ក្រុមហ៊ុន ឆាយណា ណាស្បូណាល់ ហ្គោលគ្រុប» បង្ហើបឱ្យដឹងពីតម្រូវការមាសរបស់ចិនថា នឹងកើនឡើងជាង២២% ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខ្ពស់ជាងកម្លាំងផលិតនៅក្នុងប្រទេសដែលជាសញ្ញាបញ្ជាក់ឱ្យដឹងពីតម្រូវការនាំចូលបន្ថែម ។ ទីភ្នាក់ងាររ៉យទ័រ ដែលយោងលើបទសម្ភាសន៍របស់លោកស៊ុន ចៅស្វៀ ប្រធានក្រុមហ៊ុនឆាយណា ណាស្យូណាល់ ហ្គោលគ្រុបថា ការផលិតមាសរបស់ចិននឹងកើនឡើងក្នុងកម្រិត៤០០តោន ក្នុងឆ្នាំ២០១៤ ឬកើនលើសពីឆ្នាំ២០១០ ជិត១៩% ប៉ុន្តែក៏មានការព្យាករណ៍ថា តម្រូវការមាសនឹងកើនឡើងជិត២៥% ប្រហែល៧០០តោន ។
ស្របពេលជាមួយគ្នានេះ តាមទិន្នន័យរបស់អាជ្ញាធរបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ២០១០ ចិនផលិតមាសបាន៣៤០តោន ខណៈពេលអ្នកវិនិយោគក្នុងតំបន់ទិញមាស៥៧១,៥តោនក្នុងនោះមាន២៣១,៥តោន ជាការនាំចូលឬការលក់មាសដែលមាននៅក្នុងស្តុក ។
ទោះជាយ៉ាងណាក៏ដោយ គ្មានទិន្នន័យទាក់ទងនឹងការនាំចូលមាសទេ ព្រោះចិនមិនបានបង្ហើបឱ្យដឹងតួលេខទិញ-លក់មាសពិតប្រាកដនិងស្ទើរតែមិនបានបង្ហាញឱ្យឃើញពីមាសបម្រុងរបស់ប្រទេសទៀតផង ។ ចាប់តាំងពីចុងឆ្នាំកន្លងមក តម្រូវការមាសនិងប្រាក់ក្នុងប្រទេសចិនកើនខ្ពស់ ព្រោះទុនវិនិយោគលោហៈមានតម្លៃច្រើនជាងភាគហ៊ុនអចលនទ្រព្យ និងប្រាក់បញ្ញើ ។
ស្របពេលជាមួយគ្នានេះ ប្រទេសឥណ្ឌានៅតែជាអ្នកទិញមាសស្ថិតក្នុងលំដាប់ទី១នៅលើពិភពលោក ប៉ុន្តែចិនក៏មានតម្រូវការទិញកើនឡើងយ៉ាងឆាប់រហ័ស និងកំពុងប្រដេញគ្នាយ៉ាងប្រកិត ដោយសារជនជាតិចិនមានចំណូលខ្ពស់ ។ ក្រៅពីនេះ កាលពីខែមេសា កន្លងមក ទីផ្សារលក់មាសនៅទីក្រុងសៀងហៃ បានបើកសាកល្បងទិញ-លក់មាសនៅខាងក្រៅផ្សារ ដើម្បីជួយឱ្យអ្នកវិនិយោគទិញលក់មាសក្នុងចំនួនដ៏ច្រើនកាន់តែមានភាពងាយស្រួល ។
លោកស៊ុន បានបង្ហើបឱ្យដឹងទៀតថា ចិននឹងសហការជាមួយឧស្សាហកម្មអណ្តូងរ៉ែមាស ដោយធ្វើការកែទម្រង់បច្ចេកវិទ្យានិងជំរុញការជីករករ៉ែមាសក្នុងជម្រៅច្រើនជាង១ពាន់ម៉ែត្រ សម្រាប់បង្កើនកម្លាំងផលិតមាសក្នុងអំឡុងពេលប៉ុន្មានឆ្នាំបន្តពីពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ