់កម្ពុជាដើម្បី ជួយដល់វិស័យ ៣ នៅកម្ពុជា។
ថ្លែងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ ជប៉ុននឹងផ្តល់ថវិកា ៨២៨,៥៤៦ ដុល្លារអាមេរិក សម្រាប់ការបោសសម្អាតមីន ការសាងសង់អគារបឋមសិក្សា និងការកែលម្អប្រតិបត្តិការកសិកម្ម នៅកម្ពុជា ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា៖ «ខ្ញុំសូមណែនាំគម្រោងដែលយើងកំពុងចុះហត្ថលេខានាថ្ងៃនេះ រួមមាន គម្រោងទី១ ដែលអនុវត្តដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៥១៥,០៦០ ដុល្លារអាមេរិក (ប្រាំរយដប់ប្រាំពាន់ហុកសិបដុល្លារអាមេរិក) សម្រាប់ការពន្លឿន និងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញាសិប្បនិម្មិត (AI) ក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ យើងរំពឹងថាគម្រោងនេះ នឹង ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ២០,០០០ (ពីរម៉ឺន) នាក់ក្នុងខេត្តទាំងបី» ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា សម្រាប់គម្រោងទី២ ដែលអនុវត្តដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៨៨,៩០០ ដុល្លារអាមេរិក (ប៉ែតសិបប្រាំបីពាន់ប្រាំបួនរយដុល្លារអាមេរិក) សម្រាប់ការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ ដោយបំពាក់គ្រឿងសង្ហារឹមដែលចាំបាច់ នៅសាលាបឋមសិក្សាពីងពង់ ក្នុងខេត្តបាត់ដំបង។ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៦នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ ។
និងគម្រោងចុងក្រោយ ឯកឧត្តមថា នឹងអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី រដ្ឋាភិបាលជប៉ុន នៃថវិកាចំនួន ២២៤,៥៨៦ ដុល្លារអាមេរិក (ពីររយម្ភៃបួនពាន់ប្រាំរយប៉ែតសិបប្រាំមួយដុល្លារអាមេរិក) សម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជា តម្លើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្ម ចំនួន៤ ក្នុងខេត្តរតនគិរី។ ជាការរំពឹងទុកគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ២០០នាក់ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ ។
គួរបញ្ជាក់ផងដែរថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩១គម្រោង នៅទូទាំងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ